COVID-19
អន្តរជាតិ
ចិន សន្យាផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ឡាវចំនួន៥០ម៉ឺនដូសបន្ថែមទៀត
02, Jun 2021 , 7:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ចិន បានសន្យាផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន ៥០ម៉ឺនដូសដល់ឡាវ។ នេះបើតាមការបញ្ជាក់របស់លោក Li Zhanshu ប្រធានគណៈអចិន្រ្តៃយ៍សភាប្រជាជនចិន។ ការផ្ដល់ឱ្យនេះ ធ្វើឡើងស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងទប់ស្កាត់ការផ្ទុះជំងឺកូវីដ-១៩ ។

 
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ លោក Saysomphone Phomvihane ប្រធានសភាតំណាងរាស្រ្តឡាវនៅថ្ងៃទី២៨ ខែឧសភា លោកLi Zhanshu ប្រធានគណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន បានលើកឡើងថា ចិន គាំទ្រឡាវ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ដែលកំពុងអុកឡុកនៅឡាវ។ បើតាមប្រធានគណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ក្រុងប៉េកាំងនឹងផ្តល់វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀត មកក្រុងវៀងចន្ទន៍។ 
 
«រដ្ឋាភិបាលចិន គាំទ្រប្រជាជនឡាវ ក្នុងការទទួលបានការបណ្តុះប្រព័ន្ធភាពស៊ាំ តាមរយៈការផ្តល់វ៉ាក់សាំងក្រុមហ៊ុន Sinopharm ចំនួន ៥០ម៉ឺនដូស»។ លោក Li Zhanshu ប្រកាសបែបនេះទៅប្រធានសភាសភាឡាវ។ 
 
មកទល់ពេលនេះ ឡាវ បានទទួលវ៉ាក់សាំង Sinopharm ចំនួន៤លើករួចមកហើយ។ លើកទីមួយ ឡាវទទួលបាន ២ពាន់ដូស, លើកទីពីរចំនួន ៣០ម៉ឺនដូស លើកទី៣ ៨០ម៉ឺនដូស និងលើកទី៤ ៣០ម៉ឺនដូស។ មិនតែប៉ុណ្ណោះ ចិន ក៏បានបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្តមកឡាវចំនួន ២៥នាក់ និងផ្តល់សម្ភារវេជ្ជាសាស្រ្ត ក្នុងទំហំទឹកប្រាក់ ១,៥លានដុល្លារផងដែរ សម្រាប់ឱ្យឡាវប្រយុទ្ធជាមួយកូវីដ-១៩ ។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងវៀងចន្ទន៍ ក៏ត្រៀមទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួនជាង ១០ម៉ឺនដូសផងដែរ តាមរយៈកម្មវិធី COVAX។ វ៉ាក់សាំងក្រុមហ៊ុន Pfizer ឡាវនឹងចាក់ឱ្យមនុស្សចំនួន ៣ក្រុមដូចជា គ្រូពេទ្យ, មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។ 
 
គិតត្រឹមថ្ងៃទី១ ខែមិថុនា ឡាវចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានចំនួនជាង ៨៨ម៉ឺនដូស។ វ៉ាក់សាំង ដែលត្រូវបានប្រើប្រាស់នៅឡាវ មានដូចជា វ៉ាក់សាំង Sputnik V, វ៉ាកសាំងក្រុមហ៊ុន Sinopharm និងវ៉ាក់សាំងក្រុមហ៊ុន AstraZeneca៕
 

Tag:
 ឡាវ
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com