ជាតិ
សង្គមជាតិ
លោក វេង សាខុន ជំរុញពលរដ្ឋប្រើប្រាស់ថាមពលកកើតឡើងវិញសម្រាប់ផលិតកម្មកសិកម្ម
26, Jun 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យកសិករ ប្រើប្រាស់ថាមពលកកើតឡើងវិញសម្រាប់ផលិតកសិកម្មរបស់ពួកគេ។ កន្លង ខេត្តចំនួន៥ បាន អនុវត្តគម្រោងប្រើប្រាស់ថាមពលឡើងវិញ (S-RET) ដែលបានចំណាយថវិកាអស់ប្រមាណ ៤.៣០ លានដុល្លារអាមេរិក។


 
គម្រោងនេះ អនុវត្តដោយក្រសួងកសិកម្ម ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់ មូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោង S-RET មានរយៈពេល៥ឆ្នាំ ចាប់ផ្ដើមអនុវត្តនៅខែតុលា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាសរុប ៤.៦លានដុល្លារ។ បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដើមឡើយគម្រោង ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈ ការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា (S-RET) គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១នេះ តែដោយសារបញ្ហាកូវីដ-១៩ គម្រោងនេះត្រូវបន្ថែមពេល ៦ខែទៀត ដើម្បីបញ្ចប់។
 
ការប្រើប្រាស់ថាមពលកកើតឡើងវិញ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដែលរូមមាន ការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងផ្ដល់សុវត្ថិភាព សុខមាលភាព ដល់សង្គមផងដែរ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានរៀបរាប់នៅលើគណនីយហ្វេសប៊ុកផ្ទាល់របស់លោក ដូច្នេះ៖«គម្រោងនេះ គាំទ្រ និងជំរុញ ឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងផលិតកម្មកសិកម្ម និងការកែច្នៃកសិផលរបស់កសិករ។ កាត់បន្ថយការប្រើប្រាស់ថាមពល ដែលមានប្រភពមិនស្ថិតស្ថេរ ដូចជា ប្រេងឥន្ធនៈ ធ្យូងថ្ម និងចរន្តអគ្គិសនី»។
 រហូតមកដល់ពេលនេះ គម្រោងបានចំណាយថវិកាអស់ប្រមាណ ៤,៣លានដុល្លារ ស្មើនឹង ៩៤ភាគរយ នៃថវិកាសរុប ចំនួន ៤,៦លានដុល្លារ និងសម្រេចជោគជ័យបានប្រមាណ ៩៨ភាគរយ នៃលទ្ធផលដែលគម្រោងបានគ្រោងទុក។

 ចំពោះលទ្ធផល ដែលគម្រោងសម្រេចបាន នាពេលកន្លងមានដូចជា ចងក្រង និងផ្សព្វផ្សាយ ឯកសារបច្ចេកទេសតាមបច្ចេកវិទ្យា បណ្ដុះបណ្ដាលមន្រ្តីជំនាញ និងបែងចែកឧបករណ៍កសិកម្ម ប្រើថាមពលព្រះអាទិត្យ។ រៀបចំដំណើរការពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យា ប្រើថាមពលកកើត ឡើងវិញ ក្នុងវិស័យកសិកម្ម និងដំណើរការការសិក្សាគោលនយោបាយស្តីពី «ការប្រើប្រាស់ បច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្មខ្នាតតូចនៅកម្ពុជា»។ បំពាក់តម្រងស្ពាន់ធ័រ (H2S) ក្នុងប្រព័ន្ធឡជីវឧស្ម័ន ដើម្បីការពារសុខភាពកសិករ និងធ្វើជីធម្មជាតិគ្រាប់ ដោយប្រើប្រាស់កាកសំណល់ពីឡជីវឧស្ម័ន ជាដើម៕
 



 

© រក្សាសិទ្ធិដោយ thmeythmey.com