ជាតិ
សង្គមជាតិ
របាយការណ៍៖ កុមារជាង៩,៨០០នាក់បានចាកចេញពីមណ្ឌលថែទាំ ទៅរស់នៅជាមួយគ្រួសារវិញ
29, Jun 2021 , 7:29 pm        
រូបភាព
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ដោយ:
ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់២០១៩ កុមារជាង៩,៨០០នាក់ ក្នុងចំណោមកុមារជាង ១,៤ម៉ឺននាក់ ដែលរស់នៅក្នុងមណ្ឌលថែទាំកុមារក្នុងរាជធានីខេត្ត  បានវិលត្រឡប់ទៅរស់នៅ ជាមួយក្រុមគ្រួសារវិញហើយ។ ការបញ្ជូនកុមារទាំងនោះ ទៅរស់នៅជាមួយគ្រួសារវិញ គឺដើម្បីឲ្យពួកគេទទួលបានការអភិវឌ្ឍផ្នែកសង្គម និងភាពកក់ក្តៅពីក្រុមគ្រួសារ។

 
របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា កុមារទាំងអស់ ដែលរស់នៅក្នុងមណ្ឌលថែទាំកុមារទូទាំងរាជធានីខេត្ត គឺមាន៨០ភាគរយ ជាកុមារដែលមានឪពុកម្តាយ និងសាច់ញាតិនៅរស់។ ចំណែក២០ភាគរយទៀត ជាកុមារកំព្រា។ បើតាមរបាយការណ៍ មូលហេតុដែលឪពុកម្តាយ បញ្ជូនកូនមករស់នៅក្នុងមណ្ឌលថែទាំកុមារ គឺពួកគេជួបនឹងកត្តាដូចជា ការបែកបាក់គ្រួសារ, ជីវភាពខ្សត់ខ្សោយ និងការធ្វើចំណាកស្រុកជាដើម។ 
 
លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ថា ឪពុកម្តាយភាគច្រើន គឺយល់ច្រឡំថា ការសម្រេចចិត្តឲ្យកុមារមករស់នៅក្នុងមណ្ឌលថែទាំ គឺជាជម្រើសដ៏ល្អ សម្រាប់ឲ្យកុមារទទួលបានការអប់រំ និងការថែទាំ។  លោកថា មណ្ឌលថែទាំកុមារ គឺគ្រាន់តែជាកន្លែងដែលដោះស្រាយបញ្ហារបស់កុមារជាបណ្តោះអាសន្នប៉ុណ្ណោះ។ កន្លែងដែលល្អបំផុតសម្រាប់កុមារនោះ គឺផ្ទះក្រុមគ្រួសារ។ 
 
អ្នកជំនាញបានលើកឡើងថា បើសិនកុមាររស់នៅក្នុងមណ្ឌលដែលមានធនធានគ្រប់គ្រាន់ គឺអាចឲ្យកុមារទទួលបានការសិក្សា ការហូបចុក និងការថែទាំបានល្អិតល្អន់ គឺធ្វើឲ្យកុមារទាំងនោះ អាចទទួលបានការអប់រំ និងជំនាញផ្សេងៗ។ ប៉ុន្តែបើកុមាររស់នៅក្នុងមណ្ឌលដែលខ្សត់ខ្សោយធនធាន ប្រាកដជាធ្វើឲ្យកុមារប្រឈមនឹងបញ្ហាទៅវិញទេ។ 
 
លោក ភី ណូ បានអះអាងថា ការឲ្យកុមាររស់នៅក្នុងមណ្ឌលថែទាំកុមារបែបនេះ គឺ អាចបង្កឲ្យប៉ះពាល់ការអភិវឌ្ឍរូបរាងកាយ អារម្មណ៍ បញ្ញាសា្មរតីរបស់កុមារ និងការអភិវឌ្ឍផ្នែកសង្គម។ ក្រោមហេតុផលទាំងអស់នេះហើយ បានជាក្រសួងសង្គមកិច្ច ចង់បញ្ជូនកុមារទៅរស់នៅជាមួយឪពុកម្តាយ និងសាច់ញាតិវិញ ដើម្បីឲ្យពួកគេទទួលបានការអភិវឌ្ឍ។
 
អ្នកជំនាញផ្នែកសុខុមាលភាពកុមារ បានពន្យល់ពីស្ថានភាពកុមារ ដែលជួបប្រទះបញ្ហាក្នុងមណ្ឌលថែទាំដូច្នេះថា៖«ពួកគេនឹងតូចចិត្ត ដោយគិតថា ឪពុកម្តាយបោះបង់គេចោល អាចផ្តាច់ទំនាក់ទំនងគ្រួសារ។ អាចប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់កុមារ គឺដោយសារតែអ្នកគ្រប់គ្រងមណ្ឌល គឺមានវិន័យតឹងរ៉ឹង និងប្រើពាក្យសម្តីមិនសមរម្យ។ នៅពេលពួកគាត់នៅមណ្ឌល គឺពួកគេនឹងត្រូវបានគេមើលងាយ ថាពួកគេជាក្មេងកំព្រា»។ 
 
ក្រោយពីកុមារទាំងនោះបានចាកចេញពីមណ្ឌលថែទាំហើយ ពួកគេទាំងនោះក៏ត្រូវបានក្រសួងសង្គមកិច្ច និងអង្គការពាក់ព័ន្ធផ្សេងទៀត បន្តតាមដាន និងឃ្លាំមើលនូវការរស់នៅរបស់កុមារជាមួយក្រុមគ្រួសារតាមរយៈប្រព័ន្ធការពារកុមារ ដើម្បីធានាថាកុមារមានសុវត្ថិភាព។
 
«យើងមានបុគ្គលិកសង្គមកិច្ចតាមដានកុមារពី២ ទៅ៣ឆ្នំា ក្រោយពីធ្វើសមាហរណកម្មកុមារ។ បើសិនយើងពិនិត្យឃើញថា ពួកគេមានភាពល្អប្រសើរ និងមានសុវត្ថិភាព គឺយើងបិទការតាមដានបាន។ ប៉ុន្តែបើសិនពួកគេជួបនូវបញ្ហាប្រឈមផ្សេងៗ យើងនឹងធ្វើការប៉ាន់ប្រមាណអំពីតម្រូវការរបស់ពួកគាត់ និងសិក្សាដើម្បីផ្តល់សេវាឲ្យពួកគាត់បន្ថែម»។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកសុខុមាលភាពកុមារ។ 
 
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩មានកុមារដែលរស់នៅក្នុងមណ្ឌលថែទាំមានចំនួនជាង៦,៧៧៨នាក់ រស់នៅក្នុងមណ្ឌលថែទាំចំនួន២៣២។ បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានកុមារ៧,៦៣៤នាក់ មណ្ឌលថែទាំមាន២៥២។ ចំនួនតួលេខទាំង២ឆ្នាំនេះ គឺមានការថយចុះជាងឆ្នាំ២០១៥ ដែលមានកុមារចំនួនជាង១៦,៥៧៩នាក់ មណ្ឌលមានចំនួន៤០៦៕ 
 

Tag:
 កុមារ
 មណ្ឌលថែទាំ
© រក្សាសិទ្ធិដោយ thmeythmey.com