ជាតិ
សង្គមជាតិ
អ្នកកាន់ខាងវប្បធម៌អើយ មើលតិកតុកខ្លះផង!
30, Jun 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋខ្មែរមួយចំនួន កំពុងទាញសីលធម៌ និង ប្រពៃណីខ្មែរឲ្យធ្លាក់ចុះ តាមរយៈការលេងបណ្តាញសង្គមតិកតុក (TikTok) ដោយខ្វះការពិចារណា។ ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌តែម្តង គួរមានវិធានការទប់ស្កាត់។

 
ភាសាអាសគ្រាម ពាក្យចំអាសចំអូង កាយវិការបែបស្រើបស្រាល ទិដ្ឋភាពអសីលធម៌ស្ទើរតែសព្វសារពើ បានលេចឡើងលើបណ្តាញសង្គមតិកតុកនៅកម្ពុជា។ ពាក្យសម្តី និងកាយវិការទាំងអស់នោះ ស្តាប់ទៅមើលទៅ គួរឲ្យខ្មាសអៀនជំនួស ដែលពលរដ្ឋខ្មែរ ជាពិសេសយុវជនយុវតី មិនគួរនិយាយ មិនគួរបញ្ចេញ តែពួកគេមួយចំនួន បែរជាអាចធ្វើបាន និងថតជាវីដេអូបង្ហោះលើបណ្តាញសង្គមតិកតុក។ 
 
នៅពេលមានអ្នកណាម្នាក់ និយាយភាសាអាសគ្រាម ហើយថតជាវីដេអូបង្ហោះលើបណ្តាញសង្គមតិកតុក ក៏មានអ្នកផ្សេងទៀត យកវីដេអូនោះ ទៅកាត់តធ្វើត្រាប់តាម ឬកាត់តធ្វើជាការឆ្លើយឆ្លងគ្នា (Duet)។ ការធ្វើត្រាប់តាមនោះ គឺសំឡេង ដែលនិយាយភាសាអាសគ្រាមក្នុងវីដេអូដើម នៅរក្សាដដែល តែកាយវិការថ្មី។ ឯការកាត់តធ្វើជាការឆ្លើយឆ្លងគ្នា គឺសំឡេង និងកាយវិការ ក្នុងវីដេអូរបស់អ្នកមុន នៅរក្សាដដែល តែអ្នកក្រោយ បានយកវីដេអូនោះ ទៅកាត់តបញ្ចូលគ្នា ដោយអ្នកក្រោយ បានបញ្ចូលសំឡេងឬកាយវិការរបស់ខ្លួន ចូលទៅក្នុងវីដេអូរបស់អ្នកមុន។

ពេលខ្លះ ពួកគេ បង្កើតវីដេអូ ដោយមិននិយាយភាសាអាសគ្រាមនោះទេ តែក្នុងវីដេអូនោះ មានសរសរអក្សរក្នុងន័យអាសគ្រាម ហើយកាត់បទភ្លេងឬបទចម្រៀងផ្សេងៗបញ្ចូល អមជាមួយនឹងកាយវិការរបស់ពួកគេ។ 
 
ភាសាអាសគ្រាមទាំងនោះ មានដូចជា៖
 
(១) ...ខ្ញុំមួយមក អាហ្នឹងបានខ្ញុំ ជឿថា បងឯងស្រឡាញ់ខ្ញុំ។ 

(២) សួរតាមត្រង់ ចេះ ...នៅ? 

(៣) ឃ្លាន ...ណាស់វី អត់មានប្រុស ...នឹងគេ។ 
 
(៤) បងឯង គួរទុកកិត្តិយសឲ្យមនុស្សស្រីផង បងឯងជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថ បងឯងគួរណា ...មនុស្សស្រីឲ្យលុយ។ 
 
ត្រង់មច្ឆណ្ឌសញ្ញា (សញ្ញាចុចៗ) ក្នុងឃ្លាឧទាហរណ៍ទាំង៤ខាងលើ គឺជាពាក្យតែមួយដូចគ្នា ដែលពាក្យនោះ មានសទិសន័យទៅនឹងពាក្យរួមភេទ។
 
(៥) បងអស់កម្លាំងមែន? មកនេះ គេឲ្យ ...។ ត្រង់មច្ឆណ្ឌសញ្ញា គឺជាពាក្យ ដែលគេ ប្រើជាមួយទារកឬកូនក្មេងតូចៗ ដែលទទួលទឹកដោះពីម្តាយ។ 

(៦) ...តូច ...ធំ មិនសំខាន់ សំខាន់ហ៊ាន ...មួយស្មើអត់? ត្រង់មច្ឆណ្ឌសញ្ញាមុខពាក្យតូច និងមុខពាក្យធំ គឺជាពាក្យ ដែលមានសទិសន័យទៅនឹងពាក្យអង្គជាតបុរស។ ត្រង់មច្ឆណ្ឌសញ្ញាមុខពាក្យ «មួយ» គឺជាពាក្យ ដែលមានសទិសន័យទៅនឹងពាក្យរួមភេទ។ 
 
