ជាតិ
សេដ្ឋកិច្ច
វេទិកាថ្នាក់ដឹកនាំធនាគារ៖ វិស័យធនាគារនៅតែមានស្ថិរភាព ខណៈសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់
27, May 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ដ្បិតវិស័យធនាគារនៅតែមានស្ថិរភាព ប៉ុន្តែសេដ្ឋកិច្ចជាតិ មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នោះក៏ដោយសារតែការអូសបន្លាយនៃវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់លទ្ធភាព ក្នុងការស្តារសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ២០២១។ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លើកឡើងបែបនេះ នៅក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum)លើកទី១សម្រាប់ឆ្នាំ២០២១ ។

 
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ប្រចាំកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយសម្រាប់ឆ្នាំ២០២១ និងបន្តកើនដល់៦ភាគរយ ឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយនៅឆ្នាំមុន។ 
 
លោក Yasuhisa Ojima អ្នកតំណាងIMFប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF បានបញ្ជាក់ថា ការព្យាករអំពីកំណើនសេដ្ឋកិច្ចនេះ នឹងត្រូវពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង នៃការរាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 
 
លោកOjima មើលឃើញថា  វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។ 
 
សេដ្ឋវិទូជាន់ខ្ពស់របស់IMFរូបនេះ បន្តមានប្រសាសន៍ដូច្នេះ៖« ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច។ ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុន នឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត»។
 
សមាគមធនាគារនៅកម្ពុជាបានរៀបចំវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum)លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី«ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន» កាលពីថ្ងៃទី២៥ឧសភា។  កម្មវិធីដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ (Zoom) នេះ មានអ្នកចូលរួមប្រមាណ ៧០នាក់ មកពីស្ថាប័នហិរញ្ញវត្ថុ ជាតិនិងអន្តរជាតិ។ 
 
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះ គឺចំពេលបំផុតនៃវិបត្តិសេដ្ឋកិច្ច ស្របពេលធនាគារជាតិនៃកម្ពុជា ជួយផ្ដល់យន្តការរៀបចំឥណទានឡើងវិញ នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ រហូតដល់ចុងឆ្នាំ២០២១។
 
«ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចីហើយប្រហែល ១២ភាគរយនៃឥណទានទាំងអស់ត្រូវបានស្នើសុំរៀបចំឡើងវិញ។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច គឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា»។ នេះបើតាមលោក អ៊ិន ចាន់នី ដែលបានបន្ថែមថា ការយល់ដឹងនិងការព្យាករណ៍របស់IMF ពិតជា ជួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងការរៀបចំនិងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែង។
 
បើតាមលោក ឆេង គីមឡុង  អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី  ភាពអូសបន្លាយនៃព្រឹត្តិការណ៍២០កុម្ភៈនេះ ធ្វើឱ្យកម្ពុជាលទ្ធភាពស្តារសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២១ពីកំណើនក្នុងរង្វង់៤ភាគរយ មកនៅត្រឹម៣ភាគរយ ឬក្រោមនេះ។ 
 
លោក គីមឡុង បានបញ្ជាក់ថា ផលប៉ះពាល់នៃការស្តារឡើងវិញសេដ្ឋកិច្ចជាតិនេះគឺបណ្តាលមកពីការអាកខានខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចនានានាំឱ្យបាត់បង់ប្រភពចំណូល ដោយសារតែការភ័យខ្លាចរបស់ប្រជាជនក្នុងការឆ្លងជំងឺកូវីដ-១៩ និងគោលការណ៍នៃការរឹតបន្តឹងរបស់រដ្ឋាភិបាល តាមរយៈការបិទសាលារៀន បិទក្លឹបរង្គសាល បិទសារមន្ទីរ រោងភាពយន្ត និងមណ្ឌលកំសាន្តផ្សេងៗទៀត...៕ 
 
 

Tag:
 ធនគារ
© រក្សាសិទ្ធិដោយ thmeythmey.com