COVID-19
ជាតិ
កូវីដ-១៩ តាមខេត្ត៖ ឧត្តរមានជ័យ សៀមរាប និងព្រៃវែងមានអ្នកឆ្លងច្រើនជាងគេ
28, Jun 2021 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តចំនួន៨ បានបញ្ចេញតួលេខអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃទី២៧ ខែមិថុនា។ ក្នុងចំណោមនោះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មី ដល់ទៅ៦២នាក់ ក្នុងនោះ៥៧នាក់ នាំចូលពីប្រទេសថៃ។ ខេត្តសៀមរាប មាន៥៦នាក់បន្ថែម ខណៈ៤២ករណីនៅខេត្តព្រៃវែង។ នៅកោះកុង មាន៣៨នាក់ ខណៈបាត់ដំបង និងកំពង់ធំ មានជិត៣០នាក់រៀងខ្លួន ជិត១០នាក់រៀងខ្លួនដែរសម្រាប់ខេត្តក្រចេះ និងព្រះវិហារ។

 
ឧត្តរមានជ័យ៖ មាន៦២ករណី ភាគច្រើនជាពលករខ្មែរមកពីថៃ
 
ក្នុងចំណោមអ្នកតេស្តវិជ្ជមានកូវីដ-១៩ មាន៥៧នាក់ គឺជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ គឺជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប កំពត តាកែវ កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង និងខេត្តមណ្ឌលគិរី។  បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៩៥នាក់ ក្នុងនោះ៣៤៧នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៩២នាក់ ,២នាក់ស្លាប់ និង៣០១នាក់ កំពុងបន្តការព្យាបាល។ 
 
សៀមរាប៖ ឆ្លងថ្មី ៥៦នាក់ ជាសះស្បើយ ៤២នាក់
 
មនុស្ស ៥៦នាក់ទៀត វិជ្ជមានកូវីដ-១៩ ខណៈ៤២នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺភាគច្រើនមានប្រភពចេញពីផ្សារលើ ហើយអ្នកវិជ្ជមានភាគច្រើនរស់ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី២៧ មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣៩នាក់ ក្នុងនោះ ៣៦២នាក់ បានជាសះស្បើយ ៩នាក់ស្លាប់ និង៥៦៨នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
ព្រៃវែង៖ មាន៤២នាក់ទៀត ក្នុងនោះ២០នាក់ជាពលរដ្ឋនៅស្រុកស្វាយអន្ទរ
 
ក្នុងចំណោមករណីឆ្លងថ្មីទាំង៤២នាក់នោះ មាន២០នាក់ជាអ្នកស្រុកស្វាយអន្ទរ, ស្រុកស៊ីធរកណ្តាល និងស្រុកពាមរក៍ រកឃើញ៤នាក់រៀងខ្លួន។ ស្រុកបាភ្នំមាន៣នាក់ ស្រុកមេសាង ក៏មានករណីថ្មី៣នាក់ខណៈ ស្រុកព្រះស្តេច និងកញ្ច្រៀច មាន២នាក់រៀងៗខ្លួន។ ដោយឡែកក្រុងព្រៃវែង ស្រុកពារាំង ពោធិ៍រៀង និងស្រុកកំចាយមារ មាន១នាក់រៀងខ្លួនដែរ។ ត្រឹមថ្ងៃទី២៧ មិថុនា ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុប ១៤៤៣នាក់ ក្នុងនោះ៩៧១នាក់បានជាសះស្បើយ ២២នាក់ស្លាប់ និង៤៥០នាក់ កំពុងបន្តការព្យាបាល។ 
 
កោះកុង៖ មាន៣៨នាក់ទៀត ភាគច្រើននៅស្រុកព្រះស្តេច 
 
ក្នុងចំណោមករណីថ្មីទាំង ៣៨នាក់នេះ គឺជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា, ស្រុកគិរីសាគរ, ស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកបុទុមសាគរ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺបានជាសះស្បើយផងដែរ។
 
