COVID-19
អន្តរជាតិ
វ៉ាក់សាំង Moderna ជាវ៉ាក់សាំងទី៥ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅវៀតណាម
29, Jun 2021 , 7:59 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna។ រូបភាព៖ Gavi
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna។ រូបភាព៖ Gavi
រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី២៩ ខែមិថុនា។ បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់លើ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បន្ថែមពីវ៉ាក់សាំងបួនប្រភេទដែលទទួលការអនុញ្ញាតរួចស្រេច។

 
វ៉ាក់សាំងក្រុមហ៊ុន Moderna ជាវ៉ាក់សាំងទី ៥ ដែលត្រូវបានវៀតណាមអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។ កន្លងមកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តវ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងក្រុមហ៊ុន Pfizer, Sinopharm និង AstraZeneca ។ 
 
វ៉ាក់សាំងក្រុមហ៊ុន Moderna ជាប្រភេទវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA និងមានប្រសិទ្ធភាពរហូតដល់ ៩៤,១ ភាគរយឯណោះក្នុងការបង្ការករណីឆ្លងជំងឺកូវីដ-១៩។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលត្រូវផ្គត់ផ្គង់សម្រាប់វៀតណាម អាចនឹងត្រូវផលិតនៅអេស្ប៉ាញ និងបារាំង។ ក្រុមហ៊ុនវៀតណាម Zuellig Pharma Vietnam ជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងប្រភេទនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
មកទល់ពេលនេះ វ៉ាក់សាំងក្រុមហ៊ុន Moderna ដែលប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA ដើម្បីដាស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេស និងដែនដីចំនួន ៥៣ ក្នុងនោះមានដូចជា អាមេរិក កាណាដា សហភាពអឺរ៉ុប អង់គ្លេស និងអ៊ីស្រាអែលជាដើម។ 
 
ចាប់តាំងពីខែមីនាមក វៀតណាម បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ឱ្យប្រជាជនខ្លួនបានចំនួន ៣,៥លាននាក់ហើយ ដោយប្រជាជនចំនួនជាង ១៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 វ៉ាក់សាំង
  វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com