ជាតិ
សុខភាព
ផែនការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា សម្រេចបាន២៣ភាគរយហើយ
26, May 2021 , 10:19 am        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។  រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យពលរដ្ឋបានចំនួន ២,៣០៦,៨២២នាក់ហើយ។ ចំនួននេះ ស្មើនឹងអត្រាប្រមាណ២៣ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១,៧លាននាក់ ចាក់នូវដូសទី២រួចហើយ។

 
របាយការណ៍ពីក្រសួងសុខាភិបាលនាថ្ងៃទី២៥ឧសភា បានបង្ហាញថា ពលរដ្ឋទូទាំងប្រទេសជាង២,៣លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋ១,៣៥២,៥១១នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac, ពលរដ្ឋ៧៩៧,៦៦៥នាក់ បានចាក់វ៉ាក់សាំងរបស់Sinopharm និង១៥៧,៦៤៦នាក់ទៀត បានចាក់វ៉ាក់សាំងCovishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។
 
ដោយឡែក ក្នុងចំណោមមនុស្សជាង២,៣លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមាន៧៨៦,០២០នាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃភូមិសាស្រ្តរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ពលរដ្ឋទាំងនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ 
 
ក្រៅពីខណ្ឌនៅក្នុងតំបន់ក្រហមខាងលើ មន្តី្រជំនាញរបស់ក្រសួងសុខាភិបាលក៏កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យពលរដ្ឋក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ផងដែរ។ ការចាក់វ៉ាក់សាំងក្នុងខណ្ឌទាំង៣នេះ ចាប់ផ្តើមសម្រាប់ដូសទី១ នៅថ្ងៃទី២៥ឧសភា រហូតដល់ ថ្ងៃទី៧មិថុនា។ សម្រាប់ការចាក់ដូសលើកទី២ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៣មិថុនា រហូតដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០២១។ ពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាៗ ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។
 
គិតត្រឹមថ្ងៃទី២៥ឧសភានេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៤លានដូស៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com