ជាតិ
សង្គមជាតិ
អតីតយុទ្ធជន ជាគំរូឆ្នើមដល់សង្គមជាតិ
21, Jun 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះនៅក្នុងទិវាអតីតយុទ្ធជនកម្ពុជា លើកទី១៤ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។

 
ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើង ដើម្បីរំឮកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធ យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិឲ្យមានសន្តិភាព និងស្ថិរភាពសង្គម។
 
នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សង្រ្គាមដែលបង្កឡើងដោយជនក្បត់ជាតិដែលគប់គិតជាមួយបរទេស បានបង្កជាសង្រ្គាមវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឲ្យខ្ទេចខ្ទី និងបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន។
 
«ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ខ្ញុំសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ជូនចំពោះអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍ»។ នេះជាការរៀបរាប់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ 
 
ក្រោយពីកម្ពុជាមានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈការបង្កើតសមាគមអតីតយុទ្ធជន និងការផ្តល់អាទិភាពដល់អតីតយុទ្ធជន  ដែលបាត់បង់សមត្ថភាពការងារ ពិការ និងក្រុមគ្រួសារក្នុងការទទួលបានសេវាសាធារណៈផ្សេងៗ និងថវិកា ដើម្បីសម្រួលដល់ជីវភាព។
 
បច្ចុប្បន្នអតីតយុទ្ធជនចំនួន១០១,២៨៧នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៥១,០០៧នាក់ដែលកំពុងទទួលបានប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន ជនបាត់បង់ការងារ និងពិការភាព ពី៥៦ម៉ឺនរៀលដល់៦៤ម៉ឺនរៀលក្នុងមួយខែ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ប្រាក់ចំនួន៥ម៉ឺនរៀល ដល់ពួកគេ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។  
 
ជាមួយគ្នា មេដឹកនាំកម្ពុជា ក៏បានផ្តល់ប័ណ្ណថែទាំសុខភាព(ប.ស.ស.) និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់អ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ដើម្បីទៅត្រួតពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនឥតថ្លៃ។
 
លើសពីនេះ រដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈការកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត, នៅស្រុកគូលែន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ រួមទាំងកសាងផ្ទះរាប់ពាន់ខ្នងជូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ផងដែរ។ 
 
ដើម្បីឲ្យកម្ពុជា មានសន្តិភាពនៅក្នុងសង្គម មេដឹកនាំកម្ពុជា បានអំពាវនាវដល់អតីតយុទ្ធជនកម្ពុជា បន្តរក្សាស្មាតីវីរភាព សេចក្តីថ្លៃថ្នូរ និង បន្តធ្វើជាពលរដ្ឋឆ្នើម និងគំរូល្អក្នុងសង្គមជាតិ។ 
 
ជាពិសេស គ្រប់ក្រសួងពាក់ព័ន្ធត្រូវតែបន្តជំរុញគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឲ្យកាន់តែប្រសិទ្ធភាព។ គ្រប់ក្រសួងពាក់ព័ន្ធ ក៏ត្រូវលើកកម្ពស់ និងផ្តល់សេវាកម្មសាធារណៈផ្សេងៗ និងថវិកា ដល់អតីតយុទ្ធជនឲ្យមានល្អប្រសើរ៕ 
 
 
 
 

Tag:
 យុទ្ធជន
 សង្គមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com