កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែបម្រើក្រូអាស៊ី Kovacic ឈ្នះ Champions League ៤ដង ទោះលេងបាន១០នាទី
31, May 2021 , 3:09 pm        
រូបភាព
Matteo Kovacic ដែលបានប្តូរចូលលេងឱ្យ Chelsea បានត្រឹម១០នាទី ទទួលបានមេដាយមាស Champions League ជាលើកទី៤ បន្ទាប់ពីតោខៀវយកឈ្នះ Manchester City ក្លាយជាជើងឯកក្របខណ្ឌអឺរ៉ុបរដូវកាល ២០២០-២១។ Kovacic ធ្លាប់ឈ្នះពាននេះជាមួយ Real Madrid ដោយមិនបានលេងសូម្បី១នាទី។


 
Kovacic ខ្សែបម្រើសញ្ជាតិក្រូអាស៊ី បានប្តូរចូលជំនួស Mason Mount នៅនាទី៨០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែល Chelsea ឈ្នះ Man City ១-០។ ជ័យជម្នះនេះ បានជួយក្រុមដែលមានលោក Thomas Tuchel ជាអ្នកចាត់ការ លើកពានអឺរ៉ុបជាលើកទី២ ជាប្រវត្តិសាស្ត្រក្លិប។
 
លោក Tuchel ក៏បានជួយតោខៀវ ផ្តួលមេឃខៀវដើម្បីលើកពាន FA Cup ផងដែរ មុនការប្រកួតក្របខណ្ឌអឺរ៉ុបនេះ។


 
ស្របពេល Chelsea ក្លាយជាជើងឯកអឺរ៉ុបលើកទី២ វាក៏ជាពេលដែលកីឡាកររបស់ខ្លួន Kovacic ឈ្នះជាលើកទី៤ក្នុងអាជីពជាកីឡាករបាល់ទាត់ផងដែរ។ ៣លើកដំបូង ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះទទួលបានកាលរូបគេលេងជាមួយ Real Madrid អំឡុងពេលក្លិបយក្សអេស្ប៉ាញមួយនេះគ្រងជើងឯក Champions League ៣រដូវកាលជាប់ៗគ្នា នៅឆ្នាំ២០១៦, ២០១៧ និង ២០១៨ ។
 
អ្វីដែលគួរចាប់អារម្មណ៍ Kovacic ត្រូវបានគេជឿងជាក់ថាជាតារាសំណាងសម្រាប់ក្រុមបើទោះរូបគេអង្គុយនៅកៅអីប្រុងក៏ដោយ។ អតីតសមាជិកក្រុម Inter Milan រូបនេះមិនបានចូលលេងឱ្យ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបទាំង៣លើក នៅពេលក្រុមប៉ះ Juventus, Liverpool និង Atletico Madrid។ ហើយសម្រាប់ក្រុម Chelsea រូបគេលេងបានត្រឹម១០នាទីប៉ុណ្ណោះ ក៏អាចឈ្នះពានដែរ៕
 

Tag:
 Matteo Kovacic
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com