ជាតិ
សង្គមជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ពង្រីកដល់ខេត្តស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ចាម និងពោធិ៍សាត់
29, Jun 2021 , 5:59 pm        
រូបភាព
រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ​
រូបភាពពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ​
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ចាមបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ ជូនពលរដ្ឋចាប់ពីថ្ងៃទី២៩ ខែមិថុនាតទៅហើយ។ ចំណែកខេត្តពោធិ៍សាត់ និងត្បូងឃុំ នឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមិថុនាតទៅ។ ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងនេះ មិនទាន់អាចប្រព្រឹត្តទៅទូទាំងខេត្តឡើយ។

 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅខេត្តស្វាយរៀង គឺចាក់ជូនតែពលរដ្ឋនៅក្រុងបាវិត,ស្រុករំដួល និងស្រុកកំពង់រោទិ៍សិនប៉ុណ្ណោះ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង ពលរដ្ឋនៅក្រុងបាវិត អាចទៅចាក់វ៉ាក់សាំងនៅ២ទីតាំង គឺវិទ្យាល័យ ជីតូ និងសាលាបឋមសិក្សា និងមតេ្តយ្យធនធានបាវិត។ ពលរដ្ឋនៅស្រុករំដួល អាចទៅចាក់វ៉ាក់សាំងនៅទីតាំង៨ រួមមាន សាលាបឋមសិក្សាបុសមន, វិទ្យាល័យពងទឹក,អនុវិទ្យាល័យម៉ឺនជ័យ, សាលាបឋមសិក្សាសង្កែ, សាលាបឋមសិក្សាកំពង់ចក, សាលាបឋមសិក្សាម្រាក, សាលាបឋមសិក្សាភូមិក្រូច និងសាលាបឋមសិក្សាវត្តធ្នង់។ 
 
រីឯពលរដ្ឋនៅស្រុកកំពង់រោទិ៍ មាន១០ទីតាំង គឺសាលាបឋមសិក្សាបន្ទាយក្រាំង, សាលាបឋមសិក្សាព្រៃភ្នៀត,សាលាបឋមសិក្សាព្រះពន្លា,សាលាបឋមសិក្សាព្រៃម្នាស់, សាលាបឋមសិក្សាថ្មី, មណ្ឌលសុខភាពស្វាយតាយាន,សាលាបឋមសិក្សា ហ៊ុន សែន កំពង់រោទិ៍,អនុវិទ្យាល័យខ្សែត្រ និងសាលាបឋមសិក្សាព្រៃចំណារ។ 
 
សម្រាប់ខេត្តកំពង់ឆ្នាំង ក៏កំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។ រដ្ឋបាលខេត្ត បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ គឺចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។ ពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ អាចចាក់នៅទីតំាងចំនួន៥ គឺមណ្ឌលសុខភាពលង្វែក, មណ្ឌលសុខភាពស្វាយជុក, មណ្ឌលសុខភាពពាម,មណ្ឌលសុខភាពក្រាំងល្វា និងមណ្ឌលសុខភាពធ្លកវៀន។ 
 
ចំពោះពលរដ្ឋនៅស្រុកកំពង់ត្រឡាច អាចចាក់នៅទីតាំងចំនួន៤ គឺមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មណ្ឌលសុខភាពស្វាយ,មណ្ឌលសុខភាពតាជេស និងមណ្ឌលសុខភាពច្រេស។ ចំណែកពលរដ្ឋនៅស្រុកលាប្អៀរ ចាក់នៅទីតំាងចំនួន៤ផងដែរគឺ មណ្ឌលសុខភាពពង្រ,មណ្ឌលសុខភាពជើងគ្រាវ, មណ្ឌលសុខភាពព្រៃខ្មែរ និងមណ្ឌលសុខភាពជ្រៃបាក់។ 
 
ដោយឡែកខេត្តកំពង់ចាមវិញ ក៏កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋតែ៥ស្រុក និងក្រុងសិន គឺស្រុកបាឆាយ,ស្រុកជើងព្រៃ ស្រុកព្រៃឈរ,ស្រុកកំពង់សៀម និងក្រុងកំពង់ចាមសិន។ ស្រុកបាយឆាយ ចាក់នៅ៣ទីតាំង គឺវិទ្យាល័យជើងឆ្នុក, វិទ្យាល័យបាឆាយ និងវត្តសំវរសីល។ 
 
