ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញ «ឈ្លូសយក្ស»កម្រដំបូងនៅឧទ្យានជាតិវីរៈជ័យ
26, Jun 2021 , 11:03 am        
រូបភាព
រូបភាពដោយក្រសួងបរិស្ថាន
រូបភាពដោយក្រសួងបរិស្ថាន
ដោយ: ថ្មីៗ

 ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ វត្តមាន« ឈ្លួយក្ស» មួយក្បាល ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅភូមិសាស្ត្រខេត្តរតនៈគិរី ក្នុងឧទ្យានជាតិវីរៈជ័យនៅចន្លោះខែមីនា ដល់ខែឧសភា ឆ្នាំ២០២១។


 
ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថា សត្វ«ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ។ ឈ្លូសកម្រប្រភេទនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ឆ្នាំ។ គិតចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាមនិងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។
 
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានបង្ហាញថា ការប្រកាសវត្តមានរបស់«ឈ្លូសយក្ស»នេះគឺឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា»។
 
លោក នេត្រ ភក្ត្រា បានថ្លែងដូច្នេះ «ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា»។ ប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ។ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។
 
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន បានពន្យល់ថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ អាចរហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ។
 
លោក ពិន ច័ន្ទរតនា បន្តថា នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។ ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល។
 
កម្ពុជានៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ ប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ។ នេះបើ តាមការសិក្សារបស់អ្នកជំនាវស្រាវជ្រាវរបស់ក្រសួងបរិស្ថាន៕
 
 
 

Tag:
 ឈ្លូសយក្ស
  ឧទ្យានជាតិជាតិវីរៈជ័យ
  ខេត្តរតនៈគិរី
© រក្សាសិទ្ធិដោយ thmeythmey.com