បាត់ដំបង៖ រកឃើញ២៧នាក់ និងអ្នកសះស្បើយមាន១០នាក់
 
ខេត្តបាត់ដំបង រកឃើញមនុស្ស២៧នាក់ទៀត បានឆ្លងកូវីដ-១៩ ក្នុងនោះមាន៥នាក់នាំចូលពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន១០នាក់ បានជាសះស្បើយផងដែរ។ អ្នកឆ្លងថ្មី មានអ្នករស់នៅក្នុងក្រុងបាត់ដំបង, ស្រុកសង្កែ មោងឫស្សី បវេល ឯកភ្នំ ថ្មគោល និងស្រុកសំពៅលូន។ គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៨១៣នាក់ ក្នុងនោះ៥០៧នាក់ បានជាសះស្បើយ ,៦នាក់ស្លាប់ និងមានអ្នកជំងឺចំនួន ៣០០នាក់ទៀត កំពុងបន្តការព្យាបាល។ 
 
កំពង់ធំ៖ មាន២៦នាក់បន្ថែម ខណៈអ្នកសះស្បើយមាន១៥នាក់
 
ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៦នាក់បន្ថែមទៀត និងមានអ្នកជំងឺ១៥នាក់ បានជាសះស្បើយផងដែរ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ២៦នាក់នោះ មាន៦នាក់ជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ អ្នកជំងឺ១១ នាក់រស់នៅស្រុកបារាយណ៍, ៧នាក់នៅស្រុកសន្ទុក, ៧នាក់ទៀតនៅស្រុកកំពង់ស្វាយ និង១នាក់នៅស្រុកតាំងគោក។ បច្ចុប្បន្ន ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨២២នាក់ ក្នុងនោះ៣៦៧នាក់បានជាសះស្បើយ, ៨នាក់ស្លាប់ និងចំនួន២៦៩នាក់កំពុងសម្រាកព្យាបាល។

ក្រចេះ៖ មាន៩នាក់ទៀត ភាគច្រើនជាពលរដ្ឋក្រុងក្រចេះ
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ៩នាក់នោះ មាន៦នាក់ជាពលរដ្ឋនៅសង្កាត់រកាកណ្តាល និងសង្កាត់ក្រចេះ ក្រុងក្រចេះ អ្នកជំងឺ២នាក់ទៀតរស់នៅឃុំសំបុក ស្រុកចិត្របូរី និង១នាក់ទៀតរស់នៅឃុំហាន់ជ័យ ស្រុកឆ្លូង។ រដ្ឋបាលខេត្តក្រចេះ មិនបានបង្ហាញតួលេខអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងខេត្តខ្លួននោះទេ។ 
 
ព្រះវិហារ៖ រកឃើញ៨នាក់បន្ថែម
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨នាក់នោះ មាន១នាក់ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ និង១នាក់ ធ្វើដំណើរពីខេត្តកណ្តាល។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនេះ មាន៣នាក់រស់នៅក្រុងព្រះវិហារ ,៣នាក់នៅស្រុកគូលែន, ១នាក់នៅស្រុកជាំក្សាន្ត និង១នាក់ទៀតនៅស្រុករវៀង។ បច្ចុប្បន្ន ខេត្តព្រះវិហារមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៧នាក់ ក្នុងនោះ ៣៥នាក់បានជាសះស្បើយ និង៤២នាក់ កំពុងសម្រាកព្យាបាល។  

សរុបទូទាំងប្រទេស៖ ឆ្លងថ្មី៨៨៣នាក់ សះស្បើយ ៦០៧នាក់ និងស្លាប់១៦នាក់ទៀត
 
មនុស្សចំនួន ៨៨៣នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៣៥នាក់ ជាករណីនាំចូល។  អ្នកសះស្បើយ មាន៦០៧នាក់ ខណៈអ្នកស្លាប់មាន១៦នាក់បន្ថែម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ គិតត្រឹមថ្ងៃទី២៧ មិថុនា កម្ពុជាមានអ្នកឆ្លងសរុប ៤៨ ៥៣២នាក់ ក្នុងនោះ ២៣១១នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤២៧៦៤ នាក់ និងស្លាប់សរុប ៥៥៦ នាក់៕
 

Tag:
 ឧត្តរមានជ័យ
 សៀមរាប
 ព្រៃវែង
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com