COVID-19
ជាតិ
ពលរដ្ឋ ២,៧៦លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ស្មើនឹង២៧ភាគរយ
05, Jun 2021 , 10:19 am        
រូបភាព
ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ (ប្រភពរូបភាព៖ ហ្វេសប៊ុកក្រសួងការពារជាតិ)
ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ (ប្រភពរូបភាព៖ ហ្វេសប៊ុកក្រសួងការពារជាតិ)
ដោយ:
អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅកម្ពុជា កើនដល់ ២,៧៦៤,២២៦ នាក់ហើយ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ចំនួននេះស្មើនឹងអត្រា ២៧,១០ភាគរយ នៃមនុស្សសរុប ១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា។ បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានជាង២លាននាក់ បានចាក់លើកទី២។

 
របាយការណ៍ដដែល បង្ហាញថាក្នុងចំណោមពលរដ្ឋទាំងជាង ២,៧៦នាក់ ដែលបានចាក់វ៉ាក់​សាំងកូវីដ-១៩នេះ មានចំនួន ១,៧៥៤,៨៤២នាក់ បានចាក់វ៉ាក់សាំងប្រភេទ Sinovac,ពលរដ្ឋ ៨៤៧,៩៣៦នាក់ បានចាក់វ៉ាក់សាំងប្រភេទ Sinopharm និង ១៦១,៤៤៨នាក់ បានចាក់វ៉ាក់សាំង Covishield (Astra Zeneca)។
 
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈមកម្លេះ។ ដោយឡែក ក្រុមគ្រូពេទ្យ ក៏បានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលស្ថិតនៅតំបន់មានហានិភ័យខ្ពស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ គិតមកដល់ពេលនេះ ពលរដ្ឋដែលស្ថិតនៅតំបន់ក្រហម ៩៦៤,២៤៥នាក់ហើយ បានចាក់ វ៉ាក់សាំងកូវីដ-១៩។ ក្នុងចំណោមមនុស្សជាង ៩៦ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំង មានពលរដ្ឋ ៧៣៧,៦១៩នាក់ បានចាក់ដូសទី២​។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាលដដែល។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៦លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយក្នុងនោះ វ៉ាក់សាំងប្រភេទ Sinopharm ១,៧លានដូស , វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ៤លានដូស និង AstraZeneca ជាង៣០ម៉ឺនដូស៕
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com