ជាតិ
សង្គមជាតិ
លោក ប៉ា ច័ន្ទរឿន៖«កម្ពុជាគួរពង្រឹងការអប់រំសីលធម៌ និងគុណធម៌ ដល់សិស្សពីមត្តេយ្យសិក្សាឡើងទៅ»
28, Jun 2021 , 8:59 am        
រូបភាព
 
ភ្នំពេញ៖ ការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃគុណធម៌ សីលធម៌ និងសុជីវធម៌ ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺជារឿងដែលក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់បំផុត ដើម្បីកសាងសង្គមមួយឱ្យរីកចម្រើន ប្រកបដោយសុភមង្គល។ បើសង្គមជាតិមួយសម្បូរទៅដោយមនុស្សអសីលធម៌ និងអគុណធម៌ សង្គមនោះ ក៏សម្បូរទៅដោយមនុស្សមិនគោរពច្បាប់ជាតិដែរ។ ទាំងនេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។


តាមពិតទៅ ប្រជាជនកម្ពុជាតាំងពីបុរាណមក មានសីលធម៌ គុណធម៌ និងសុជីវធម៌នៅក្នុងឈាមស្រាប់មកហើយ ដោយហេតុនោះ បាននាំឱ្យជនបរទេសភាគច្រើន ពោលសរសើរពលរដ្ឋកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការតាំងចិត្តមាំក្នុងភាពសុចរិត នឹងត្រូវបានមើលរំលង នៅពេលដែលពុំមានប្រព័ន្ធបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ នៃសីលធម៌ គុណធម៌ និងសុជីវធម៌ រឹងមាំ។  

លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថាក្រសួងអប់រំ គួរចាប់ផ្ដើមយកចិត្តទុកដាក់ ពង្រឹងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះគុណធម៌ សុជីវធម៌ និងសីលធម៌ ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ ក្នុងពេលឆាប់ៗនេះ។ លោកមានជំនឿថា យ៉ាងយូរត្រឹម១៨ឆ្នាំប៉ុណ្ណោះ ស្ថានភាពសីលធម៌ក្នុងសង្គមកម្ពុជា នឹងល្អប្រសើរជាងនេះ បើក្រសួងអប់រំយុវជន និងកីឡា រៀបចំកម្មវិធីសិក្សានេះបានត្រឹមត្រូវ។

«កាលពីច្រើនទសវត្សរ៍មុន បើគេចង់ផ្លាស់ប្ដូរផ្នត់គំនិតមនុស្ស គេត្រូវការពេល១០០ឆ្នាំ ព្រោះការអប់រំត្រូវទៅជួបគ្រូអាចារ្យផ្ទាល់។ ឯកសារសិក្សា និងមធ្យោបាយនៃការផ្សព្វផ្សាយការអប់រំ មានការលំបាក ប៉ុន្តែពេលនេះ នៅទីណាក៏អាចរៀនបាន បង្រៀនបាន ឱ្យតែមានអីនធឺណីត។ យើងមានឯកសារច្រើនណាស់ ឱ្យតែយើងចេះបណ្ដុះក្មេងឱ្យមានទម្លាប់នៃការរៀនពេញមួយជីវិត»។

ឆ្លុះបញ្ចាំងតាមរយៈឥរិយាបថរបស់ប្រជាជនប្រព្រឹត្តកន្លងមក ទាំងមន្ត្រីមានអំណាច ទាំងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងទាំងប្រជាជនធម្មតាផង លោក ប៉ា ច័ន្ទរឿន នៅតែមើលឃើញថា សីលធម៌ គុណធម៌ និងសុជីវធម៌ប្រជាជន ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ស្ថិតក្នុងតម្រិតទាបនៅឡើយ។

អ្នកវិភាគសង្គមរូបនេះ អះអាងថា មន្ត្រីមានបុណ្យសក្ដិខ្លះ ប្រើអំណាចរបស់ខ្លួន សង្កត់សង្កិន ធ្វើទុក្ខម្នេញ ប្រជាពលរដ្ឋ ដែលគ្មានកំហុសដោយបំពាន។ អ្នកមានទ្រព្យសម្បត្តិមួយចំនួន រំលោភបំពាន កេងប្រវ័ញ្ចទ្រព្យប្រជាជនស្លូតត្រង់ រំលោភច្បាប់ ដោយគ្មានការពិចារណា។ ចំណែករាស្ត្រសាមញ្ញធម្មតាវិញ ខ្លះមិនសូវយោគយល់គ្នា និងមិនសូវគោរពច្បាប់ផ្សេងៗជាដើម។ ទាំងនេះហើយ គឺជាលទ្ធផលដែលពួកគេ គ្មានសីលធម៌ និងគុណធម៌ ជាគ្រឹះក្នុងខ្លួននោះ។

