ជាតិ
អនុរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោកស្រី Wendy Sherman បានមកដល់រាជធានីភ្នំពេញ
01, Jun 2021 , 3:19 pm        
រូបភាព
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានទទួលលោកស្រី Wendy Sherman នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ទូតអាមេរិក
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានទទួលលោកស្រី Wendy Sherman នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ទូតអាមេរិក
ដោយ: រួបរួម
លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមករាជធានីភ្នំពេញ ហើយនារសៀលថ្ងៃទី១ ខែមិថុនា នេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីក្នុងចំណោម៥ប្រទេស។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានទទួលលោកស្រីដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។



ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃនេះ មន្ត្រីជាន់ខ្ពស់លំដាប់ទីពីរនៃក្រសួងការបរទេសអាមេរិក នឹងជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ។

លោកស្រី Wendy R. Sherman ធ្វើទស្សនកិច្ចនៅបែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា។ ទីក្រុងព្រុចសែល ជាគោលដៅដំបូងរបស់លោកស្រី Sherman មុនបន្តដំណើរទៅទីក្រុងអង់ការ៉ា រួចមកកាន់តំបន់អាស៊ីអាគ្នេយ៍ដោយធ្វើទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា រាជធានីភ្នំពេញ និងទីក្រុងបាងកក មុនបញ្ចប់នៅកោះហាវ៉ៃ។
 
ទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ មានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាជាច្រើនទាំងកម្រិតទ្វេភាគី និងតំបន់ រាប់ទាំងបញ្ហាមីយ៉ាន់ម៉ាផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
 
សូមបញ្ជាក់ថា លោកស្រី Sherman បានស្បថចូលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទី២១ កាលពីថ្ងៃទី ១៤ ខែមេសា និងជាស្ត្រីដំបូងគេបង្អស់កាន់មុខតំណែងនេះ ដែលជាមុខតំណែងលំដាប់ទីពីរនៃក្រសួងការបរទេសអាមេរិក៕
 



© រក្សាសិទ្ធិដោយ thmeythmey.com