ជាតិ
សង្គមជាតិ
ដួងសោម និងដួងចិញ្ចឹម មានតម្លៃខ្ពស់ក្នុងទីផ្សារ
27, Jun 2021 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ដួងដើមសោម ឬដួងសោម ជាដង្កូវមួយប្រភេទដែលអាចយកមកធ្វើជាម្ហូបអាហារទទួលទានបាន ហើយវាថែមទាំងមានតម្លៃថ្លៃមិនគួរឱ្យជឿដែរ។ ដួងសោម មួយក្បាល អាចមានតម្លៃ ពី៤ពាន់រៀល ទៅ១ម៉ឺន២ពាន់រៀល ឬពី១-៣ដុល្លារឯណោះ។ ក្រៅពីដួងសោម ដង្កូចដួងដូង និងដួងត្នោត ក៏ត្រូវបានពលរដ្ឋខ្មែរមួយចំនួន ចាប់យកធ្វើជាចំណីដែរ។ ដួងដូង ឬដួងត្នោត អាចមានទាំងដួងធម្មជាតិ និងដួងដែលគេចិញ្ចឹមលក់តែម្តង។ សារព័ត៌មានThmeythmey មិនមានព័ត៌មានជុំវិញតម្លៃដួងត្នោត និងដួងដូងធម្មជាតិទេ ប៉ុន្តែដួងដូង ឬដួងត្នោតដែលគេចិញ្ចឹម ក៏មានតម្លៃថ្លៃគួរសមដែរ ពោលគឺចន្លោះពី ៣ម៉ឺន៥ពាន់រៀល ដល់៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ។



ដួង ជាដង្កូវកើតចេញពីស៊ុតសត្វកញ្ចែមួយប្រភេទ។ វាមានខ្លួនពណ៌ស ឬក្រហមប្រឿងៗ ក្បាលពណ៌ខ្មៅ ច្រើនរស់ក្នុងឈើពុក, ក្នុងដីធូរសើម ដែលមានជីខ្លាំង និងក្នុងដើមវល្លិខ្ញែរជាដើម។ នេះបើតាមវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត។

ដង្កូវដួង មានច្រើនប្រភេទ ហើយមានតែដួងដែលកើតចេញពីដើមសោម ដើមដូង និងត្នោតទេ ដែលគេច្រើនចាប់វាយកមកទទួលទាន។ ដង្កូវដួង គេអាចយកទៅអាំង ឆា បំពង លីង ញាំ និងទទួលទានឆៅក៏បាន។ ដង្កូវដួង ក៏អាចច្នៃធ្វើជាសម្លដែរ ប៉ុន្តែមិនសូវពេញនិយមនោះទេ។ នេះបើតាម លោក សួន សាម៉េន ម្ចាស់កសិដ្ឋានដង្កូវដួងចែដា ដែលមានទីតាំងនៅភូមិកូនត្រី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក សាម៉េន ប្រាប់បានប្រាប់សារព័ត៌មាន Thmey Thmey25ថា លោកចាប់ផ្តើមរៀនចិញ្ចឹមដួងតាមយូធូប នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ ដោយមើលឃើញថា ដង្កូវដួង ហាក់មានការពេញនិយមពីប្រជាជនខ្មែរមួយចំនួន ហើយក៏មានអ្នកចិញ្ចឹមបណ្ដើរៗនោះ។ ម្ចាស់កសិដ្ឋានរូបនេះ ក៏បានថវិកា ចំណាយពេលជាច្រើនខែលើការរៀនបច្ចេកទេសចិញ្ចឹមដួងនេះដោយផ្ទាល់ នៅប្រទេសថៃ។ នៅអំឡុងឆ្នាំ២០២០ លោក សាម៉េន ក៏អាចបង្កើនការចិញ្ចឹមដួង នៅក្នុងខេត្តបន្ទាយមានជ័យ។ «ដំបូងខ្ញុំមិនគិតច្រើនទេ មើលតាមគេ គេដាក់ចំណីអីខ្ញុំដាក់ហ្នឹង ចិញ្ចឹមសាកល្បងមុនបង្អស់៣០កន្ធន់សិន កាលនោះផលបានដែរ តែទូទាត់ចំណាយលើសចំណូល។ បន្ទាប់មក ខ្ញុំទៅរករៀនបន្ថែមពីថៃ ហើយចាប់ផ្ដើមចិញ្ចឹម រួមទាំងសិក្សាបន្តរហូតអាចពង្រីកការចិញ្ចឹមដល់២០០ ទៅ៣០០  នៅក្នុងឆ្នាំ២០២០ និងពង្រីកចិញ្ចឹមបន្ថែម បាន១៦០០ចានដែក ក្នុងឆ្នាំ២០២១»។ នេះជាការរៀបរាប់របស់អ្នកចិញ្ចឹមដួង សួន សាម៉េន។

