ជាតិ
សង្គមជាតិ
អង្គការហេហ្វឺ ជួយសហគមន៍ចំនួន៧៥បង្កើតសហគ្រាសខ្នាតតូច និងនាំមាន់ស្រែខ្មែរចូលទីផ្សារ
26, Jun 2021 , 10:30 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ភ្នំពេញ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានបង្កើតគម្រោងមួយដែលមានឈ្មោះថា«ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ» ក្នុងចំណោមសហគមន៍ ចំនួន៧៥ ក្នុងខេត្តគោលដៅចំនួន១១។ ។ គម្រោងនេះ នឹងជួយឱ្យមាន់ស្រែរបស់កសិករសហគមន៍មានទីផ្សារទូលាយជាងមុន និងជួយសហគមន៍សហគ្រាសកសិកម្មខ្នាតតូច។



 អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានផ្ដល់មធ្យោបាយដឹកជញ្ជួនចំនួន២១គ្រឿង ដល់សហគមន៍កសិកម្មចំនួន២១សម្រាប់ដឹកជញ្ជូនកសិផល និងមាន់ស្រែ។ ក្នុងនោះ រថយន្តបំពាក់ទូត្រជាក់ មានចំនួន៣គ្រឿង យានយន្តដឹកកសិផលចំនួន៤គ្រឿង និងរ៉ឺម៉កកង់បី ចំនួន១៤គ្រឿង។ គម្រោងនេះ មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
  ពិធីប្រគល់មធ្យោបាយដឹកជញ្ជូនដល់សហគមន៍កសិកម្ម
លោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺអន្តរជាតិកម្ពុជា បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា គម្រោងនេះនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់គ្រួសារកសិករប្រមាណជាង ៥៣ ៣០០គ្រួសារ។ គម្រោងនេះក៏ជំរុញការវិនិយោគលើការកសាងសហគ្រាស កែច្នៃផលិតផលមាន់ស្រែខ្មែរ កសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែតាមស្តង់ដា និង បង្កើតសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម។
 
លោក ញ៉ែម សារ៉េត បានរៀបរាប់ដូច្នេះ៖ «អង្គការមានបំណងរុញមាន់ខ្មែរឲ្យចូលទីផ្សារ។ ពន្លឿនការរីកលូតលាស់ នៃផលិតកម្មមាន់ស្រែខ្មែរ តាមរយៈការពង្រឹងសមត្ថភាពសហគមន៍ និងអភិវឌ្ឍស្ថាប័នសហគមន៍កសិកម្ម»។
 
 
ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគាំទ្រនឹងគម្រោងរបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា។ លោកបានស្នើឲ្យអង្គការនេះបន្តគាំទ្រ និងបន្តផ្ដល់ជំនួយ ដល់សហគមន៍កសិកម្មបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ និងមាន់ស្រែខ្មែរ របស់សហគមន៍កសិកម្ម ដើម្បីធានាបានផលិតភាព និងបង្កើតឱកាសការងារ ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
 
លោករដ្ឋមន្រ្តី ចង់កែប្រែវិស័យសាកវប្បកម្ម និងផលិតកម្មមាន់ស្រែខ្មែរយកសាច់ ឆ្ពោះទៅធ្វើទំនើបកម្មទាំងផលិតភាពផលិត ការរក្សាទុក ការវេចខ្ចប់ និងដឹកជញ្ជូន ដោយប្រើប្រព័ន្ធ Cold chain system(រក្សាភាពស្រស់ និងអាយុកាលផលិតផលបានយូ) ទៅកាន់ទីផ្សារ។
 
កន្លងមក អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានបង្កើតគម្រោងជាច្រើន នៅកម្ពុជា ដូចជា គម្រោងពង្រឹងអំណាចស្រ្តីតាមរយៈកម្មវិធីដាក់ទុនលើជំនាញថ្មីដើម្បីអនាគត ដែលមានរយៈពេល ២ឆ្នាំ និងបានអនុវត្តចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២១។ គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច មានរយៈពេល ៤ឆ្នាំ ចាប់ផ្ដើមអនុវត្តឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ គម្រោងបង្កើនប្រាក់ចំណូល និងលើកកម្ពស់អាហារូបត្ថម្ភវគ្គ៣ មានរយៈពេល ៣ឆ្នាំ បានអនុវត្តចាប់ឆ្នាំ២០១៦ ដល់២០១៨៕
 






© រក្សាសិទ្ធិដោយ thmeythmey.com