ជាតិ
សង្គមជាតិ
ក្រុង​បាត់ដំបង ត្រូវបាន​ដាក់​ជា​បេក្ខភាព​«​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​»​នៃ​យូណេស្កូ​
26, Jun 2021 , 10:30 pm        
រូបភាព
ដោយ​៖ ប៉ូ សុភា 
​ភ្នំពេញ​៖ រដ្ឋាភិបាល បានដាក់​ក្រុង​បាត់ដំបង ជា​បេក្ខភាព​«​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០២១​។ ការស្នើសុំ​នេះ ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​វប្បធម៌​កម្ពុជា និង​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​។



​លោក គឹម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា​បានរៀបចំ​ឯកសារ និង​បំពេញ​ពាក្យស្នើសុំ​អស់ហើយ ដើម្បី​បញ្ជូនទៅ​ទី​កាន់​ទីស្នាក់ការ​អង្គការ​នេះ នៅ​ក្រុងប៉ារីស ដាក់បញ្ចូល​ក្រុង​បាត់ដំបង ជា​បេក្ខភាព​«​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​»​។ 
 
« ឯកសារ​គ្រប់​យ៉ាងខ្ញុំ​បាន​បំពេញ​រួចរាល់​អស់ហើយ ពេលដែល​ដាក់ពាក្យ​ស្នើសុំ​ដូច​ដាក់ CV​ដូច្នេះ​ដែរ​។ ដំណើរ​បន្ត​អង្គការ​យូណេស្កូ​ជា​អ្នកត្រួតពិនិត្យ​បន្ថែម ហើយ​ជាប់​ឬ​មិន​ជាប់​យើង​មិនទាន់​ដឹង​នៅឡើយ​នោះទេ​»​។ នេះ​ការបញ្ជាក់​របស់ លោក​គឹម សោភ័ណ ដោយ​លោក​បន្ថែមថា លទ្ធផល​ជាប់ ឬ​ធ្លាក់​នោះ គឺអាច​ដឹង​នៅ​២​ក្រោយ ការដាក់​ពាក្យ​នេះ​។ 
 
​ការជ្រើសរើស​យក​ទីក្រុង​បាត់ដំបង ដើម្បី​ចូល​ជា​សមាជិក «​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» គឺមាន​ការវាយតម្លៃ​ពី​ក្រុម​អ្នកជំនាញ​នៅ​កម្ពុជា​។ អ្នកជំនាញ​សង្កេតឃើញថា ខេត្តបាត់ដំបង​សម្បូរ​ទៅដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ដែល​ត្រូវបាន​រៀបចំ និង​កែច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​បាន​។ នេះ​បើតាម​ការបញ្ជា​ក់លោក ថោង ខុន​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បន្ថែមថា ការចូល​ជា​សមាជិក​បណ្តាញ​នេះ នឹង​អនុញ្ញាត​ឲ្យ​កម្ពុ​ជាមាន​សិទ្ធិ​ប្រើប្រាស់​និម្មិត​សញ្ញា (Logo) របស់​បណ្តាញ​យូណេស្កូ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល និង​លក្ខណៈពិសេស​នៃ​ទីក្រុង​ខ្លួន ទៅកាន់​ទីក្រុង​នានា​ជា​សមាជិក និង​ក្របខណ្ឌ​អង្គការ​យូណេស្កូ ក្នុងការ​លើកស្ទួយ​វប្បធម៌​។  
 
​លោក ថោង ខុន បន្តថា​៖«​សក្តានុពល​ទេសចរណ៍​ទីក្រុង និង​មុខមាត់​របស់​ទីក្រុង​ជ័យលាភី ក៏ដូចជា​ជោកជ័យ​របស់​ប្រទេសជាតិ​ទាំងមូល​។ ជាពិសេស​ការតម្រង់​ឆ្ពោះទៅរក​ការផ្សព្វផ្សាយ​ទេសចរណ៍​ម្ហូបអាហារ Gastronomy Tourism ដែលជា​និន្នាការ​ថ្មី​របស់​ពិភពលោក ដែល​កម្ពុ​ជាមាន​ទីក្រុង​បាត់ដំបង​តែម្តង​»​។​
 
​បើតាម​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង បណ្ដា​ប្រទេស​ជា​សមាជិក​បណ្ដាញ​យូណេស្កូ អាចដាក់​ពាក្យស្នើសុំ​ដាក់​ទីក្រុង​ចំនួន​ពីរ នៅក្នុង​ប្រទេស​ខ្លួន ចូលរួម​ប្រកួតប្រជែង ប៉ុន្ដែ​ត្រូវដាក់​ប្រកួត​ក្នុង​ផ្នែក​ខុសគ្នា​។ 
 
« បើ​ក្រុង​មួយ​ដាក់​ផ្នែក​សិល្បៈ​នៃ​ការផ្សព្វផ្សាយ Media Arts ក្រុង​មួយទៀត​មិនអាច​ដាក់​ផ្នែក​នេះ​អត់​បានទេ ។ គេ​ត្រូវដាក់​ផ្នែក​រចនាប័ទ្ម និង​ការតុបតែង Design ឬ​ផ្នែក​អ្វី​ផ្សេង​ក៏បាន ឱ្យតែ​ខុសគ្នា​»​។ នេះ​ជាការ​ពន្យល់​របស់លោក គឹម សោភ័ណ​។​
 
​សូមបញ្ជាក់ថា កម្មវិធី​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ​នេះ មាន​ចែកចេញជា ៧​ប្រភេទ​ផ្សេងៗ រួមមាន​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ ផ្នែក​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ Crafts and Folk Arts  ,​ផ្នែក​សិល្បៈ​នៃ​ការផ្សព្វផ្សាយ Media Arts, ផ្នែក​ខ្សែភាពយន្ត Film, ផ្នែក​រចនាប័ទ្ម និង​ការតុបតែង Design, ផ្នែក​ម្ហូបអាហារ Gastronomy, ផ្នែក​អក្សរសាស្ត្រ Literature និង​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​តន្ត្រី Music​។​
 
​ដោយឡែក នៅ​តំបន់​អាស៊ាន​មាន​ទីក្រុង​ចំនួន ៦ ក្នុងប្រទេស​ចំនួន ៤ ដែលជា​សមាជិក​ក្នុង​បណ្តាញ​ទីក្រុង​របស់​អង្គការ​យូណេស្កូ​នេះ រួមមាន​៖ ប្រទេស​ថៃ មាន​ទីក្រុង​ភូ​កេ​ត និង​ទីក្រុង​ឈាង​ម៉ៃ​, ប្រទេស​ឥណ្ឌូណេស៊ី មាន​ទីក្រុង​បាន​ឌុ​ង (Bandung) និង​ទីក្រុង​ផេ​កាឡុង​ហ្កា​ន (Pekalongan), ប្រទេស​សិង្ហ​បុរី មាន​ទីក្រុង​សិង្ហ​បុរី និង​ប្រទេស​ហ្វីលីពីន មាន​ទីក្រុង​បាក​ជី​អូ (Baguio)​។ ដូច្នេះហើយ​ទើប​កម្ពុជា​ប្រឹង​ស្រវាស្រទេញ ដើម្បី​បានដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​នេះ​ទៅក្នុង​ប្រភេទ​ទី​៥​។​
 
​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ « UNESCO Creative Cities Network » បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ «​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​» លើ​សមាសភាព​សំខាន់ៗ ដែលជា​កត្តា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​៕
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អង្គការ​យូណេស្កូ​
  ភាព​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com