អ្នកចិញ្ចឹមដួងរូបនេះ ឱ្យដឹងទៀតថាបើទោះជាដួងចិញ្ចឹមក៏ដោយ ប៉ុន្តែវាមានតម្លៃខ្ពស់គួរសម ហើយទីផ្សារលក់ក៏មិនចង្អៀតនោះដែរ ពិសេសទីផ្សាររាជធានីភ្នំពេញ។ លោក សាម៉េន អាចលក់ដង្កូវដួងបាន ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាមសម្រាប់ការលក់រាយ ហើយតម្លៃ៣.៥ម៉ឺនរៀល ទៅ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម សម្រាប់ការលក់បន្តទៅឈ្មួញកណ្តាល។ ទោះយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនានេះ លោក និងអ្នកចិញ្ចឹមផ្សេងទៀត មិនទាន់ដួងគ្រប់គ្រាន់ ផ្គត់ផ្គង់ឱ្យអតិថិជននោះទេ ព្រោះតែតម្រូវមានច្រើន ឯបរិមាណចិញ្ចឹមមានតិច។  «ពេលនេះកសិដ្ឋានរបស់ខ្ញុំ គ្មានដួងលក់ឱ្យភ្ញៀវតែម្ដង។ ខ្ញុំត្រូវលុបចោលការបញ្ជាទិញពីភ្ញៀវ ប្រហែលជា២០ ទៅ៣០គីឡូក្រាមហើយ ព្រោះចិញ្ចឹមមិនទាន់»។ នេះជាការបញ្ជាក់របស់ លោក សួន សាម៉េន។  

ខុសពីដួងចិញ្ចឹមដែលអាចមានគ្រប់ខែ គ្រប់រដូវ ដួងដើមសោម ឬដួងសោម ដែលជាដួងធម្មជាតិ អាចរកបាន ចាប់ពីខែសីហា ដល់ខែធ្នូតែប៉ុណ្ណោះ។ ហើយខែដែលសម្បូរនោះ គឺចន្លោះខែកញ្ញា ដល់តុលា។ ចំណែកឯ «ដួង» ធម្មជាតិ ដូចជាដួងសោមជាដើមនេះ រឹតតែមានតម្លៃថ្លៃជាងដួងចិញ្ចឹមទៅទៀត។ នេះបើតាម លោក ហោន ហឿន ជាគណៈកម្មការក្នុងសហគមន៍ជីឱកបឹងប្រីយ៍ ដែលស្ថិតនៅភូមិជីឱក ឃុំ រមណីយ៍ ស្រុករវៀង ក្នុងខេត្តព្រះវិហារ។

លោក ហោន ហឿន បានប្រាប់សារព័ត៌មានThmey Thmey២៥ថា ដួងសោម ថ្លៃ៤ពាន់រៀល ដល់ ១ម៉ឺន២ពាន់រៀលឯណោះ ក្នុងមួយក្បាល។ ដួងសោមមានតម្លៃថ្លៃ ក៏ដោយសារវាជាដួងដែលធំធាត់នៅក្នុងដើមសោមតាមធម្មជាតិ ហើយវាមិនសម្បូរនោះទេ។ បើតាមលោក ហោន ហឿន នៅក្នុងដើមសោមមួយ មានដួងតែមួយគត់ ឬគ្មានសោះក៏មានដែរ។ ប្រធានសហគមន៍រូបនេះ ពន្យល់បន្ថែមថា៖ «មានដើមខ្លះមាន ដើមខ្លះអត់ ហើយពលរដ្ឋ ត្រូវចូលទៅរកនៅក្នុងព្រៃឆ្ងាយពីភូមិ។
អ្នករកដួងសោមក្នុងសហគមន៍ មួយថ្ងៃរកបានត្រឹម៤ ទៅ៥ក្បាល តែប៉ុណ្ណោះ។ តម្លៃរបស់វាថ្លៃ អ្នករកមិនហានហូបទេ លុះត្រាកាប់ត្រូវវាងាប់ទើបគេហូប ព្រោះទម្រាំរកបានមួយៗ ដើរស្ទើរសោះខ្លួន»។

ក្រៅតែមិនសម្បូរហើយ ដួងសោម ក៏មានរសជាតិឆ្ងាញ់ ជាងដួងចិញ្ចឹមដែរ ហើយនេះក៏ជាហេតុផលដែលវាមានតម្លៃថ្លៃ។ នេះជាការសន្និដ្ឋានរបស់លោក រស់ រតនា ដែលជាអ្នកធ្លាប់បរិភោគដួងសោម និងដួងដូងដែលគេចិញ្ចឹម។ លោក រតនា បញ្ជាក់ថា ដួងគេចិញ្ចឹម មានសម្បកក្រាស់ជាងដួងសោម ហើយវានឹងស្រក់គីឡូ ហើយថែមទាំងធុំក្លិនចំណីទៀតផង នៅពេលចម្អិនឆ្អិន។ ចំណែកឯដួងសោម នៅតែរក្សាទ្រង់ទាយដើមដដែល បើទោះជារសជាតិមិនលើសគ្នាប៉ុន្មានក៏ដោយ។ «រសជាតិដួងចិញ្ចឹម និងដួងសោម វាប្រហាក់ប្រហែលគ្នា តែគេអាចសម្គាល់ដួងសោមបាន ពេលបំពងក្នុងខ្លាញ់ បើប្រើភ្លើងខ្លាំង វានឹងផ្ទុះដោយសារសម្បកស្ដើង តែដួងចិញ្ចឹម ទោះប្រើភ្លើងខ្លាំងយ៉ាងណា ក៏គ្មានបញ្ហាដែរ។ អ្វីដែលពិសេសមួយទៀត គឺដួងសោមរស់នៅតែក្នុងដើមសោមប៉ុណ្ណោះ ជួនមានលុយហើយ រកទិញមិនបានហូបផង»។ លោក រស់ រតនា បញ្ជាក់ដូច្នេះ៕




  (រូបភាពដោយ លោក សួន សាម៉េន ម្ចាស់កសិដ្ឋានដង្កូវដួងចែដា)


Tag:
 ដួងសោម
  ដួងចិញ្ចឹម
  អាហារ
  ច្នៃ
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com