ជាតិ
គណៈអចិន្ត្រៃយ៍សភា យល់ព្រម​សំណើលាលែងពីប្រធានគ.ជ.ប របស់​លោក ស៊ិក ប៊ុនហុក
04, Jun 2021 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកនេះ បានអនុម័តយល់ព្រមលើសំណើរលាឈប់ពីតួនាទីនិងតំណែងប្រធាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ស៊ិក ប៊ុនហុក និងបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជ្រើសរើស បេក្ខជនជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។



លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់សារព័ត៌មាន​ថ្មីៗ ថា ការសុំលាលែងរបស់​លោក ស៊ិក ប៊ុកហុក បច្ចុប្បន្នអាយុ៧៥ឆ្នាំ ក្រោម​ហេតុផល​សុខភាពមិន​ទៀងទាត់ និងចាស់ទ្រុឌទ្រោម។

កាលពីខែមេសា ឆ្នាំ២០១៥ លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្តពីលោក អ៊ឹម សួស្តី ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០០២ មក។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា នាថ្ងៃចន្ទ រដ្ឋសភានឹង​ប្រកាស​រើសបេក្ខភាព​សមាជិកគ.ជ.ប ថ្មី ពីគ្រប់ភាគី​ដែលអាចដាក់បេក្ខភាពបាន មុននឹងឈាន​ដល់ការរើស​ប្រធាន​ថ្មី។ បច្ចុប្បន្ន សមាជិកគ.ជ.ប ៨នាក់ផ្សេងទៀតមាន លោក នុត សុខុម (អនុប្រធាន), លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក ឌុច សុន, លោក ហ៊ីង ធីឫទ្ធិ, លោក ឯម សូផាត, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

បើគិតចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៨ លោក ស៊ិក ប៊ុនហុក ជាមនុស្សទី៣ដែលកាន់តំណែងជាប្រធានគ.ជ.ប បន្ទាប់ពីលោក ឆេង ផុន (១៩៩៨-២០០២), លោក អ៊ឹម សួស្តី (២០០២-២០១៥)។

មាត្រា​១១ នៃ​ច្បាប់​ស្តីពី​ដំណើរ​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចែងថា ក្នុងករណី​ប្រធាន ឬ​អនុប្រធាន ឬ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាត់បង់​មុខតំណែង គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​សម្របសម្រួល​ជាមួយ​គណបក្សនយោបាយ​ពាក់ព័ន្ធ ដើម្បី​ប្រកាស​ជ្រើសរើស​ជា​សាធារណៈ នូវ​បេក្ខភាព​បេក្ខជន ដែល​ត្រូវ​ជំនួស​តំណែង​ដែល​ទំនេរ ប្រកបដោយ​លក្ខណៈ​បើកចំហ និង​មាន​តម្លាភាព​ក្នុង​រយៈពេល​៥​ថ្ងៃ​។​
 
​បន្ទាប់មក គណបក្ស​ពាក់ព័ន្ធ​ត្រូវ​ជ្រើស​សមាភាព​ថ្មី​ពី​ក្នុងចំណោម​អ្នក​ដែល​បានដាក់​ពាក្យ​ក្នុង​រយៈពេល​យ៉ាងយូរ​៣​ថ្ងៃ ដាក់​ទៅ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​រៀបចំ​ដាក់​សមាសភាព​ថ្មី​នេះ ជូន​រដ្ឋសភា​បោះឆ្នោត​ទុកចិត្ត តាម​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល ក្នុង​រយៈពេល​យ៉ាង​៣​ថ្ងៃ​ក្នុងករណី​មានការ​រៀបចំ​បោះឆ្នោត​យ៉ាងយូរ​៣​ថ្ងៃ និង​យ៉ាងយូរ​៥​ថ្ងៃ ក្នុងករណី​ដែល​គ្មាន​ការបោះឆ្នោត​។​
 
​មាត្រា​១១​ដដែល ចែង​ទៀតថា ក្នុងករណី​គណបក្សនយោបាយ​ពាក់ព័ន្ធ​ខកខាន​មិនបាន​ជ្រើសរើស​សមាសភាព​ថ្មី​តាម​ការកំណត់​ខាងលើ គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​ជ្រើសរើស​បេក្ខភាព​បេក្ខជន ដែល​ត្រូវ​ជំនួស​តំណែង​ទំនេរ​នោះ ដែល​ផ្អែក​តាម​លក្ខណៈសម្បត្តិ ដូច​មានចែង​ក្នុង​មាត្រា​៥ នៃ​ច្បាប់​នេះ​ពី​ក្នុងចំណោម​អ្នក​ដែល​បានដាក់​ពាក្យ ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី​១​នៃ​មាត្រា​នេះ ប្រកបដោយ​លក្ខណៈ​បើកចំហ និង​មាន​តម្លាភាព​ក​ល្នុ​ង​រយៈពេល​យ៉ាងតិច​២​ថ្ងៃ ដើម្បី​ដាក់ជូន​រដ្ឋសភា​បោះឆ្នោត​ទុកចិត្ត​តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល ក្នុង​រយៈពេល​យ៉ាងយូរ​២​ថ្ងៃ ក្នុងករណី​ដែលមាន​ការរៀបចំ​បោះឆ្នោត និង​យ៉ាងយូរ​៣​ថ្ងៃ ក្នុងករណី​ដែល​គ្មាន​ការរៀបចំ​បោះឆ្នោត​។
​បែបបទ​នីតិវិធី​នៃ​ការដាក់​ពាក្យ​ជ្រើសរើស និង​ការរៀបចំ​បញ្ជី​បេក្ខជន​ដាក់ជូន​រដ្ឋសភា ត្រូវ​កំណត់ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​។ ប្រធាន ឬ​អនុប្រធាន ឬ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ទទួលបាន​តំណែង​ទំនេរ​នោះ ត្រូវធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ភ្លាម​។ ប្រធាន ឬ​អនុប្រធាន ឬ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ទទួលបាន​តំណែង​ទំនេរ​នោះ មាន​អាណត្តិ​ត្រឹម​អាណត្តិ​ដែល​នៅសល់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕









© រក្សាសិទ្ធិដោយ thmeythmey.com