ជាតិ
សុខភាព
ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា កើនដល់ជាង២,៣៦លាននាក់ហើយ
27, May 2021 , 7:29 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។  រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋ ២,៣៦២,១០១នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩។ ចំនួននេះ ស្មើនឹងអត្រា ២៣,៦២ភាគរយ នៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,៧លាននាក់ ចាក់នូវដូសទី២រួចហើយ។

 
របាយការណ៍ពីក្រសួងសុខាភិបាល នាថ្ងៃទី២៦ឧសភា បានបង្ហាញថា ពលរដ្ឋទូទាំងប្រទេសជាង ២,៣៦ លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋ ១,៣៩៣,៨៧០នាក់ បានចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Sinovac, ពលរដ្ឋ ៨១១,៥៨១នាក់ បានចាក់វ៉ាក់សាំងរបស់ Sinopharm និង ១៥៧,៦៥០នាក់ទៀត បានចាក់វ៉ាក់សាំង Covishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។
 
ដោយឡែក ក្នុងចំណោមមនុស្សជាង ២,៣៦លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមាន ៨០៩,៥៧៩នាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃភូមិសាស្រ្តរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ពលរដ្ឋទាំងនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១មក។ 
 
គិតត្រឹមថ្ងៃទី២៦ឧសភានេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៤លានដូស៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com