ពលរដ្ឋនៅស្រុកជើងព្រៃ មាន១៦ទីតាំងគឺ រោងចក្រស្កាយណាយ,រោងចក្រផលិតស្បែកជើង ប្រាយម៍ស៊ូ មេនូហ្វេកឈ័រ អិលធីឌី,រោងចក្រខាលីនតុន ខេមបូឌា,រោងចក្រវ៉ាឡុង,រោងចក្រជូហួយ,រោងចក្រ ស៊ីភីស៊ីជី, សាលាបឋមសិក្សាស្គន់,សាលាបឋមសិក្សាត្រពាំងកក់,អនុវិទ្យាល័យព្រីងជ្រុំ,វត្តស្អាង,វត្តស្តើងជ័យ,សាលាបឋមសិក្សាសង្កែពង,វត្តភូមិព្នៅ, វត្តផ្តៅជុំ,វត្តសិរីខ្នុរដំបង និងវត្តឈូក។ 
 
រីឯពលរដ្ឋនៅស្រុកព្រៃឈរ មាន១៥ទីតាំង គឺមន្ទីរពេទ្យបង្អែកព្រៃឈរ,សាលាបឋមសិក្សាព្រៃទទឹង,មណ្ឌលសុខភាពតុងរ៉ុង,មណ្ឌលសុខភាពល្វា, សាលាបឋមសិក្សាសូសែន្យ,មណ្ឌលសុខភាពស្រង៉ែ,សាលាបឋមសិក្សាទទួលខ្ពស់,វិទ្យាល័យហ៊ុនសែននគរ,មណ្ឌលសុខភាពថ្មពូន,មណ្ឌលសុខភាពបារាយណ៍,មណ្ឌលសុខភាពមៀន,មណ្ឌលសុខភាពត្រពាំងព្រះ,រោងចក្រស៊ាន់ស៊ូ,សាលាបឋមសិក្សាអ្នកតាស្នឹង និងសាលាបឋមសិក្សាមៀន។
 
ពលរដ្ឋនៅស្រុកកំពង់សៀម មានទីតាំង៨ គឺសាលាបឋមសិក្សាអង្គួញដី,សាលាបឋមសិក្សាភ្នំប្រុស,សាលាបឋមសិក្សាអង្គរ,សាលាសិក្សាវត្តថ្មី,សាលាសិក្សាគៀនជ្រៃ,សាលាចុងកោះជ្រូក,សាលាដំបូងដែក និងសាលាហ៊ុនណេង កោះប៉ែន។ ចំពោះពលរដ្ឋនៅក្រុងកំពង់ចាម ចាក់នៅទីតាំង៤ គឺមន្ទីរពេទ្យខេត្ត,សាលាបឋមសិក្សាទទួលថ្ម,វិទ្យាល័យហ៊ុនសែន បឹងកុក និងសាលាឧត្តរ។ 
 
សម្រាប់ពលរដ្ឋនៅទីប្រជុំជន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់វិញ គឺចាក់នៅទីតាំងចំនួន៣ គឺសាលាខេត្តពោធិ៍សាត់,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស និងវិទ្យាល័យពោធិ៍សាត់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា តទៅ។  
 
ចំណែកខេត្តត្បូងឃ្មុំវិញ ក៏នឹងចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋនៅថ្ងៃទី៣០ ខែមិថុនាដែរ។ ប៉ុន្តែយុទ្ធនាការនេះគឺចាក់តែពលរដ្ឋនៅក្នុងក្រុងសួងសិនប៉ុណ្ណោះ។ ទីតាំងចាក់វ៉ាក់សាំងគឺមាន៥ គឺមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ,មណ្ឌលសុខភាពសួង១, វត្តពណ្ណរាយ និងវត្តវិហារខ្ពស់។ 
 
សូមជម្រាបថា បច្ចុប្បន្នមានរាជធានី-ខេត្ត ចំនួន១១ហើយ ដែលកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល, ព្រះសីហនុ , កោះកុង តាកែវ,ខេត្តកំពង់ស្ពឺ,ស្វាយរៀង,កំពង់ចាម,ត្បូងឃ្មុំ,កំពង់ឆ្នាំង និងពោធិ៍សាត់។
 
សូមបញ្ជាក់ថា ត្រឹមថ្ងៃទី២៩ ខែមិថុនា មានពលរដ្ឋជាង៤លាននាក់ហើយនៅកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ម្ចុលទី១ គឺស្មើនឹង៤០,២០ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ១០លាននាក់។ ក្នុងចំណោមពលរដ្ឋជាង៤លាននាក់នោះ គឺមានជាង ២,៩លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។ 
 
កម្ពុជាមានវ៉ាក់សាំងសរុបជាង១១លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ចំនួន៧,៥លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៣,២លានដូស និងវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស  ដែលជាជំនួយពីយន្តការCOVAX៕ 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com