ជាតិ
សង្គមជាតិ
មេបញ្ជាការរង និងមន្ត្រីព្រំដែន ៩នាក់ ត្រូវបញ្ជូនទៅតុលាការ ពីបទគប់គិតឲ្យវៀតណាមចូលកាប់ឈើនៅព្រំដែនអូរហ៊ុច ​
27, Jun 2021 , 12:59 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែន យោធាការពារព្រំដែន និងមេប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ២ សរុប៩នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទគប់គិតជាមួយវៀតណាមឲ្យចូលកាប់ព្រៃឈើដោយខុសច្បាប់ នៅបន្ទាត់ព្រំដែនអូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។



លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រោយពីអាជ្ញាធរបានឃាត់មន្ត្រីឈរជើងនៅព្រំដែនលេខ២ទាំង៩នាក់នោះកាលពីថ្ងៃទី២៤ ខែមិថុនាមក ជនល្មើសទាំង៩នាក់នោះ បានសារភាពថាពួកគេពិតជាបានរួមផ្សំគំនិតបើកដៃឲ្យវៀតណាមលួចមកកាប់ព្រៃឈើនៅតាមបន្ទាត់ព្រំដែនអូរហ៊ុចពិតមែន។     

«ឥឡូវនេះ​យើងបានឃាត់ខ្លួន និងបញ្ចប់នៃនិតិវិធីនៃនគរបាលយុត្តិធម៌ហើយ ហើយយើងនឹងរុញទៅខាងតុលាការ ដើម្បីអនុវត្តទៅតាមច្បាប់»។ នេះជាការលើកឡើងរបស់លោកអភិបាលខេត្តមណ្ឌលគិរី ដោយបន្តអះអាងថា អាជ្ញាធរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។

បើតាមលោក ស្វាយ សំអ៊ាង អាជ្ញាធរបានដកហូតឈើបានជិត២០០កំណាត់ និងវត្ថុតាងមួយចំនួន គ្រឿងចក្រ ត្រាក់ទ័រ ម៉ូតូ និងរណាយន្ត។ លោកអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កំណាត់ឈើ និងវត្ថុតាងទាំងនោះ នឹងប្រគល់ឲ្យមន្ត្រីបរិសា្ថនខេត្តរក្សាទុក។

លោកអភិបាលខេត្ត បានអះអាងថា ឈើដែលជនល្មើស លួចកាប់នៅបន្ទាត់ព្រំដែនអូរហ៊ុចនេះគឺទើបតែចាប់ផ្តើមប្រព្រឹត្តឡើង ក្នុងទំហំមិនធ្ងន់ធ្ងរឡើយ។ «យើងទើបរកឃើញបទល្មើសនេះ ក្នុងកម្រិតចាប់ផ្តើមបន្តិចបន្តួចដែរ ដោយមិនទាន់ជា​ការដឹកជញ្ជូនបែបច្រើនទេ»។ នេះបើតាមលោក ស្វាយ សំអ៊ាង៕  




© រក្សាសិទ្ធិដោយ thmeythmey.com