(៧) ប្រុសៗស្រុកខ្មែរ គ្មានអាណា ...ធំទេ យល់ទេ? ត្រង់មច្ឆណ្ឌសញ្ញា គឺជាពាក្យ ដែលមានសទិសន័យទៅនឹងពាក្យអង្គជាតបុរស។ ឃ្លានេះ គឺស្រ្តីជាអ្នកនិយាយ ហើយក៏មានបុរស យកសំឡេងនោះ ទៅកាត់ត ដោយនិយាយបញ្ចូលពីក្រោយថា ដោយមនុស្សទេស៊ីស (Sister) ចង់ដឹងទាល់តែសាកបានដឹង។ ភាសាឆ្លើយគ្នារវាងស្រ្តីនិងបុរស ដែលត្រូវបានកាត់បញ្ចូលក្នុងវីដេអូនោះ គឺ ប្រុសៗស្រុកខ្មែរ គ្មានអាណា ...ធំទេ យល់ទេ? ដោយមនុស្សទេស៊ីស ចង់ដឹងទាល់តែសាកបានដឹង។ 
 
ទាំងនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនតូចប៉ុណ្ណោះ ដោយភាសាអាសគ្រាមបែបនេះ នៅមានច្រើនពោរពាស លើបណ្តាញសង្គមតិកតុកនៅកម្ពុជា។ ម្យ៉ាងទៀត ពួកគេ មិនមែនគ្រាន់តែប្រើភាសានោះទេ គឺនៅធ្វើកាយវិការបែបស្រើបស្រាលអមជាមួយថែមទៀត។ ឧទាហរណ៍៖ ស្រ្តីម្នាក់ និយាយពាក្យក្នុងន័យចង់រួមភេទ ហើយបានធ្វើកាយវិការ ធ្វើមុខធ្វើមាត់ ដែលមើលទៅ ដូចជា ចង់រួមភេទ ទៅតាមខ្លឹមសារនៃពាក្យពេចន៍ ដែលបាននិយាយនោះ។ 
 
ក្នុងចំណោមអ្នកលេងបណ្តាញសង្គមតិកតុកនៅកម្ពុជា ដែលប្រើពាក្យអាសគ្រាម និងប្រើកាយវិការបែបស្រើបស្រាល ជាទូទៅគឺជាយុវជនយុវតី តែក៏មានខ្លះ ជាបុរសស្រ្តី ដែលមានវ័យចំណាស់ៗ និង មានភេទទីបីផងដែរ។ អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភនោះ គឺ មានទាំងអនីតិជន (អាយុក្រោម១៨ឆ្នាំ) ថែមទៀត។ ក្មេងៗខ្លះ មើលទៅដូចជាមិនទាន់គ្រប់អាយុ១៨ឆ្នាំនោះទេ តែពួកគេ បានយកវីដេអូលើបណ្តាញសង្គមតិកតុក ដែលប្រើភាសាអាសគ្រាម ទៅធ្វើត្រាប់តាម។
 
ក្រៅពីការប្រើភាសាអាសគ្រាមនិងការធ្វើកាយវិការបែបស្រើបស្រាល ការប្រើពាក្យជេរប្រមាថគ្នា ក៏គេ ឃើញមានលើបណ្តាញសង្គមតិកតុកដែរ។  
 
ក្រសួងវប្បធម៌ រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរសហការគ្នា ចាត់ក្រុមមន្រ្តីឲ្យតាមសង្កេតមើលបណ្តាញសង្គមតិកតុក ហើយគួរពិចារណារកដំណោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យទង្វើមិនសមរម្យទាំងនេះ កាន់តែរីកសាយភាយ ក្នុងសង្គមខ្មែរ។ ជាវិធានការដំបូង ក្រសួង-ស្ថាប័ន អាចហៅអ្នកលេងបណ្តាញសង្គមតិកតុក ដែលប្រើភាសាអាសគ្រាម និងកាយវិការបែបស្រើបស្រាល ទៅណែនាំ ដាស់តឿន ក្រើនរម្លឹក។ បើពួកគេ មិនស្តាប់តាមទេ ក្រសួង-ស្ថាប័ន អាចឈានដល់ការព្រមាន ហើយបើការព្រមាន នៅតែមិនមានប្រសិទ្ធភាពលើពួកគេទៀត ក្រសួង-ស្ថាប័ន អាចចាត់វិធានការលើសពីការព្រមាន។ 
 
បញ្ហានេះ មិនមែនជារឿងលេងសើច ដែលត្រូវធ្វើមិនដឹងមិនឮឡើយ តែជារឿងគួរបារម្ភចំពោះការប៉ះពាល់ដល់សីលធម៌ និងប្រពៃណីដ៏ល្អរបស់ខ្មែរ។ បើមិនមានការអើពើ ដោយបន្តបណ្តែតបណ្តោយឲ្យអ្នកលេងបណ្តាញសង្គមតុកតុកនៅកម្ពុជា នៅតែប្រើភាសាអាសគ្រាមនិងកាយវិការបែបស្រើបស្រាលរបៀបនេះ សីលធម៌ និងប្រពៃណីខ្មែរ នឹងកាន់តែធ្លាក់ចុះ។ 

បណ្តាញសង្គមតិកតុក ក៏ដូចបណ្តាញសង្គមដទៃទៀតដែរ គឺត្រូវបានបង្កើតឡើង ដើម្បីបម្រើអារម្មណ៍មនុស្ស ឲ្យសប្បាយរីករាយ ហើយអាចចែករំលែកព័ត៌មាន និង ចំណេះដឹងតៗគ្នា។ ប៉ុន្តែ បើប្រើមិនត្រឹមត្រូវ បណ្តាញសង្គមមួយនេះ អាចនាំឲ្យមានបញ្ហាដល់សង្គម៕ 
 
 
 

Tag:
 TikTok
  សីលធម៌
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com