ជាតិ
អ្នកជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ស្លាប់ដោយសារកូវីដ-១៩
01, Jun 2021 , 10:35 am        
រូបភាព
រូបពីក្រសួងយុត្តិធម៌
រូបពីក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺអះអាងថា មានស្រី្តជាប់ឃុំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី៣១ ឧសភា ខណៈអ្នកជាប់ឃុំផ្សេងទៀត កំពុងឆ្លងនិងសម្រាកព្យាបាលកូវីដ-១៩ដែរ។ យ៉ាងណាក៏ដោយ លោកថា អាជ្ញាធរអាចគ្រប់គ្រងស្ថានការក្នុងពន្ធនាគារបាន។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១មិថុនានេះ លោក វ៉ី សំណាង ថា ស្រី្តដែលស្លាប់ដោយសារកូវីដ-១៩ មានអាយុ៦៦ឆ្នាំ ហើយមានជំងឺប្រចាំការផ្សេងទៀត ទើបបណ្ដាលឲ្យជំងឺនេះ ឆាប់វាយលុករហូតដល់បាត់បង់ជីវិត។ «ដោយសារគាត់មានជំងឺផ្សេងៗច្រើន ដល់ពេលកូវីដ-១៩ចូលទៅ វាបូកគ្នាច្រើន អាចនិយាយបានថា (ស្លាប់)ដោយសារកូវីដ-១៩វាយលុក»។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្ត ដោយអះអាងថា អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន។ 
 
បើតាមលោក វ៉ី សំណាង អ្នកជាប់ឃុំក្នុងពន្ធនាគារផ្សេងទៀត ដែលឆ្លងកូវីដ-១៩ ត្រូវបានក្រុមការងារ ចាត់ចែងព្យាបាលហើយ។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីតួលេខអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺឡើយ។
 
កន្លងមក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការផ្ទៃក្នុង ចំនួន១៤ចំណុចបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះ។ បើតាមអ្នកនាំពាក្យអគ្គនាយកពន្ធនាគារលោក នុត សវនា វិធានការសំខាន់ៗទាំង១៤ចំណុចនោះ គឺតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩ លើអ្នកត្រូវជាប់ឃុំថ្មី និងបន្ថែមចំនួនចត្តាឡីស័ក ដល់២០ថ្ងៃ។
 
សូមជម្រាបថា ការឆ្លងកូវីដ-១៩ ចូលពន្ធនាគារនៅតាមបណ្ដាខេត្ត រាជធានី គឺមានចំនួនកើនឡើងជាបន្តបន្ទាប់ ដោយចាប់ផ្ដើមឆ្លងចូលពន្ធនាគារខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងពន្ធនាគារខេត្តកំពង់ស្ពឺ៕ 
 
 
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com