សង្គមអន្តរជាតិ​
អន្តរជាតិ
អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល ស្លាប់ក្នុងអាយុ៨៨ឆ្នាំ
01, Jul 2021 , 9:23 am        
រូបភាព
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល ។ រូបថត AFP
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល ។ រូបថត AFP
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល បានស្លាប់ហើយក្នុងវ័យ៨៨ឆ្នាំ។ គ្រួសាររបស់លោកប្រកាសព័ត៌មាននេះនៅថ្ងៃទី៣០ ខែមិថុនា។ លោកជារដ្ឋមន្រ្តីការពារដែលដឹកនាំអាមេរិកចូលសង្រ្គាមនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០១ និងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ។

 
ជារដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋបាលប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស លោក ដូណាល់ រ៉ាំស្វែល ជាមន្រ្តីដែលត្រូវបានស្គាល់ថាជាមនុស្សរឹងរូស មានទំនុកចិត្តខ្លាំងជ្រុល និងដឹងកំហុសតែមិនទទួលកំហុស។ លោក រ៉ាំស្វែល និងអនុប្រធានាធិបតី ឌីក ឆេនី សម័យនោះ ជាឥស្សរជនពីរនាក់ដែលដឹកមុខសង្រ្គាមប្រឆាំងភេរវកម្មរបស់រដ្ឋបាលលោក ប៊ូស និងការកើតឡើងគុកហ្កាន់តាណាម៉ូដ៏អសោចផងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP គ្រួសារលោក រ៉ាំស្វែល បញ្ជាក់ថា លោកស្លាប់ក្នុងផ្ទះក្នុងទីក្រុង Taos នៃរដ្ឋ New Mexico ។ លោក ប៊ូស បានផ្ញើសាររំលែកទុក្ខអតីតមន្ត្រីថ្នាក់ក្រោមរបស់លោក ដោយចាត់ទុកលោក រ៉ាំស្វែល ជាមន្រ្តីសាធារណៈដ៏ពិសេស និងបុរសដ៏ល្អម្នាក់។
 
«លោកជាអ្នកបម្រើដ៏ស្មោះត្រង់របស់កងទ័ព ហើយអាមេរិកមានសុវត្ថិភាពជាងមុន និងល្អប្រសើរជាងមុនដោយសារការបំពេញការងាររបស់លោក។» អតីតប្រធានាធិបតីអាមេរិកនិយាយរំឭកគុណសម្បត្តិលោក រ៉ាំស្វែល បែបនេះ តែមិនបាននិយាយដល់ការឈ្លានពានអ៊ីរ៉ាក់ឡើយ។
 
បន្ទាប់ពីការឈ្លានពានអាហ្វហ្កានីស្ថាន លោក រ៉ាំស្វែល ក៏ចាប់ផ្ដើមដាក់គោលដៅលើលោក សាដាម ហ៊ូសេន មេដឹកនាំអ៊ីរ៉ាក់ ដែលលោកអះអាងថា មានអាវុធប្រល័យលោក និងអាចពាក់ព័ន្ធក្រុមភេរវកម្មផង។ ទីបំផុតទៅ អាមេរិកក៏មិនរកឃើញអាវុធប្រល័យលោកដែលអាមេរិកយកជាព័ស្តុតាងដើម្បីឈ្លានពានអ៊ីរ៉ាក់៕
 
 
    
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com