COVID-19
ជាតិ
ក្រសួងទេសចរណ៍ នឹង«បិទអាជីវកម្ម» ពី១-៥ឆ្នាំ លើអាជីវកម្មដែលលួចបើកអំឡុងបម្រាម
05, Jun 2021 , 7:29 pm        
រូបភាព
ដោយ:
អាជីវកម្មសេវាកម្មទេសចរណ៍ណា ដែលលួចលាក់បើក ឬរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ  នឹងត្រូវប្រឈមនឹងការទណ្ឌកម្មរដ្ឋបាលពីក្រសួងទេសចរណ៍ ដោយការ«បិទអាជីវកម្ម»។ ចំពោះអាជីវកម្មណាដែលមិនអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ឬមិនសហការចងក្រង រក្សាទុកព័ត៌មានរបស់ភ្ញៀវ ឬមិនសហការផ្តល់រាល់ព័ត៌មានរបស់ភ្ញៀវ ឬរបស់បុគ្គលិក ឬរបស់អាជីវកម្ម តាមការស្នើរបស់ក្រសួងទេសចរណ៍ ក៏នឹងប្រឈមនឹងការ«ព្យួរអាជ្ញាបណ្ណទេសចរណ៍» ដែលទណ្ឌកម្មរដ្ឋបាលពីក្រសួងដែរ។

 
យោងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មកទេសចរណ៍ តាមច្បាប់ស្តីពីកូវីដ-១៩ ចុះថ្ងៃទី១ មិថុនា ទណ្ឌកម្មរដ្ឋបាល ដោយការ«បិទអាជីវកម្ម» សំដៅដល់ការសម្រេចបិទអាជីវកម្មជាអចិន្ត្រៃយ៍ និងដកហូតអាជ្ញាបណ្ណទេសចរណ៍សុពលភាព។ ការដាក់ទណ្ឌកម្មរដ្ឋបាលនេះ ត្រូវសម្រេចអមជាមួយនឹងបម្រាម មិនឱ្យអាជីវកម្មនោះ ឬអ្នកឈរឈ្មោះលើអាជ្ញាបណ្ណនោះ ធ្វើប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចន្លោះពី១ឆ្នាំ ទៅ៥ឆ្នាំផងដែរ។ ការសម្រេច«បិទអាជីវកម្ម» ត្រូវសម្រេចដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
 
បើតាមសារាចរណ៍ដដែល ក្រសួងទេសចរណ៍ មានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាល ដោយ«បិទអាជីវកម្ម» ទីតាំងអាជីវកម្មដែលលបលួចបន្តបើកអាជីវកម្ម តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ នៅអំឡុងពេលដែលរដ្ឋាភិបាល ឬក្រសួងទេសចរណ៍សម្រេចឱ្យផ្អាកសកម្មភាព។ អាជីវកម្មណា ដែលរារាំង ដល់ការអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាលដោយ«បិទអាជីវកម្ម» ពីក្រសួងទេសចរណ៍ដែរ។ 
 
ក្រៅពីបិទអាជីវកម្ម សារាចរណ៍ដដែលបានចែងពីលក្ខខណ្ឌនៃការដាក់ទណ្ឌកម្មរដ្ឋបាល ដោយការ«ព្យួរអាជ្ញាបណ្ណទេសចរណ៍»ផងដែរ។  ទណ្ឌកម្មរដ្ឋបាលនេះ សំដៅដល់ការសម្រេចផ្អាកប្រតិបត្តិការអាជីវកម្ម ដែលមានអាជ្ញាបណ្ណទេសចរណ៍សុពលភាព រហូតដល់ថ្ងៃដែលអាជ្ញាបណ្ណនោះអស់សុពលភាពតែម្តង ទើបអាចស្នើសុំបើកដំណើរការឡើងវិញបាន។
 
ក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងសារាចរណ៍ថា អាជីវកម្មដែលត្រូវប្រឈមនឹងការ«ព្យួរអាជ្ញាបណ្ណទេសចរណ៍» ប្រសិនបើអាជីវកម្មនោះអនុវត្តមិនត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ឬមិនចងក្រង រក្សាទុកព័ត៌មានរបស់ភ្ញៀវ ឬមិនផ្តល់រាល់ព័ត៌មានរបស់ភ្ញៀវ ឬរបស់បុគ្គលិក ឬរបស់អាជីវកម្ម តាមការស្នើសុំរបស់ក្រសួងទេសចរណ៍។  ការ«ព្យួរអាជ្ញាបណ្ណទេសចរណ៍» ត្រូវសម្រេចដោយអគ្គនាយកដ្ឋានគ្រប់គ្រងទេសចរណ៍។
 
ក្រៅពីការដាក់ទណ្ឌកម្មរដ្ឋបាល អាជីវកម្មណាដែលមិនសហការប្ដឹង ឬរាយការណ៍ជូនសមត្ថកិច្ច ចំពោះសកម្មភាពរបស់ភ្ញៀវដែលផ្ទុយពីច្បាប់បានកំណត់ ក៏នឹងត្រូវពិន័យអន្តរការណ៍ ជាប្រាក់ចំនួន១ លានរៀលផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com