ជាតិ
សង្គមជាតិ
អាជ្ញាធរពោធិ៍សាត់បញ្ជូនអ្នកបិតស្រា២នាក់ទៅតុលាការ ក្រោយករណីស្លាប់ជាង១០នាក់
04, Jun 2021 , 3:08 pm        
រូបភាព
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសួរសុខទុក្ខអ្នកឈឺដោយសារពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់​​ កាលពី២ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសួរសុខទុក្ខអ្នកឈឺដោយសារពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់​​ កាលពី២ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ដោយ:
អ្នកស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កើនដល់១១នាក់ហើយ ខណៈនៅសល់អ្នកឈឺចំនួន១៣នាក់ដែលបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងចំណោមអ្នកហូបស្រាចំនួន១០០នាក់។ ក្រោយមានករណីពុលស្រានេះ អាជ្ញាធរបានបញ្ជូនអ្នកបិតស្រា២នាក់ទៅតុលាការហើយ។

 
លោក ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារពុលស្រា គឺកើនដល់១១នាក់ហើយ ក្នុងនោះ ស្រី៨នាក់ នៅសល់អ្នកឈឺចំនួន១៣នាក់ដែលកំពុងតែព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងចំណោមអ្នកហូបស្រាទាំងអស់១០០នាក់។
 
បើតាមក្រសួងសុខាភិបាល  មនុស្សស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំនោះ គឺដោយសារតែសារធាតុមេតាណុលលើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បើក្នុងស្រាគឺមានសារធាតុមេតាណុលមិនលើសពី០,១ភាគរយ គឺស្រានោះមិនពុលឡើយ។  
 
ករណីពុលស្រាបណ្តាលឲ្យមនុស្សស្លាប់នេះ គឺបានកើតឡើងតាំងពីថ្ងៃទី២៨ ខែឧសភា។ 
 
លោក ឯម រុន អធិការដ្ឋាននគរបាលស្រុកក្រគរ បានអះអាងថា ក្រោយពីមានហេតុការណ៍ពុលស្រានេះ អាជីវករលក់ស្រាស និងស្រាថ្នាំមួយចំនួនត្រូវបានអាជ្ញាធរឲ្យចុះកិច្ចសន្យាឈប់លក់ស្រាស និងស្រាថ្នាំតទៅទៀត។ ចំណែកឯ អ្នកបិតស្រាចំនួន២នាក់ ពួកគេក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ហើយ។ 
 
បើតាម លោកអធិការដ្ឋាននគរបាលស្រុកក្រគរ អាជ្ញាធរបានប្រមូលស្រាស និងស្រាថ្នាំបានតែ២លីត្រពីអ្នកបិតស្រា និងលក់ស្រា។ «អ្នកលក់ខ្លះ បានចាក់ចោលអស់ហើយ។ យើងប្រមូលបានតែបន្តិចៗ ដើម្បីបញ្ជូនទៅអ្នកជំនាញចាត់ការ ដើម្បីយកទៅធ្វើតេស្តបន្តទៀត»។ នេះជាការលើកឡើងរបស់លោក ឯម រុន។  
 
លោកអធិការដ្ឋាននគរបាលស្រុកក្រគរ បានអះអាងថា អភិបាលខេត្តពោធិ៍សាត់បានហាមពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលបិតស្រា និងលក់ស្រាស ឬស្រាថ្នាំតទៅទៀតឡើយ ដើម្បីជៀសវាងមានហេតុការណ៍ពុលស្រានេះកើតឡើងម្តងទៀត។ 
 
 
ក្រសួងសុខាភិបាលបានបញ្ជាឲ្យអាជ្ញាធរក្នុងខេត្តនីមួយៗចុះផ្អាកម្ចាស់អាជីវករលក់ បោះដុំ និងរាយ ស្រាដែលមិនផលិតតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងណែនាំដល់ពលរដ្ឋឈប់ពិសាស្រាស និងស្រាថ្នាំដែលគ្មានការផលិតតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ។
 
គ្រាន់តែក្នុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២១នេះ នៅកម្ពុជាមានមនុស្សចំនួន៣៥នាក់ហើយដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ នៅខេត្តចំនួន៣។ ករណីដំបូងកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល មានមនុស្ស១៤នាក់បានស្លាប់។ បន្ទាប់មកនៅស្រុកកំពង់ត្រាច ខេត្តកំពត មានមនុស្សចំនួន១០នាក់បានស្លាប់។ ករណីស្លាប់ចុងក្រោយនៅស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់៕ 
 
 
អត្ថបទទាក់ទង
 
 
 
 

Tag:
 ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com