កីឡាអន្តរជាតិ
អន្តរជាតិ
Rudiger សោកស្តាយ ក្រោយធ្វើឱ្យ De Bruyne របួសដែលអាចប៉ះពាល់ដល់បែលហ្ស៊ិកនៅ Euro
31, May 2021 , 11:18 am        
រូបភាព
Kevin de Bruyne ខ្សែបម្រើ Manchester City រងរបួសបាក់ច្រមុះ និងប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរនាជំនួបផ្តាច់ព្រ័ត្រ Champions League ទល់នឹង Chelsea។ របួសដែលធ្វើឱ្យ De Bruyne អាចប្រឈមអវត្តិមានឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិកនៅ Euro 2020 នាំឱ្យ Antonio Rudiger ដែលជាអ្នកបង្ក មានការភ្ញាក់ផ្អើលនិងសោកស្តាយ។


De Bruyne ត្រូវបានប្តូរជំនួសដោយ Gabriel Jesus នៅនាទីទី៦០ បន្ទាប់ពីខ្សែប្រើឆ្នើម វ័យ២៩ឆ្នាំ ប៉ះទង្គិចជាមួយ Antonio Rudiger ខ្សែការពាររបស់ Chelsea។
ចំពោះស្ថានភាពរបួសធ្ងន់ធ្ងរត្រង់ច្រមុះ និងភ្នែករបស់ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក ខ្សែការពារ Rudiger មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងដំណឹងនេះក្រោយចប់ការប្រកួតដែលក្រុមខ្លួនតោខៀវជាក្រុមជើងឯកក្រោយឈ្នះមេឃខៀវ ១-០ នាជំនួបផ្តាច់ព្រ័ត្រ នៅក្រុង Porto។
 
Rudiger បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការដ៏អាក្រក់អំឡុងពេលប្រកួត រហូតបង្ខំឱ្យ De Bruyne របស់ក្រុមគូប្រជែង Man City ត្រូវប្តូរចេញភ្លាមៗនោះ។ ខ្សែការពារកណ្តាលអន្តរជាតិអាល្លឺម៉ង់រូបនេះអះអាថា ខ្លួនបានទាក់ទង និងសួរសុខទុក្ខជានិច្ច De Bruyne ចាប់តាំងពីចប់ការប្រកួតរហូតមក។
 
«ខ្ញុំពិតជាសុំទោសចំពោះការរងរបួសរបស់ @DeBruyneKev។ ជាការពិតណាស់នេះមិនមែនជាចេតនារបស់ខ្ញុំទេ។ ខ្ញុំតែងតែទាក់ទងទៅគាត់ដោយផ្ទាល់ជានិច្ច។ ខ្ញុំជូនពរឱ្យគាត់ឆាប់ជាសះស្បើយ ហើយសង្ឃឹមថាយើងនឹងបានឃើញគាត់ត្រឡប់មកវិញនៅលើទីលានឆាប់ៗនេះ»។ Rudiger បានសរសេរនៅលើបណ្តាញសង្គម Twitter ផ្ទាលរបស់ខ្លួនដូច្នេះ។
 
ដោយសាររបួសនេះ De Bruyne ត្រូវបានឃ្លាំមើលពីក្រុមជម្រើសជាតិ ដើម្បីប្រាកដថារូបគេអាចធ្វើដំណើរជាមួយបែលហ្ស៊ិកទៅកាន់ព្រឹត្តិការណ៍ Euro ២០២០ ឬក៏អត់ ខណៈការប្រកួតនឹងចាប់ផ្តើមពីខែក្រោយ ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តទៅ។
 
យ៉ាងណាក៏ដោយ តាមរយៈបណ្តាញសង្គម De Bruyne បានអះអាងថាខ្លួនបានធូរស្រាលបន្តិចហើយ បើទោះមានការខកចិត្តខ្លាំងដែលមិនអាចជួយក្រុមឈ្នះជើងឯកក្របខណ្ឌអឺរ៉ុបបាន។ បែលហ្ស៊ិក ត្រូវប៉ះរុស្ស៊ីនៅជំនួនបើកឆាកពូល B នៅថ្ងៃទី១២ ខែមិថុនា៕
 

Tag:
 Kevin de Bruyne
  Antonio Rudiger
© រក្សាសិទ្ធិដោយ thmeythmey.com