កីឡាអន្តរជាតិ
អន្តរជាតិ
Southgate ហាមកីឡាករអង់គ្លេសឱបគ្នា ក្រោយប៉ះពាល់ Gilmour ដែលឆ្លងកូវីដ-១៩
22, Jun 2021 , 10:29 pm        
រូបភាព
លោក Gareth Southgate គ្រូវបង្វឹកអង់គ្លេសបញ្ជាមិនឱ្យកីឡាករខ្លួនមានទំនាក់ទំនង ដោយការចាប់ដៃ ឬឱប ជាមួយមិត្តរួមក្លិបមកពីប្រទេសផ្សេងដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ កីឡាករអង់គ្លេស Ben Chilwell និង Mason Mount ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយប៉ះពាល់ជាមួយខ្សែបម្រើស្កុតឡែន Billy Gilmour ដែលមានជំងឹកូវីដ-១៩។


Chilwell និង Mount មិនអាចជួយក្រុមអង់គ្លេស ក្នុងជំនួបជាមួយឆែកនាការប្រកួតចុងក្រោយពូល D ពានរង្វាន់ Euro 2020 នៅរាត្រីថ្ងៃទី២២ ខែមិថុនាទេ បន្ទាប់ពីអ្នកទាំងពីរបានឱបមិត្តរួមក្លិប Chelsea កីឡាករ Gilmour ដែលតេស្តវិជ្ជមានកូវីដ-១៩។ អ្នកទាំង៣ ប៉ះបាល់គ្នាក្រោយបញ្ចប់ការប្រកួតដែលអង់គ្លេសស្មើស្កុតឡែន ០-០ នៅជំនួបទី២វគ្គសន្សំពិន្ទុ។ យ៉ាងណាក៏ដោយ សមាជិកក្រុមតោកំណាចផ្សេងទៀតតេស្តអវិជ្ជមាន។
 
ក្រោយបញ្ហានេះកើតឡើង លោក Southgate បានព្រមានកូនក្រុមខ្លួនដ៏ទៃទៀតមិនឱ្យមានទំនាក់នងដូចករណី Chilwell និង Mount ឡើយ។ គ្រូសញ្ជាតិអង់គ្លេសរូបនេះ បញ្ជាឱ្យកូនក្រុមជៀសវាងការចាប់ដៃ និងឱបថើបមិត្តរួមក្លិបដែលមកពីជម្រើសជាតិផ្សេងទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមនៅជំនួបបន្តបន្ទាប់ទៀត។
 
នៅក្នុងពូល B ក្រុមកំពូលតារាងឆែក និងក្រុមលេខ២អង់គ្លេសដែលមាន៤ពិន្ទុដូចគ្នាបានកៅអីឡើងទៅវគ្គ១៦ក្រុម Euro 2020 ដោយស្វ័យប្រវត្តិហើយបើទោះពួកគេឈ្នះ ឬចាញ់នៅជំនួបលើកទី៣ក៏ដោយ។ ក្រូអាស៊ី និងស្កុតឡែនដែលមាន១ពិន្ទុដូចគ្នា នឹងត្រូវតទល់គ្នាដណ្តើមយក១កៅអីទៅវគ្គបន្តផងដែរ៕
 

Tag:
 Euro 2020
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com