ជាតិ
សង្គមជាតិ
ក្រសួងបង្កើតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេស ដើម្បីឲ្យសិស្សចេះរៀបចំគម្រោង និងដោះស្រាយបញ្ហា
04, Jun 2021 , 7:59 am        
រូបភាព
បេក្ខជននាសម័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ​២០១៩មក
បេក្ខជននាសម័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ​២០១៩មក
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសលើកទី១ ស្តីពីប្រធានបទការសិក្សាដោយបង្កើតគម្រោង«បំណងប្រាថ្នា»។ កម្មវិធីនេះគឺធ្វើឡើងដើម្បីលើកកម្ពស់ឲ្យសិស្សទី៧ ដល់ទី១២ យល់ច្បាស់ពីមេរៀនដើម្បីយកទៅដោះស្រាយបញ្ហា និងបង្កើតជាគម្រោង។

 
លក្ខខណ្ឌដែលក្រសួងអប់រំ យុវជន និងកីឡាកំណត់នោះគឺ តម្រូវឲ្យសិស្សានុសិស្សថ្នាក់ទី៧ដល់ថ្នាក់ទី១២ ជ្រើសរើសមេរៀនក្នុងមុខវិជ្ជាណាមួយ យកមកធ្វើជាប្រធានបទ និងបង្កើតគម្រោងសម្រាប់ដោះស្រាយបញ្ហានៅក្នុងសង្គម។
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តាមរយៈកម្មវិធីប្រកួតពានរង្វាន់សិស្សឆ្នើមទូទាំងប្រទេសនេះ នឹងជួយលើកកម្ពស់សិស្សឲ្យសិក្សាដោយប្រើវិធីសាស្ត្ររៀនបែបថ្មី គឺរៀនដោយត្រិះរិះពិចារណា, ការរៀនដោយដោះស្រាយបញ្ហា,ការរៀនតាមបែបសហការ, ការរៀនដោយបង្កើតគម្រោង, ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមបេក្ខជនដទៃទៀត។ 
 
អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ដូច្នេះថា៖«ព្រឹត្តិការណ៍ដែលមានឈ្មោះថា “បំណងប្រាថ្នា” នេះ នឹងផ្សារភ្ជាប់ការស្វែងយល់អោយកាន់តែស៊ីជម្រៅលើមេរៀននៃមុខវិជ្ជាក្នុងថ្នាក់ ជាមួយនឹងជីវភាពជាក់ស្តែងនៅក្នុងសង្គម។ សិស្សអាចចូលរួមដោយសកម្មបំផុតនៅ ក្នុងដំណើរការនៃការរៀន និងដោយផ្សារភ្ជាប់ការរៀនជាមួយនឹងចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ បំណិន និងទំនាក់ទំនងសង្គមរបស់ពួកគេ»។
 
បើតាមក្រសួងអប់រំ សិស្សដែលជាប់ជាជ័យលាភីសិស្សឆ្នើមពីកម្មវិធីនេះ នឹងទទួលបានពិន្ទុបន្ថែម៥ ទៅ១៥ភាគរយលើពិន្ទុមធ្យមភាគប្រចាំឆ្នាំ បញ្ចូលទៅក្នុងព្រឹត្តិបត្រពិន្ទុ។ 
 
លើសពីនេះសិស្សជាប់ជ័យលាភីក៏មានឱកាសទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្រាវជ្រាវអនុវត្តលើគម្រោង, អាហារូបករណ៍ និង ការលើកទឹកចិត្តពិសេសបន្ថែមទៀត រួមទាំងចុះបញ្ជីជាសិស្ស ដែលមានសក្តានុពលសម្រាប់ស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ 
 
ទាក់ទងនឹងព័ត៌មានលំអិតអំពីកម្មវិធីប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១នេះ ក្រសួងអប់រំនឹងប្រកាសនៅពេលក្រោយ។ នេះបើតាមលោក រស់ សុវាចា៕
 
 
 

Tag:
 សិស្សឆ្នើម
© រក្សាសិទ្ធិដោយ thmeythmey.com