ជាតិ
ក្រសួងមហាផ្ទៃ៖«សកម្មជនទាំង៣នាក់ ប្រមាថព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ»
23, Jun 2021 , 6:25 pm        
រូបភាព
photo caption នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ (រូបឆ្វេង)  បុរសជនជាតិអេស្ប៉ាញ Alexandro Gonzalez Davidson
photo caption នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ (រូបឆ្វេង) បុរសជនជាតិអេស្ប៉ាញ Alexandro Gonzalez Davidson
ដោយ៖វិច្ចិកា


ក្រោយការចាប់ខ្លួនយុវជនសកម្មជនបរិស្ថាន៣នាក់ ក្រសួងមហាផ្ទៃបានពន្យល់បន្ថែមអំពីមូលហេតុដែលនាំដល់ការចាប់ខ្លួន ដែលធ្វើឱ្យស្ថានទូតបរទេសមួយចំនួនប្រតិកម្មនោះ។

 
ការចាប់ខ្លួនយុវជន៣នាក់ដែលជាបណ្ដាញរបស់អតីតអង្គការមាតាធម្មជាតិ មិនពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាននោះទេ។ នេះបើតាមការពន្យល់របស់ក្រសួងមហាផ្ទៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរបស់ក្រសួងនេះ គឺកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូមួយដែលសមត្ថកិច្ចចាប់បានឯណោះទេ ដែលជាមូលហេតុនៃការចាប់ខ្លួន។
 
«កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះ [Alexandro Gonzalez Davidson] បានដឹកនាំកិច្ចប្រជុំជាមួយសកម្មជន៣រូប។ ក្នុងកិច្ចប្រជុំ ពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាល។»។ នេះជាសេចក្តីពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលត្រូវបានចេញផ្សាយនាល្ងាចថ្ងៃ២៣ខែមិថុនានេះ។ សេចក្តីប្រកាសដដែលសរសេរបន្តថា៖«ទង្វើនេះជាការញុះញង់បញ្ឆេះឱ្យមានការបែកបាក់ជាតិ និងបំពានរដ្ឋធម្មនុញ្ញ ក្នុងចេតនាបង្ក អសន្តិសុខ អស្ថិរភាព ដែលតម្រូវឱ្យអជ្ញាធរត្រូវចាត់វិធានការតាមច្បាប់។»។
 
កាលពីថ្ងៃទី១៦មិថុនាកន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនសកម្មជនបរិស្ថាន៤រូប ប៉ុន្តែក្រោយមកបានដោះលែងយុវជន ឈ្មោះ សិដ្ឋ ឈីវម៉េង ម្នាក់វិញ។ យុវជនទាំងនេះត្រូវបានស្គាល់ថា ជាយុវជនបរិស្ថានក្នុងពេលកន្លងមក ដែលធ្លាប់បំពេញការងារជាមួយអង្គការមាតាធម្មជាតិដែលគ្រប់គ្រងដោយ ជនជាតិអេស្ប៉ាញឈ្មោះ Alexandro Gonzalez Davidson។

ក្រោយការចាប់ខ្លួននេះ ប្រធានបេសកកម្មទូតរបស់អាមេរិក និងស៊ុយអ៊ែត ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានប្រតិកម្ម និងទាមទារឱ្យមានការដោះលែងយុវជនទាំង៣វិញ។
 
នៅក្នុងសេចក្តីពន្យល់របស់ក្រសួងមហាផ្ទៃដដែល អង្គការមាតាធម្មជាតិត្រូវបានលុបចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាលរបស់ក្រសួងមហាផ្ទៃ និងលែងមាននីតិសម្បទាស្របច្បាប់សម្រាប់ការបំពេញការងារនៅក្នុងប្រទេសកម្ពុជា កាលពីខែកញ្ញាឆ្នាំ២០១៧ ក្រោយពីជនជាតិអេស្ប៉ាញរូបនេះ ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញតាំងពីខែកុម្ភៈឆ្នាំ២០១៥មកនោះ។
 
យោងតាមការពន្យល់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បាន ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្ដាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ទាក់ទងនឹងការការពារបរិស្ថាន និងធម្មជាតិនោះទេ។
 
«ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរិតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចលវឹកវរក្នុងប្រទេស។»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបញ្ជាក់យ៉ាងដូច្នេះ ហើយថា យុវជនទាំង៣រូបបានសារភាពពីសកម្មភាពរបស់ពួកគេមែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com