អន្តរជាតិ
ចិន ចង់ផ្ដល់វ៉ាក់សាំងបង្កាកូវីដ-១៩ ឱ្យតៃវ៉ាន់ តែតៃវ៉ាន់បដិសេធ
25, May 2021 , 10:49 am        
រូបភាព
ដោយ ជា ពេជ្រដាឡែន
ចិន នៅថ្ងៃទី២៤ ខែឧសភា និយាយថា ខ្លួនចង់ផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅឱ្យតៃវ៉ាន់ជាបន្ទាន់ ដើម្បីចូលរួមប្រយុទ្ធជំងឺរាលដាលនេះ។ ប៉ុន្តែកោះតៃវ៉ាន់បានបដិសេធ និងរិះគន់វិញថា ចិន ជាអ្នកធ្វើឱ្យរាំងស្ទះការទទួលបានវ៉ាក់សាំងរបស់ខ្លួន។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៤ ខែឧសភា ការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជំងឺកូវីដ-១៩ នៅកោះតៃវ៉ាន់ដែលមានករណីឆ្លងកាន់តែច្រើន។ ក្នុងសេចក្ដីថ្លែងការណ៍ដដែល ការិយាល័យនេះ អះអាងថា ខ្លួនបានស្នើផ្ដល់ជំនួយបន្ទាន់ម្ដងហើយម្ដងទៀត។
 
«ឥរិយាបថរបស់យើងច្បាស់លាស់ដដែល គឺយើងមានឆន្ទៈផ្ដល់វ៉ាក់សាំងផលិតនៅដីគោកដល់ពលរដ្ឋនៅតៃវ៉ាន់ឱ្យបានឆាប់តាមតែអាចធ្វើបាន។» នេះជាការបញ្ជាក់របស់ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ។ 
មិនត្រឹមតែផ្ដល់វ៉ាក់សាំងប៉ុណ្ណោះទេ ចិនក៏មានបំណងពិចារណាបញ្ជូនអ្នកជំនាញបង្ការជំងឺឆ្លងទៅកាន់ កោះតៃវ៉ាន់ដើម្បីចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិងសុខភាពរបស់តៃវ៉ាន់ផងដែរ។ 
 
ជាការឆ្លើយតប ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បាននិយាយថា ចិនមិនបានប្រើប្រាស់បណ្តាញទំនាក់ទំនងដែលមានស្រាប់ដើម្បីផ្តល់ព័ត៌មានអំពីវ៉ាក់សាំងរបស់ខ្លួននោះទេ ហើយថា ទីក្រុងប៉េកាំង ជាអ្នកនៅពីក្រោយការរារាំងតៃវ៉ាន់ក្នុងការទទួលបានវ៉ាក់សាំងបន្ថែមទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
កន្លងទៅ តៃវ៉ាន់ ក៏ធ្លាប់អះអាងថា ខ្លួនមិនទុកចិត្តវ៉ាក់សាំងចិនទេ ហើយនឹងនៅតែបន្តស្វែងរកផ្លូវចូល រួមកិច្ចប្រជុំអង្គការសុខភាពពិភពលោក (WHO) ឱ្យបាន ដើម្បីទទួលបានវ៉ាក់សាំង។
 
ទំនាក់ទំនងចិន និងតៃវ៉ាន់កាន់តែយ៉ាប់យ៉ឺនអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដោយតៃវ៉ាន់ចោទថា ចិន ផ្សព្វផ្សាយព័ត៌មានមិនពិត និងរារាំងការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំ WHO រីឯចិនបរិហារថា តៃវ៉ាន់ ប្រើប្រាស់ការរីករាលដាលជំងឺមកធ្វើជាឈ្នាន់សម្រាប់ទាញយកផល ប្រយោជន៍នយោបាយ។
បច្ចុប្បន្ន តៃវ៉ាន់ កំពុងតែប្រឈមមុខការកើនឡើងនៃការឆ្លងជំងឺ ហើយកង្វះខាត់វ៉ាក់សាំងផង។ តៃវ៉ាន់មានវ៉ាក់សាំងប្រមាណ៧០០,០០០ដូសតែប៉ុណ្ណោះ រីឯប្រជាជនតៃវ៉ាន់មានរហូតដល់ជាង ២៣លាននាក់៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com