ជាតិ
អូស្រាលី ផ្ដល់ជំនួយ២​លានដុល្លារ សម្រាប់ជួយពលរដ្ឋកម្ពុជានៅតំបន់ដាច់ស្រយាលឲ្យមានអគ្គិសនីប្រើប្រាស់
09, Jun 2021 , 11:29 pm        
រូបភាព
បណ្តាញ_អគ្គិសនី_រដ្ឋ_ដែល_ស្ថិតនៅ_ក្នុងភូមិ_ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន_
បណ្តាញ_អគ្គិសនី_រដ្ឋ_ដែល_ស្ថិតនៅ_ក្នុងភូមិ_ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន_
ភ្នំពេញ៖ ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងទំហំទឹកប្រាក់ ​​២លានដុល្លារអូស្ត្រាលី នឹងជួយដល់ពលរដ្ឋកម្ពុជាតាមភូមិដាច់ស្រយាលឲ្យមានអគ្គិសនីប្រើប្រាស់​​ដែលចេញពីថាមពលកកើតឡើងវិញ។ គម្រោងដែលមានរយៈពេលពីរឆ្នាំនេះ ជាផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រដល់សមហរណកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅបណ្តាអនុតំបន់មេគង្គមានកម្ពុជា ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា។

 
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានៅថ្ងៃទី៩មិថុនាបានបញ្ជាក់ថា គម្រោងជាផ្នែកមួយនៃគម្រោងរដ្ឋាភិបាលអូស្រាលីដើម្បីទ្រទ្រង់ដល់អនុតំបន់មេគង្គដែលមានកញ្ចប់ថវិកា ២៣២លានដុល្លារអូស្ត្រាលី ហើយវាត្រូវបានប្រកាសដាក់ឲ្យដំណើរការនៅថ្ងៃនេះ ដោយមានការចូលរួមពីភាគីស្ថានទូតអូស្រ្តាលីនិងក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ នឹងជួយឲ្យភូមិនានានៅកម្ពុជា ដែលគ្មានអគ្គិសនីភ្ជាប់ទៅមានអគ្គិសនីប្រើប្រាស់ រួមទាំងឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា។
 
ក្នុងពិធីចុះហត្ថលេខាប្រកាសគម្រោងនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើកឡើងថា ការផលិតនិងចែកចាយថាមពលអគ្គិសនីដែលអាចទុកចិត្តបាន និងមានតំលៃសមរម្យដល់ប្រជាជន គឺជាអទិភាពសំរាប់ក្រសួង។ លោកបានបង្ហាញការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីយ៉ាងខ្លាំង ដែលជួយគាំទ្រផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដាច់ស្រយាល ពិសេសគឺថាមពលកកើតឡើងវិញ។ 
 
ទន្ទឹមនឹងនេះ លោក Luke Arnold អគ្គរាជទូតស្តីទីអូស្ត្រាលីបញ្ជាក់ថា គម្រោងភាពជាដៃគូមេគង្គ - អូស្រ្តាលី (MAP) ថ្មី​របស់អូស្រ្តាលី នឹងជួយផ្តល់អគ្គិសនីប្រើប្រាស់នៅកម្ពុជា ប្រកបដោយគុណភាព សុវត្ថិភាព និងតំលៃសមរម្យ។ គម្រោងនេះ គឺផ្តល់ថាមពលកកើតឡើងវិញទៅកាន់ពលរដ្ឋសម្រាប់ប្រើប្រាស់ ដើម្បីរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។ 
 
លោក Luke Arnold ថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជនដែលខ្វះអគ្គិសនីប្រើប្រាស់ នឹងបាត់បង់ផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចយ៉ាងលឿន។ ការភ្ជាប់សហគមន៍ទៅនឹងថាមពលអគ្គិសនី ដែលមានតំលៃសមរម្យ អាចទុកចិត្តបាន ប្រកបដោយនិរន្តរភាព នឹងផ្លាស់ប្តូរជីវិតរបស់ពួកគេ ហើយអនុញ្ញាតឱ្យប្រជាជនចាប់ផ្តើមអាជីវកម្មខ្នាតតូច ទទួលបានការអប់រំប្រកបដោយគុណភាព និងឈានដល់ការសម្រេចបានសក្តានុពលពេញលេញ»។ 
 
គម្រោងភាពជាដៃគូមេគង្គ - អូស្រ្តាលី (MAP) អូស្រ្តាលីក៏កំពុងគាំទ្រដល់កម្ពុជា ដើម្បីបង្កើតយុទ្ធសាស្ត្រថាមពលកកើតឡើងវិញ និងការវាយតំលៃថាមពលកកើតឡើងវិញ រួមទាំងពង្រឹងការតភ្ជាប់រវាងស្ថាប័នថាមពលអូស្ត្រាលីនិងកម្ពុជាផងដែរ។ កម្មវិធីហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់អូស្រ្តាលីនៅកម្ពុជា គឺវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i)។ បច្ចុប្បន្ននេះ 3i បានជំរុញការវិនិយោគ ដែលបានតភ្ជាប់អគ្គិសនីទៅកាន់ប្រជាពលរដ្ឋកម្ពុជាជាង៣ម៉ឺនគ្រួសារ៕ 
 
 

Tag:
 ជំនួយ
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com