កីឡាអន្តរជាតិ
អន្តរជាតិ
វិបត្តិកូវីដ-១៩ ធ្វើឱ្យក្លិបធំៗនៅអឺរ៉ុបធ្លាក់តម្លៃជាង ៧ពាន់លានដុល្លារ
28, May 2021 , 8:59 am        
រូបភាព
ក្លិបកីឡាបាល់ទាត់កំពូលៗទាំង៣២នៅអឺរ៉ុប បានធ្លាក់តម្លៃរហូតដល់ ៦,១ ពាន់លានអឺរ៉ូ (៧,៤១ ពាន់លានដដុល្លារអាមេរិក) ដោយសារតែវិបត្តិជំងឺកូវីដ-១៩ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មក។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនសវនកម្ម KPMG ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ Real Madrid នៅតែរក្សាតំណែងក្លិបថ្ងៃជាងគេ តាមពីក្រោយដោយ Barcelona និង Manchester United។


នេះជាការធ្លាក់ថ្លៃក្នុងចំនួនដ៏ច្រើនសន្ធឹកជាលើកដំបូង ក្រោយក្លិបទាំង៣២ បានកើនឡើងតម្លៃក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចន្លោះឆ្នាំ២០១៥ ដល់២០១៩។ ការធ្លាក់ចុះនេះ បណ្តាលមកពីការបាត់បង់ចំណូលលើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ រួមជាមួយចំណូលពីការប្រកួត ដែលកើតឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩។
 
តាមការសិក្សារបស់ KPMG បើទោះប្រឈមនឹងវិបត្តិកូវីដ-១៩ ចំណោមក្លិបខាងលើក្លិបយក្សអេស្ប៉ាញ Real Madrid ឈរលើកំពូលតារាងជាក្លិបថ្លៃជាងគេ ដោយគិតតាមប្រាក់ចំណេញពីសិទ្ធិផ្សាយ ប្រជាប្រិយភាពក្រុម សក្តានុពលកីឡា និងតម្លៃកីឡដ្ឋាន។
 
Barcelona បានយកឈ្នះ Manchester United ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២វិញ។ បិសាចក្រហមដែលធ្លាក់ទៅលេខ៣ ដោយសារពួកគេថយតម្លៃក្លិបដល់ទៅ ២០ភាគរយ បើធៀបនឹងឆ្នាំ ២០២០ មុនពេលក្លិបយកអង់គ្លេសមួយនេះឈរនៅចំណាត់ថ្នាក់លេខ១ពីរឆ្នាំជាប់គ្នានៅឆ្នាំ ២០១៧ និង ២០១៨។
 
Bayern Munich នៅចំណាត់ថ្នាក់ទី៤ តាមពីក្រោយដោយ Liverpool, Manchester City, Chelsea, PSG, Tottenham Hotspur និង Juventus ដែលស្ថិតក្នុងចំណោមក្លិបថ្លៃទាំង១០។ Arsenal បានធ្លាក់ទៅលេខ១១ ខណៈ West Ham, Marseille, Atalanta និង Fenerbahce ស្ថិតក្នុងចំណាត់ថ្នាក់បន្តបន្ទាប់។
 
នៅ Premier League មានក្លិបច្រើនជាងចំនួន៨ នៅ Serie A មាន៧ ឯនៅ La Liga មាន៦ក្លិប ដែលរងការធ្លាក់ថ្លៃដោយសារកូវីដ-១៩៕
 

Tag:
 KPMG
© រក្សាសិទ្ធិដោយ thmeythmey.com