អន្តរជាតិ
លោក អាសាដ ឈ្នះការបោះឆ្នោតប្រធានាធិបតីស៊ីរីអាណត្តិទី៤ ខណៈសង្រ្គាមស៊ីវិលមិនទាន់ចប់
28, May 2021 , 10:24 am        
រូបភាព
លោក បាសា អាល់-អាសាដ នឹងបន្តដឹកនាំស៊ីរីមួយអាណត្តិទៀត បន្ទាប់ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៧ ខែឧសភា។ លោក អាសាដ ដែលក្រាញមិនចុះចេញពីតំណែងទោះមានការតវ៉ារហូតក្លាយជាសង្រ្គាមស៊ីវិលនោះ នឹងបន្តធ្វើជាតួអង្គសំខាន់ក្នុងដំណើការស្វែងរកសន្តិភាពក្នុងប្រទេស។ ក្រុមប្រទេសលោកខាងលិចចោទការបោះឆ្នោតនេះថាមិនសេរី ឬយុត្តិធម៌ឡើយ។

 
ដូចការរំពឹងទុក លោក បាសា អាល់-អាសាដ ទទួលជ័យជម្នះងាយៗដើម្បីបន្តដឹកនាំស៊ីរីនៅអាណត្តិទីបួន ដោយផ្ដួលគូប្រជែងដែលមិនសូវមានគេឯងស្គាល់។ លទ្ធផលផ្លូវការដែលប្រកាសដោយប្រធានសភាស៊ីរីបង្ហាញថា លោក អាសាដ ទទួលបានសំឡេងគាំទ្រដល់ទៅ៩៥,១ភាគរយក្នុងចំណោមសន្លឹកឆ្នោតដែលបានរាប់។ 
 
មុនការបោះឆ្នោតបន្តិច ប្រទេសលោកខាងលិចមានអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលីជាដើម បានរិះគន់ការបោះឆ្នោតនេះ និងអះអាងថា រៀបចំឡើងដោយគ្មានយុត្តិធម៌ និងសេរីអ្វីឡើយ។ ចំណែកក្រុមប្រឆាំងស៊ីរីហៅការបោះឆ្នោតនេះជារឿងកំប្លែងប៉ុណ្ណោះ។
 
ការបោះឆ្នោតធ្វើឡើងនៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោក អាសាដ ប៉ុណ្ណោះ ដែលមានទំហំពីរភាគបីនៃទឹកដីស៊ីរីទាំងមូល។ ក្នុងការរាយការណ៍របស់ទូរទស្សន៍រដ្ឋស៊ីរី ប្រជាជនជាច្រើនឈរតម្រង់ជួរនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ខណៈដែលការរាប់សន្លឹកឆ្នោតបញ្ចប់នោះ អ្នកគាំទ្រលោក អាសាដ រាប់ពាន់នាក់ ក៏ចេញមកអបអរតាមដងផ្លូវក្នុងទីក្រុងធំចំពោះជ័យជម្នះរបស់ប្រធានាធិបតីរូបនេះ។  
 
ជ័យជម្នះ នឹងពង្រឹងអំណាចរបស់លោក អាសាដ កាន់តែខ្លាំងថែមទៀតបន្ថែមពីលើអំណោយផលក្នុងការប្រយុទ្ធទល់សកម្មជនប្រឆាំងរាប់សិបឆ្នាំមកនេះ។ វិបត្តិស៊ីរីដែលផ្ទុះឡើងនៅឆ្នាំ២០១១ មានគោលដៅបណ្ដេញលោក អាសាដ ពីអំណាច ប៉ុន្តែមួយទសវត្សរ៍មកនេះ លោក អាសាដ នៅតែអាចឈរជើងរឹងមាំដដែល ក្រោមជំនួយយោធារបស់រុស្ស៊ី។
 
 
 
 

Tag:
 ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com