COVID-19
អន្តរជាតិ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង២ពាន់លានដូសត្រូវបានចាក់នៅទូទាំងពិភពលោក
04, Jun 2021 , 5:59 pm        
រូបភាព
ដោយ ចាន់ ស៊ីណា
 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង២ពាន់លានដូសត្រូវបានចាក់ឱ្យប្រជាជននៅបណ្តាប្រទេសទូទាំងពិភពលោក ក្នុងយុទ្ធនាការពន្លឿន ការរាលដាលជំងឺកូវីដ-១៩ ដែលកំពុងអុកឡុកខ្លាំង។

 
បើតាមតួលេខដែលប្រមូលដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣ ខែមិថុនា វ៉ាក់សាំងយ៉ាងតិច ២,១០៩,៦៩៦,០២២ដូស ត្រូវបានចាក់នៅប្រទេស និងតំបន់ចំនួន២១៥ នៅលើពិភពលោក អំឡុង៦ខែការចាប់ផ្ដើមចាក់ដូសដំបូង។ វាជាចំនួនទាបមួយធៀបទៅនឹងចំនួនប្រជាជនសរុបនៅលើពិភពលោកដែលមានជាង៧ពាន់លាននាក់។  
 
អ៊ីស្រាអែល ដែលចាប់ផ្ដើមយុទ្ធនាការផ្ដល់វ៉ាក់សាំងឱ្យប្រជាជនលឿនជាងគេ មានភាគរយប្រជាជនច្រើនជាងគេទទួលបានវ៉ាក់សាំងរួចរាល់។ មកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលប្រមាណ៦០ភាគរយទទួលបានវ៉ាក់សាំងពេញលេញ។ ចំណែកកាណាដា មានប្រជាជនយ៉ាងហោចណាស់៥៩ភាគរយ ទទួលបានវ៉ាក់សាំងមួយដូស តាមពីក្រោយដោយអង់គ្លេសដែលមាន៥៨,៣ភាគរយ ស៊ីលីមាន៥៦,៦ភាគរយ និងអាមេរិកមាន៥១ភាគរយ។
 
វ៉ាក់សាំង៦ដូសក្នុងចំណោម១០ដូស ត្រូវបានចាក់នៅប្រទេសមានប្រជាជនច្រើនជាងគេទាំងបី។ ប្រជាជនប្រមាណ៧០០លាននាក់ ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស ឯអាមេរិកមានជិត២៧០លាននាក់ និងឥណ្ឌាមាន២២១លានដូស។  អាមេរិក និងចិន ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ ច្រើនជាងគេ ខណៈឥណ្ឌាផ្គត់ផ្គង់កម្មវិធី COVAX ។
 
បើតាម AFP នៅប្លុកសហភាពអឺរ៉ុប មនុស្សជិត៤នាក់ក្នុងចំណោម១០នាក់ ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។ អាល្លឺម៉ង់ នាំមុខគេជាមួយអ្នកចាក់វ៉ាក់សាំងចំនួន៤៣,៦ភាគរយ អ៊ីតាលីមាន៤០ភាគរយ ឯបារាំង និងអេស្ប៉ាញមាន៣៩,៤ភាគរយដូចគ្នា។
 
ជាមួយគ្នានេះ មានតែ ៦ ប្រទេសប៉ុណ្ណោះនៅលើពិភពលោកដែលមិនទាន់ចាប់ផ្ដើមចាក់វ៉ាក់សាំងកុបង្ការជំងឺកូវីដ-១៩ រួមមាន កូរ៉េខាងជើង ហៃទី តង់សានី ឆាត ប៊ូរុនឌី និងអេរីត្រេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com