កីឡាអន្តរជាតិ
អន្តរជាតិ
កំពូលកីឡាករហែលទឹកចិន Sun Yang ដែលពាក់ព័ន្ធសារធាតុញៀន ត្រូវជាប់បម្រាមត្រឹម៤ឆ្នាំវិញ
23, Jun 2021 , 10:29 pm        
រូបភាព
ម្ចាស់មេដាយមាសអូឡាំពិកកីឡាហែលទឹកចិន Sun Yang ដែលជាប់ពាក់ព័ន្ធករណីប្រើសារធាតុញៀន ត្រូវបានបន្ថយការហាមប្រាមពី៨ឆ្នាំ មកនៅត្រឹម៤ឆ្នាំវិញ។ តុលាការអាជ្ញាកណ្តាលកីឡា (CAS) ប្រកាសដូច្នេះនៅថ្ងៃទី២១ ខែមិថុនា ក្រោយប្តឹងតវ៉ាជាងកន្លះឆ្នាំ។


ការសម្រេចរបស់ CAS មានន័យថា Sun Yang នៅតែខកខានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅចុងឆ្នាំ២០២១នេះដដែល ប៉ុន្តែនឹងមានសិទ្ធិត្រឡប់ទៅកាន់កីឡារដូវក្តៅនៅប៉ារីសឆ្នាំ ២០២៤ វិញ។
 
Sun ម្ចាស់មេដាយមាសអូឡាំពិកចំនួន៣ (អូឡាំពិកក្រុងឡុងដ៍ចំនួន២ និងក្រុងរីយ៉ូ១) និងជាម្ចាស់កំណត់ត្រាពិភពលោក ត្រូវបាន CAS ហាមមិនឱ្យពាក់ព័ន្ធកីឡារយៈពេល៨ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីរកឃើញថារូបគេប្រើប្រាស់សារធាតុញៀនខុសនឹងច្បាប់កីឡាអំឡុងឆ្នាំ២០១៨។ 
 
យ៉ាងណាក៏ដោយ បើទោះកំពូលកីឡាករហែលទឹកចិនវ័យ២៩ឆ្នាំរូបនេះ ទទួលយកបណ្តឹងឧទ្ធរណ៍ពីទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) រូបគេប្រឆាំងនឹងសេចក្តីសម្រចរបស់សា្ថប័នគ្របគ្រងកីឡាហែលទឹកពិភពលោក (FINA) ជុំវិញកំហុសរបស់ខ្លួនដែលប្រព្រឹត្តអំឡុងពេលធ្វើតេស្តនៅឆ្នាំ ២០១៨នោះ។
 
Sun ក៏បានប្តឹងឧទ្ធរណ៍ទៅកាន់តុលាការស្វ៊ីសប្រឆាំងនឹង CAS វិញផងដែរ ចំពោះការសម្រេចហាមខ្លួនដល់ទៅ៨ឆ្នាំកាលពីខែធ្នូ ឆ្នាំ២០២០។ ម្ចាស់មេដាយមាស៩ នៅកីឡាអាស៊ី Asian Games អះអាងថា CAS មានភាពលំអៀងព្រោះមានមន្ត្រីម្នាក់នៅក្នុងនោះមិនពេញចិត្តខ្លួន។
 
ក្រោយបានពិនិត្យសារជាថ្មីពីសំណាក់ WADA រួមជាមួយ FINA និង CAS រួចមក តុលាការអាជ្ញាកណ្តាលកីឡាក៏បានសម្រេចជាថ្មីដោយបន្ថយការហាមគាត់កំពូលកីឡាករហែលទឹកដ៏មានប្រជាប្រិយភាពរបស់ចិន Sun ពី៨ឆ្នាំ មកនៅត្រឹម៤ឆ្នាំវិញ។
 
ក្នុងអាជីពកីឡាហែលទឹក គិតចាប់ពីឆ្នាំ២០០៧មក Sun ក្រសោបយកបានមេដាយមាសពីកម្មវិធីប្រកួតធំៗរហូតដល់៣១មេដាយឯណោះ។ ក្រៅពីនោះមេដាយប្រាក់៩ និងសំរឹទ្ធឹ៥។ ចំណោមមេដាយមាស៣១ Sun ដណ្តើមបានពីអូឡាំពិក៣ ពីព្រឹត្តិការណ៍ World Championship ចំនួន១១ Asian Swimming Championship ចំនួន៨ និងប្រមូលពីកីឡាអាស៊ី Asian Games ចំនួន៩៕
 

Tag:
 Sun Yang
  Olympic
  សារធាតុញៀន
© រក្សាសិទ្ធិដោយ thmeythmey.com