កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ ក្រុម​កីឡា​បាល់​ទាត់ U23 កម្ពុជា បាន​ហាល​អាវ​ហើយ
12, Dec 2013 , 11:05 pm        
រូបភាព
លោក Lee Tae Hoon សម្តែងការខកចិត្តក្រោយ​បរាជ័យ។ រូបថត ហ្វេសប៊ុក Bong Chhaom
លោក Lee Tae Hoon សម្តែងការខកចិត្តក្រោយ​បរាជ័យ។ រូបថត ហ្វេសប៊ុក Bong Chhaom
ដោយ:
គិត​ទាំង​ចាញ់​ទីម័រខាង​កើត ៣-២ ​នាល្ងាច​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​១២ ខែ​ធ្នូ  ក្រុម​ U23 កម្ពុជា បាន​ក្លាយ​ជា​ក្រុម​​ទីមួយ​ដែល​ខក​ឱកាស​ក្នុង​ការ​បោះជំហាន​ទៅ​មុខ​ទៀត​សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៧ នេះ ដូច្នេះ​ការ​ប្រកួត​ជាមួយ​ថៃនា​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយគ្រាន់តែ​ជា​ការ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។

 

សម្រាប់​ជំនួបនៅ​លើ​ទីលាន Thuwunna Stadium ទីក្រុង​យ៉ាំងហ្គោន ជាមួយ​ទីម័រ​ខាងកើត ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន សុះ ស៊ូហា​ណា ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ដែល​រក​គ្រាប់​ឲ្យ​​ក្រុម​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៣ នេះ​​ នៅ​នាទី ទី២៣ ប៉ុន្ដែ៥នាទី​ក្រោយ​មក ទីម័រ​បាន​វាយ​បក​តាម​ស្មើវិញ។  

លទ្ធ​ផលនាំមុខ ២-១ របស់ទីម័រ​ខាងកើ​ត បាន​កើត​ឡើង​នៅ​ក្នុងនាទី ទី​៤២ ខណៈចូល​ដល់​តង់​ទី២ នៅ​នាទី ៧១ ខ្សែ​បម្រើ​ស្វាយ​រៀង ​ប្រាក់ មុ​ន្នីឧត្តម រក​គ្រាប់​បាល់​តាម​បាន​ស្មើ។ ទោះបី​ជាយ៉ា​ងណា​ក៏​ដោយ កម្ពុជា​នៅ​តែមិនអាច​រក​បាន​ពិន្ទុណា​មួ​យឡើយ ពីព្រោះ​បីនាទី​ចុងក្រោយមុន​បញ្ចប់​ការ​ប្រកួត ទីម័រ​បាន​បន្ថែម​មួយ​គ្រាប់ទៀត ដែលនាំឲ្យពួក​គេ​ទទួល​បាន​បីពិន្ទុជាមួយ​នឹង​ជ័យ​ជម្នះ ៣-២ ។  

ចំណែក​លទ្ធ​ផល​នៃ​ការ​ប្រកួត​ក្នុង​ពូល B ដូច​គ្នា ក្រុម​ថៃ បាន​យក​ឈ្នះ​ ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ៤-១។ បច្ចុប្បន្ន ​ក្នុង​ពូល B បណ្ដោះ​​អាសន្ន ថៃ និង មីយ៉ាន់ម៉ា ឈរ​កំពូល​តារាង មាន ៦ ពិន្ទុ​ដូចគ្នា ចំណែក​ឥណ្ឌូ​ណេ​ស៊ី និង ទីម័រខាងកើត ឈរ​លេខ​រៀង​បន្តបន្ទាប់ មាន ៣ ពិន្ទុ​ស្មើ ស្រប​ពេល​កម្ពុជា នៅ​បាត​តារា​ង គ្មាន​ពិន្ទុ​ក្នុង​ដៃ។  

ប្រកួត​បន្ទាប់​ ទីម័រ ប៉ះ​ ឥណ្ឌូ​ណេស៊ី និង ថៃ​ ប៉ះ ម្ចាស់​ផ្ទះ​មីយ៉ា​ន់ម៉ា នៅ​ថ្ងៃ​ទី ១៤ ធ្នូ។ ចំណែក​នៅ​ថ្ងៃ​ទី ១៦ ធ្នូ ឥណ្ឌូណេ​ស៊ី ប្រកួត​ជាមួយ​មីយ៉ា​ន់ម៉ា និង កម្ពុជា ប្រកួត​ចុង​ក្រោយ​ជាមួយ​ U23 ថៃ៕      

© រក្សាសិទ្ធិដោយ thmeythmey.com