ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល បន្តឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្ររហូតដល់ខែកញ្ញា
01, Jul 2021 , 8:59 am        
រូបភាព
រូបពីមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ
រូបពីមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ
ភ្នំពេញ៖ ខណៈកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ រដ្ឋាភិបាលបានសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់រយៈពេល៣ខែទៀត។  សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល នៅថ្ងៃទី២៩មិថុនា បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀត ដែលរដ្ឋាភិបាលបន្តផ្តល់ឱ្យគ្រួសារក្រីក្រនោះ នឹងអនុវត្តពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

 
កម្ពុជាបានប្រកាសឱ្យអនុវត្តកម្មវិធីសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០មក ដើម្បីជួយដោះស្រាយជីវភាពពួកគេ។ ការសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ក្នុងរយៈពេល៣ខែទៀតនេះ គឺស្ថិតនៅក្នុងជំនួយនៃជុំទី៩របស់រដ្ឋាភិបាល បន្ទាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅជុំទី៨នេះ បានបញ្ចប់នៅក្នុងខែមិថុនា។
 
ក្នុងពិធីទទួលវ៉ាក់សាំង១លានដូសពីចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦មិថុនា លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់អ្នកសារព័តមាន ថា  រដ្ឋ បានចំណាយថវិកា៣៥០លានដុល្លារ សម្រាប់ជួយគ្រួសារក្រីក្រ ក្នុងវិបត្តិកូវីដ-១៩។ លោកបានបញ្ជាក់ថា មានពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៦០ម៉ឺនគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ ក្នុងអំឡុងពេលកូវីដ-១៩។ 
 
ចំពោះការផ្ដល់ប្រាក់ឧបត្ថម្ភនេះ រដ្ឋាភិបាល ក៏បានបែងចែកអ្នកក្រីក្រ និងជនងាយរងគ្រោះ ជា២កម្រិតដែរ គឺ អ្នកក្រីក្រកម្រិត១ សំដៅលើអ្នកក្រីក្រខ្លាំង និង អ្នកក្រីក្រកម្រិត២ សំដៅលើអ្នកក្រីក្រល្មម។ លើសពីនេះ គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក៏មានការបែងចែកជា៣តំបន់ទៀត គឺ នៅរាជធានីភ្នំពេញ នៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និង នៅជនបទ។ ពួកគេត្រូវទទួលបានប្រាក់ឧបត្ថម្ភ ជាលក្ខណៈគ្រួសារទាំងមូល និងជាលក្ខណៈបុគ្គល ពីរដ្ឋាភិបាល។
 
ក្នុងនោះអ្នកក្រីក្រនិងជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀលដូចគ្នា ក្នុង១គ្រួសារ ទាំងកម្រិត១ និងកម្រិត២។ ប៉ុន្តែលក្ខណៈបុគ្គលនៃសមាជិកគ្រួសារ នៅកម្រិត១ អាចទទួលបានប្រាក់ពី៤០,០០០រៀល ដល់៥២,០០០រៀលក្នុងម្នាក់ ខណៈកម្រិត២ ទទួលបានពី២៨,០០០រៀល ដល់៣៦,០០០រៀលក្នុងម្នាក់។
 
នៅទីប្រជុំជន ក្រៅពីរាជធានីភ្នំពេញ អ្នកក្រីក្រ និងជនងាយរងគ្រោះ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀល ក្នុងគ្រួសារនីមួយៗ ដោយមិនបែងចែកកម្រិត១ ឬកម្រិត២ឡើយ។ ឯសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន៤ម៉ឺនរៀលក្នុងម្នាក់ៗ ហើយសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន២ម៉ឺន៨ពាន់រៀល ក្នុងម្នាក់ៗ។
 
អ្នកក្រីក្រនិងជនងាយរងគ្រោះ ដែលស្ថិតក្នុងកម្រិត១និងកម្រិត២ ទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀលដូចគ្នា ក្នុង១គ្រួសារ។ ចំពោះសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន២ម៉ឺន៤ពាន់រៀលក្នុងម្នាក់ៗ ហើយសមាជិកក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន១ម៉ឺន៦ពាន់រៀលក្នុងម្នាក់ៗ៕
 
 
 

Tag:
 គ្រួសារក្រីក្រ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com