រដ្ឋបាលខេត្តកំពង់ស្ពឺ កំពង់ចាម បាត់ដំបង និងសៀមរាប ប្រកាសនៅព្រឹកថ្ងៃទី២២ឧសភា ឆ្នាំ២០២១នេះ ពីការរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងខេត្តរៀងៗខ្លួន សរុប១៤៥នាក់។ អ្នកជំងឺកូវីដ-១៩ ទាំងនោះ មានអាយុចាប់៤៥ថ្ងៃ ដល់៧៥ឆ្នាំ។
ក្នុងចំណោមខេត្តទាំង៤ខាងលើ ដែលបានរកឃើញករណីឆ្លងកូវីដ-១៩នោះ កំពង់ចាម គឺមានចំនួនអ្នកច្រើនជាងគេរហូតដល់៨៤នាក់ ដោយមាន២៥នាក់ជាអ្នករស់នៅក្នុងស្រុកកំពង់សៀម, ១៦នាក់នៅស្រុកព្រៃឈរ, ២៩នាក់នៅស្រុកជើងព្រៃ, ៣នាក់នៅបាធាយ, ៤នាក់នៅចំការលើ, ១នាក់នៅស្ទឹងត្រង់, ១នាក់នៅកោះសូទិន និង៤នាក់នៅស្រុកកងមាស ខណៈអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត គឺជាអ្នកភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាក្សាន្ត ខេត្តព្រវិហារ។
ការរកឃើញអ្នកជំងឺទាំងនេះ បានធ្វើឱ្យខេត្តកំពង់ចាម កើនអ្នកជំងឺកូវីដ-១៩ រហូតដល់៣៥៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
សម្រាប់ជំងឺកូវីដ-១៩ ចំនួន៤៤នាក់ ដែលរដ្ឋខេត្តកំពង់ស្ពឺបានប្រកាសរកឃើញដែរនោះ គឺមាន៣០នាក់ នៅស្រុកសំរោងទង, ៧នាក់នៅស្រុកភ្នំស្រួច, ៥នាក់នៅស្រុកគងពិសី, ១នាក់នៅស្រុកឧដុង្គ, ១នាក់នៅបរសេដ្ឋ។
ចំពោះក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំនួន១៥នាក់ នៅខេត្តបាត់ដំបងវិញ មាន៧នាក់ ជាពលករមកពីប្រទេសថៃ និង៨នាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ទាំងនោះ មានអ្នកស្រុកថ្មគោល, ស្រុកមោងឫស្សី, ស្រុកកំរៀង, ស្រុកគាស់ក្រឡ និងអ្នករស់នៅក្នុងក្រុងបាត់ដំបង ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន២ទៀតនៅខេត្តសៀមរាប ដែលរកឃើញក្នុងថ្ងៃជាមួយខេត្តទាំងបីនេះ គឺមានម្នាក់រស់នៅក្នុងស្រុកប្រាសាទបាគង និងម្នាក់ទៀត នៅរស់នៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជាមួយគ្នានេះរដ្ឋបាលខេត្តនីមួយៗ បន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ រួសរាន់ទៅជួបគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺនេះ៕