ជាតិ
សង្គមជាតិ
ជនជាតិចិនដែលចិញ្ចឹមសត្វតោខុសច្បាប់ នឹងរងពិន័យទឹកប្រាក់៣ម៉ឺនដុល្លារ
28, Jun 2021 , 2:54 pm        
រូបភាព
 រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដែលចិញ្ចឹមសត្វតោមួយក្បាលដោយខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយកន្លែងក្នុងភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ ពិន័យជាទឹកប្រាក់៣ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាបញ្ចប់ការចិញ្ចឹមសត្វព្រៃជាបន្តទៀត។ នេះបើតាមលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ដំបូងឡើយ បុរសជនជាតិចិននេះ  បានចិញ្ចឹមសត្វតោនោះ នៅប្រទេសចិន។ ប៉ុន្តែក្រោយពីបុរសចិនរូបនេះ មករស់នៅកម្ពុជា រូបគេក៏បាននាំសត្វតោនោះ មកចិញ្ចឹមដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។ 
 
លោក កែវ អូម៉ាលីស្ស បានរៀបរាប់ដូច្នេះថា៖«ច្បាប់យើងមានឲ្យចិញ្ចឹមតើ។ យើងមានបែបបទស្នើសុំ និងអនុញ្ញាតឲ្យចិញ្ចឹមសត្វព្រៃ។ ប៉ុន្តែបើតោហ្នឹងរឹបអូសហើយ និងពិន័យហើយ គឺយើងអនុវត្តតាមហ្នឹងបានហើយ»។  
 
សត្វតោនោះត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុងមួយក្បាល ដោយបានដក ចង្គោមរបស់វាចេញ។ សត្វតោនោះមានទម្ងន់ជាង៧០គីឡូក្រាម។ នេះជាការអះអាងរបស់អ្នកជំនាញព្រៃឈើ។ 


 
លោកប្រធានរដ្ឋបាលព្រៃឈើ បានអះអាងថា សត្វតោមួយក្បាលនោះ ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ នាំយកទៅរស់នៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរួចហើយ។ 
 
បើតាមអ្នកជំនាញ សត្វតោមួយនេះមាន ប្រភេទមកពីតំបន់អាហ្រ្វិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។ លោក កែវ អូម៉ាលីស្ស បានបញ្ជាក់ថា ការបញ្ជូនសត្វតោនេះឭ មករស់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនេះ គឺដើម្បីឲ្យសត្វតោមួយក្បាលបន្សំានឹងការរស់នៅជាមួយនឹងប្រភេទសត្វតោដទៃទៀត។ 
 
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ បានចែងថា ជនណាដែលចិញ្ចឹម បង្កាត់ពូជប្រភេទសត្វព្រៃក្នុងក្រុមជិតផុតពូជ និងប្រភេទសត្វព្រៃក្នុងក្រុមមានដោយកម្រ ជននោះនឹងត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ គិតជាទឹកប្រាក់ពី ២ ទៅ៣ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ៕
 

 
 

Tag:
 សត្វតោ
 រដ្ឋបាលព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com