COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល១សប្តាហ៍ទៀត សម្រាប់ឲ្យពលរដ្ឋទៅចាក់វ៉ាក់សំាងកូវីដ-១៩
26, Jun 2021 , 12:30 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសទុកពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឲ្យពលរដ្ឋរួសរាន់ទៅចាក់វ៉ាក់សាំងកូវី-១៩ នៅតាមទីតាំងក្នុងខណ្ឌនីមួយៗដែលអាជ្ញាធរបានរៀបចំ។



រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងសម្រាប់ឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩​ចំនួន១០ទីតាំង ក្នុងរាជធានីភ្នំពេញ។ ពលរដ្ឋនៅខណ្ឌកំបូល អាចទៅចាក់នៅមណ្ឌលសុខភាពបឹងធំ, សម្រាប់អ្នករស់នៅខណ្ឌពោធិ៍សែនជ័យ ទៅចាក់នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងមណ្ឌលសុខភាពសាមគ្គី។
ចំណែកពលរដ្ឋនៅខណ្ឌទួលគោក ចាក់នៅមណ្ឌលសុខភាពទួលគោក, ខណ្ឌដូនពេញ បឹងកេងកេង ៧មករា និងចំការមន ចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

រីឯខណ្ឌដង្កាវិញ ពលរដ្ឋចាក់នៅមន្ទីរពេទ្យបង្អែកដង្កោ, ខណ្ឌជ្រោយចង្វារ និងឬស្សីកែវ ចាក់នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ, ខណ្ឌច្បារអំពៅ ចាក់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ, ខណ្ឌសែនសុខ ចាក់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ និងនៅព្រែកព្នៅ ចាក់នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា មានពលរដ្ឋនៅរាជធានីភ្នំពេញចំនួន១,៦លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាក់ទាំង២ដូស។ បច្ចុប្បន្នពលរដ្ឋនៅភ្នំពេញ ដែលមានអាយុ១៨ឆ្នាំឡើងទៅ​ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានជិត២ម៉ឺននាក់ទៀត។

សូមបញ្ជាក់ថា កម្ពុជាមានពលរដ្ឋជិត៣,៨លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ គឺស្មើនឹង៣៨,០៣ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ១០លាននាក់។ ក្នុងចំណោមពលរដ្ឋជិត៣,៨លាននាក់នោះ គឺមានជាង២,៨លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។​

កម្ពុជាមានវ៉ាក់សាំងចំនួន១០លានដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំង Sinoivac ៦,៥ លានដូស, Sinopham ៣,២លានដូស និង AstraZineca ៣២៤,០០០ដូស។ វ៉ាក់សាំង Sinopham ជាជំនួយរបស់ចិន ចំណែក AstraZineca ជាជំនួយពីCOVAX៕



© រក្សាសិទ្ធិដោយ thmeythmey.com