លោក ប៉ា ច័ន្ទរឿន បញ្ជាក់៖«ប្រហែល២០ឆ្នាំចុងក្រោយនេះ ឃើញសេដ្ឋកិច្ចយើងឡើងមែន ប៉ុន្តែសីលធម៌សង្គមនៅទាប។ រាប់តាំងពីការគោរពច្បាប់ចរាចរណ៍ ការចោលសំរាម ការកេងប្រវ័ញ្ចគ្នា ការរំលោភបំពានផ្សេងៗ ពីសំណាក់អ្នកមានបុណ្យសក្ដិ ឬអ្នកមានទ្រព្យ។ មហាត្មៈគន្ធី បាននិយាយថា សង្គមមួយមានតែវិទ្យាសាស្ត្រ ប៉ុន្តែខ្វះសីលធម៌ នោះជាភាពអន្តរាយរបស់សង្គម»។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា ក៏យល់ស្របនឹងការយល់ឃើញរបស់លោក ប៉ា ច័ន្ទរឿនដែរ។
លោក ឈត ប៉ុនថង បានលើកឡើងថា មនុស្សម្នាក់បើទោះបីជាទទួលបានការអប់រំខ្ពស់ដល់កម្រិតណាក៏ដោយ ប្រសិនបើខ្វះគុណធម៌ ខ្វះសីលធម៌ ខ្វះមនសិការហើយ គេអាចធ្វើរឿងអាក្រក់បានគ្រប់យ៉ាង។ លោកថាការអប់រំពីមូលដ្ឋានគ្រឹះគុណធម៌ សីលធម៌ មានសារសំខាន់ ក្នុងការតម្រង់ទិសសង្គម។

«អ្នកខ្លះធ្វើអ្វីទៅតាមតែការនឹកឃើញ ឬទៅតាមតែសម្ពាធរបស់សង្គម។ មនុស្សត្រូវតែរៀនទស្សនវិជ្ជា ដើម្បីបង្កើនការគិត ការពិចារណាឱ្យបានជ្រៅជ្រះនិងគ្រប់ជ្រុងជ្រោយ។ យើងត្រូវការពេលយូរ ដើម្បីបណ្ដុះមនុស្ស ឱ្យមានទាំងចំណេះ សីលធម៌ គុណធម៌ ចេះគ្រប់គ្រងអារម្មណ៍ ចេះថ្លឹងថាអ្វីល្អអ្វីអាក្រក់។ ទោះជាយ៉ាង ប្រជាពលរដ្ឋខ្មែរសូមកុំទុទ្ទិដ្ឋិនិយម ឬក៏អស់សង្ឃឹមពេកអី ព្រោះខ្មែរច្រើនលាននាក់បានធ្វើល្អហើយ ដោយមានមនុស្សតិចតួចប៉ុណ្ណោះដែលធ្វើអាក្រក់»។ នេះគឺជាការពន្យល់បន្ថែមរបស់លោក ឈត ប៊ុនថង។
លោក ប៉ា ច័ន្ទរឿង បានលើកយកប្រទេស អាមេរិក ជប៉ុន អូស្ដ្រាលី នូវែលសេឡង់ ហ្វាំងឡុង ជាដើមដែលប្រទេសទាំងនោះ បានយកចិត្តទុកដាក់លើការអប់រំមូលដ្ឋានគ្រឹះនៃសីលធម៌ គុណធម៌ និងទស្សនវិជ្ជាដល់កុមារតូច តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ។ លោកថាប្រទេសជឿនលឿនទាំងនោះ យកមុខវិជ្ជាសីលធម៌ និងទស្សនវិជ្ជា ជាមុខវិជ្ជាស្នូលក្នុងរចនាសម្ព័ន្ធអប់រំ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធតាំងពីថ្នាក់មត្តេយ្យ។ គេនឹងបង្រៀនក្មេងពីជំនាញទន់ ការវែកញែក ការស្ដាប់មតិភាគច្រើន ការឱ្យតម្លៃគ្នា ការគោរពទស្សនៈនិងមតិផ្ទុយគ្នា ពិសេសគុណធម៌ និងសីលធម៌ សម្រាប់រស់ក្នុងសង្គម។

លោក ច័ន្ទរឿន ពន្យល់ថា៖«រាល់ការប្រឡង គេតែងតែឱ្យសិស្សត្រិះរិះពិចារណា ដោយយកគោលការសីលធម៌មកប្រើ។ អ្វីដែលគាត់ធ្លាប់បានរៀន វានឹងជួយដាស់តឿនគាត់ជានិច្ច ហើយពេលក្មេងចម្រើនវ័យទៅ គេនឹងក្លាយជាពលរដ្ឋល្អ ក្មេងល្អ សិស្សល្អ និងកូនល្អ។ គេបង្រៀនក្មេងឱ្យចេះបោះឆ្នោត ជ្រើសរើសប្រធានថ្នាក់ដែលមានអាណត្តិ ៦ខែឬក៏៣ខែម្ដង ទៅតាមសាលានីមួយៗ»។

