ជាតិ
សង្គមជាតិ
អាជ្ញាធរបញ្ជូនបុរសម្នាក់ ដែលបន្លំខ្លួនជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទៅតុលាការ
27, Jun 2021 , 3:09 pm        
រូបភាព
  រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ:
 
ភ្នំពេញ៖ បុរសម្នាក់ដែលក្លែងបន្លំខ្លួនជានាយករងមន្ទីរប្រឆំាងបទល្មើសគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លួនបុរសនោះនៅថ្ងៃទី២៤ ខែមិថុនា ពីបទបន្លំខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅចំណុចស្ថានីយប្រេងឥន្ទនៈមួយកន្លែងនៅភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បុរសនោះក៏ក្លែងស្លៀកឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសារអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកសាររបស់ក្រសួងមហាផ្ទៃផងដែរ។

សមត្ថកិច្ចបានដកហូតនៅឯកសារ និងវត្ថុតាងជាច្រើនដែលមានដូចជា កាំភ្លើងខ្លីមួយដើម, គ្រាប់កំាភ្លើង១២គ្រាប់, ខ្នោះដៃ១គូ,វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា១គ្រឿង, ស្រោមអាវុធខ្លីចំនួន៤,កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយចំនួន២សន្លឹក,មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន២ និងថ្នាក់អនុសេនីយ៍១។

ក្រៅពីនេះ ក៏មានឯកសណ្ឋាននគរបាលជាតិចំនួន៦កំផ្លេ, ប្រអប់ដាក់អាវុធខ្លី១, ម៉ាស៊ីនកាត់កាត១គ្រឿង,អាវក្រោះការពារគ្រាប់១, អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ១, កាបូបដាក់សម្ភារ៣, ស្បែកជើងកវែង១គូ និងឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្នបុរសរូបនោះត្រូវបានអាជ្ញាធរបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតីវិធីច្បាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com