អន្តរជាតិ
ម៉ាឡេស៊ី បន្ថែមរយៈពេលបិទប្រទេសពីរសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
12, Jun 2021 , 7:29 pm        
រូបភាព
រូបភាព៖ Asia News Network
រូបភាព៖ Asia News Network
ម៉ាឡេស៊ី នឹងបន្ថែមរយៈពេលបិទប្រទេសចំនួនពីរសប្តាហ៍បន្ថែមទៀត ដែលមានរយៈពេលរហូតដល់ថ្ងៃទី២៨ ខែមិថុនា ដើម្បីទប់ស្កាត់ការរីកសាយនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob នៅថ្ងៃទី១១ ខែមិថុនា។

 
 
បើទោះម៉ាឡេស៊ី បានបិទប្រទេសទាំងស្រុងនៅដើមខែមិថុនាមកក្តី ប៉ុន្តែករណីឆ្លងជំងឺកូវីដ-១៩ នៅតែមានជាច្រើនពាន់ករណី។ នៅថ្ងៃទី១១ ខែមិថុនា ម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៦៨៤៩ករណី និងអ្នកស្លាប់មានចំនួន ៨៤នាក់។ 
 
ដោយមើលឃើញថាស្ថានការណ៍ហាក់មិនទាន់ថមថយខ្លាំង រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបន្ថែមរយៈពេលបិទប្រទេស។ «ការសម្រេចចិត្តនេះ ត្រូវធ្វើឡើង បន្ទាប់ពីករណីឆ្លងនៅតែមានលើពី ៥ពាន់ករណីក្នុងមួយថ្ងៃ»។ លោក Ismail Sabri Yaakob រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីបានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅក្នុងថ្ងៃទី១១ ខែមិថុនា។ 
 
ក្នុងការបន្តរយៈពេលបិទប្រទេសនេះ ម៉ាឡេស៊ី ក៏បន្តបទបញ្ជាគ្រប់គ្រងការចល័តកម្រិត៣ (MCO) ផងដែរ ដោយហាមឃាត់ដំណើរឆ្លងស្រុក រដ្ឋ ខណៈពេលសកម្មភាពកីឡា សកម្មភាពសង្គម និងអប់រំជាដើម ក៏ត្រូវផ្អាកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ បទបញ្ជាគ្រប់គ្រងការចល័ត ត្រូវបានម៉ាឡេស៊ីប្រកាសតាំងពីខែឧសភាមកម្លេះ។ 
 
ចំណែកវិស័យសេដ្ឋកិច្ចនេះ ត្រូវបានអនុញ្ញាតឱ្យបើកក្នុងអំឡុងពេលនេះ ប៉ុន្តែត្រូវផ្អែកទៅបញ្ជីអាជីវកម្ម ដែលម៉ាឡេស៊ីរៀបចំ ថាតើអាជីវកម្មប្រភេទណា ដែលត្រូវអនុញ្ញាតឱ្យបើក។ មិនតែប៉ុណ្ណោះ អាជីវកម្ម កន្លែងរកស៊ីដែលអនុញ្ញាតឱ្យបើកនោះ ត្រូវតែគោរពតាម នីតិវិធីប្រតិបត្តិប្រកបដោយគុណភាព (SOP) ដើម្បីទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ ។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ម៉ាឡេស៊ី មានករណីឆ្លងកូវីដ-១៩ សរុបជាង ៦៤ម៉ឺនករណី និងអ្នកស្លាប់សរុបមានចំនួនជាង ៣ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៥៦ម៉ឺននាក់៕ 
 

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com