លោក ប៉ា ច័ន្ទរឿន អះអាងយ៉ាងមុតមាំថា ចំណេះនិងជំនាញ គឺរៀនលឿន ប៉ុន្តែការបណ្ដុះគុណធម៌គឺជារឿងលំបាក ហើយត្រូវការពេលយូរ។ ទោះជាយ៉ាងណា លោកសង្កេតឃើញថា ប្រព័ន្ធអប់រំថ្នាក់ជាតិនៅកម្ពុជា ក៏ដូចជាសិស្សខ្លួនឯងផ្ទាល់ ពុំសូវបានចាប់អារម្មណ៍មុខវិជ្ជា សីលធម៌ពលរដ្ឋ ដែលជាមុខវិជ្ជាបណ្ដុះគុណធម៌ សុជីវធម៌ និងសីលធម៌នោះឡើយ។ អ្នកវិភាគសង្គមរូបនេះ យល់ថាទំនងមកពីមុខវិជ្ជានេះ មិនត្រូវបានយកទៅប្រឡងសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ ទើបបានជាសិស្សមិនខំរៀន។
«សាលាខ្លះរៀនដល់ថ្នាក់បរិញ្ញាបត្រឆ្នាំ១ឬទី២ហើយ ទើបតែបង្រៀនពីសីលធម៌ នោះមិនត្រូវទេ។ ខ្ញុំកោតសរសើរដែរ ចំពោះអ្នកគ្រប់គ្រងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា ដែលយកចិត្តទុកដាក់លើរឿងហ្នឹង ប៉ុន្តែវាយឺតបន្តិចហើយ។ ក្នុងគរុកោសល្យនៃការអប់រំ គេមិនដែលបង្រៀនមនុស្សពីមូលដ្ឋានគ្រឹះសីលធម៌ក្រោយអាយុ១៨ឆ្នាំឡើយ។ ក្នុងកម្រិតឧត្តមសិក្សាគេបង្រៀនពីសីលធម៌វិជ្ជាជីវៈ»។ នេះគឺជាការបញ្ជាក់របស់លោក ប៉ា ច័ន្ទរឿន។

លោក ប៉ា ច័ន្ទរឿន បន្ថែមថា៖«បញ្ហាសីលធម៌ក្នុងសង្គមកម្ពុជា មិនសូវមានគេលើកយកមកពិភាក្សា និងមិនមានកម្មវិធីអភិវឌ្ឍន៍សីលធម៌សង្គមជាផ្លូវការ ឬធ្វើជាប្រចាំឡើយ។ កាន់តែអាសូរ ក្រសួងអប់រំមិនសូវយកចិត្តទុកដាក់លើសីលធម៌នេះទេ។ ជាក់ស្ដែងនៅពេលប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ សិស្សដែលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ កម្របានប្រឡងមុខវិជ្ជាសីលធម៌ពលរដ្ឋណាស់ ក្រសួងផ្ដល់ហេតុផលថា នៅពេលដែលចាប់ឆ្នោត បានមុខវិជ្ជាផ្សេង ដែលផ្សេងពីមុខវិជ្ជាពលរដ្ឋ។ គ្មានការប្រឡង ដូច្នេះសិស្សមិនចាប់អារម្មណ៍រៀនមុខវិជ្ជាសីលធម៌ពលរដ្ឋទេ»។

ភ្ជាប់ជាមួយគ្នានេះ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ច័ន្ទរឿន ថាសាលារៀននៅកម្ពុជា ហាក់មិនសូវមានឥទ្ធិពលលើសិស្សឡើយ ដោយហេតុថារយៈពេលដែលសិស្សនៅក្នុងសាលាមានពេលតិច។ លោកថានៅក្នុងប្រទេសជឿនលឿនមួយចំនួន កម្មវិធីសិក្សារបស់គេ តម្រូវឱ្យសិស្សនៅក្នុងសាលារយៈពេលយូរ ដើម្បីសិស្សអាចទទួលបានការអប់រំត្រឹមត្រូវ តាមក្បួនដែលសាលាបានកំណត់។

លោក ច័ន្ទរឿនបន្ថែម៖«បើសិស្សមិនអាចនៅក្នុងសាលារយៈពេលយូរ ក្រសួងគួរតែបង្កើតកម្មវិធីល្អៗ វីដេអូល្អៗ ពាក្យពេចន៍ល្អៗ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យបានគ្រប់រូបភាព»៕   





Tag:
 ប៉ា ច័ន្ទរឿន
  សង្គម
  គុណធម៌
  អប់រំ
  មត្តេយ្យ
  សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com