កីឡាជាតិ
ជាតិ
FFC នឹង​ប្រជុំ​ដោះស្រាយ​ករណី​សង្ស័យ​រើសអើង​ជាតិ​សាសន៍​លើ​កីឡាករ Privat
24, May 2021 , 11:39 am        
រូបភាព
កីឡាករ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខន្ធ​រាជ​ស្វាយរៀង
កីឡាករ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខន្ធ​រាជ​ស្វាយរៀង
​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នឹង​កោះហៅ​កីឡាករ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភាគី​ក្លិប​វិសាខា ទៅ​ដោះស្រាយ​បញ្ហា​ជម្លោះ​ជុំវិញ​ការចោទប្រកាន់ មានការ​រើសអើង​ព័ណ៌​សម្បុរ នៅលើ​ទីលាន​នៃ​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន កាលពី​ថ្ងៃទី​២៣ ឧសភា​។​


 
​ក្រោយ​ជំនួប ជាមួយ​ក្លិប​វិសាខា​នោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​ម៉េ​រូ​ន Privat Mbarga បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា មាន​កីឡាករ​វិសាខា​ម្នាក់ បាន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ដោយមាន​ការរើសអើង​មកលើ​រូបគេ​។ Privat Mbarga បាន​សង្កត់ធ្ងន់ថា កីឡាករ​វិសាខា​ម្នាក់​នោះ បាន​ប្រើប្រាស់​ពាក្យ​រើសអើង​ព័ណ៌សម្បុរមកលើ​រូប​ខ្លួន ជាច្រើនលើក​ច្រើនសារ​ទៀតផង​។​
 
​ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូបនេះ បាន​សរសេរ​ជា​ភាសា​អង់គ្លេស ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ដូច្នេះ​ថា​៖«​អា​ខ្មៅ​ចង្រៃ (you’re a f*…k black guy)»​។​



  
​សម្រាប់ Privat Mbarga ការរើសអើង​ព័ណ៌​សម្បុរ​បែបនេះ ជា​រឿង​មួយ​ដែល​មិនអាច​ទទួលយក​បានឡើយ​។ «​ខ្ញុំ​ជឿជាក់ថា គួរតែមាន​ការដាក់ពិន័យ​(​លើ​កីឡាករ​វិសាខា​) ពីព្រោះ​វា​គ្មាន​កន្លែង​រើស​អើ​ស​នៅក្នុង​វិស័យ​បាល់ទាត់ ឬ​ក្នុង​ជីវិត​នោះទេ​។ ពួកយើង​គ្រប់គ្នា​សុទ្ធតែជា​មនុស្ស ដោយ​មិន​សំដៅ​តែ​លើ​ព័ណ៌​សម្បុរ​នៃ​ស្បែក​របស់​យើង​នោះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខ័នរាជ​ស្វាយរៀង​។​
 

​ជុំវិញ​ករណីនេះ​លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​និយាយថា ខាង​គណៈកម្មការ​លោក ក៏ដូចជា​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានទទួល​ព័ត៌មាន​នេះហើយ​។ បើតាម​លោក កុល​បុត្រា ភាគី​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​ករណី​ចោទប្រកាន់​មានការ​រើសអើង​នៅលើ​ទីលាន​បាល់ទាត់​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លេខាធិការ​ប្រតិបត្តិ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កិច្ចការងារ​(​ដោះស្រាយ​ករណី​ចោទប្រកាន់​រើសអើង​)​ហ្នឹង ឥឡូវ​កំពុងស្ថិត​នៅក្រោម​ការរៀប​ចំ​របស់​សហព័ន្ធ ព្រោះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​យើង គ្រាន់តែ​រៀបចំ​ការប្រកួត​ទេ ។​ដូច្នេះ​យើង​រង់​ចាំមើល​សហព័ន្ធ គាត់​ពិនិត្យ​ករណី​ហ្នឹង ហើយ​ការវិនិច្ឆ័យ និង​ការសម្រេចចិត្ត គឺ​ស្ថិតនៅលើ​សហព័ន្ធ​ទាំងអស់​»​។​
 
​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​រើសអើង​គ្នា​នេះ លោក កែវ សារ៉េត អគ្គលេខាធិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC ) បាន​បញ្ជាក់ថា FFC នឹង​កោះហៅ​កីឡាករ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខ័នរាជ​ស្វាយរៀង និង​ភាគី​ក្លិប​វិសាខា ទៅ​ដោះស្រាយ​បញ្ហា​នេះ នៅ​ថ្ងៃទី​២៥ ឧសភា​។ បើតាម​លោក កែវ សារ៉េត ការកោះហៅ​ប្រជុំ​នេះ ក៏​ទំនងជា​មិនទាន់មាន​ការដាក់ពិន័យ​អ្វី​ធ្ងន់ធ្ងរ​ដែរ ដោយ​គ្រាន់តែ​ណែនាំ​លើ​កីឡាករ​ដែល​ប្រព្រឹត្ត​ខុស ឱ្យ​ទទួលកំហុស​ខ្លួន ដើម្បីឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​វិញ ។​
 
«​ពួកយើង​កំពុងតែ​ចាត់ការ​ស្រាវជ្រាវ​លើ​រឿង​(​ចោទប្រកាន់​រើសអើង​)​ហ្នឹងហើយ ប្រហែលជា​ថ្ងៃស្អែក បាន​យើង​នឹង​ជួបប្រជុំគ្នា ជាមួយ​សាមីខ្លួន​ទាំងសងខាង​…​។ យើង​ព្យាយាម​សម្របសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​វិញ ព្រោះ​ពេលខ្លះ​ក្មេង​(​កីឡាករ​) វា​មិន​ចាប់អារម្មណ៍​ភាសា​វា​ថា វា​និយាយ​ខុស​អី​អ៊ីចឹង​ទៅណា​។ អ៊ីចឹង​ទី​១ យើង​មិនមែន​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​ភ្លាម​នោះទេ យើង​ត្រូវ​ហៅ​វា​មក​អប់រំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
 
​ក្នុង​វិស័យ​កីឡា​គ្រប់​ប្រភេទ គឺ​គ្មាន​ឡើយ​ការរើសអើង និង​ប្រកាន់ពូជសាសន៍ ព័ណ៌​សម្បុរ និង​មាក់ងាយ​គ្នា​នោះទេ សូម្បីតែ​និន្នាការ​នយោបាយ ក៏​មិន​ត្រូវមាន​ឡើយ​។ ត្រង់ចំណុច​នេះ​លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) ស្នើឱ្យ​កីឡាករ​ទាំងអស់ លេង​ដោយ​ភាពត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្លួន​ឱ្យបាន​ល្អ​៕

Tag:
 Privat Mbarga
  កីឡាបាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com