COVID-19
អន្តរជាតិ
អាមេរិក ប្រកាសបញ្ជូនវ៉ាក់សាំងកូវីដ-១៩ បួនលានដូសទៅឥណ្ឌូណេស៊ីឱ្យលឿនតាមតែអាចធ្វើបាន
03, Jul 2021 , 2:59 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ។ រូបថត AFP
អាមេរិក នឹងបញ្ជូនវ៉ាក់សាំង ចំនួន៤លានដូសទៅឱ្យឥណ្ឌូណេស៊ីឱ្យបានឆាប់តាមតែអាចធ្វើបាន ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ប្រាប់ប្រមុខការទូតឥណ្ឌូណេស៊ីបែបនេះនៅថ្ងៃទី២ ខែកក្កដា។ ឥណ្ឌូណេស៊ី កំពុងរងគ្រោះខ្លាំងដោយសារការរាលដាលជំងឺកូវីដ-១៩ ហើយទើបដាក់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លង។

 
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ចូ​ បៃឌិន បានជជែកតាមទូរសព្ទជាមួយលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Retno Marsudi ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ និងការផ្ដល់ជំនួយរបស់អាមេរិកលើការប្រយុទ្ធជំងឺកូវីដ-១៩ នៅឥណ្ឌូណេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមានក្រោយជំនួបថ្ងៃទី២ ខែកក្កដា។
 
បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក Sullivan ប្រាប់លោកស្រី​ Marsudi ថា អាមេរិក នឹងបញ្ជូនវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួនបួនលានដូសតាមរយៈកម្មវិធី COVAX ទៅឱ្យឥណ្ឌូណេស៊ីឱ្យបានឆាប់បំផុត។​ ទីប្រឹក្សាសន្តិសុខអាមេរិករូបនេះចាត់ទុកការផ្ដល់វ៉ាក់សាំងនេះ ជាការបញ្ជាក់ពីការគាំទ្ររបស់អាមេរិកទៅកាន់ប្រជាជនឥណ្ឌូណេស៊ី ខណៈពេលពួកគេកំពុងប្រយុទ្ធជំងឺកូវីដ-១៩ ។
 
«លោក Sullivan បានបន្លិចសារសំខាន់ដែលរដ្ឋបាលលោក បៃឌិន-លោកស្រី កាម៉ាឡា ហារីស មានលើឥណ្ឌូណេស៊ី អាស៊ីអាគ្នេយ៍ និងការបញ្ចប់វិបត្តិមួយនេះ ព្រមទាំងបានសន្យាបន្តការគាំទ្រ និងទំនាក់ទំនងកម្រិតខ្ពស់។» នេះជាការបញ្ជាក់របស់សេតវិមាន។
 
ឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះខ្លាំងជាងគេមួយនៅតំបន់អាស៊ី ជាមួយអ្នកឆ្លងសរុបជាងពីរលាននាក់ និងស្លាប់ជិត៦ម៉ឺននាក់។ ករណីឆ្លងក្នុងប្រទេស បានហក់ឡើងនៅជិតពីរសប្ដាហ៍ចុងក្រោយនេះ ដែលបង្ខំឱ្យរដ្ឋាភិបាលប្រធានាធិបតី ចូកូ វីដូដូ ដាក់ចេញពីវិធានការអាសន្នចាប់ពីថ្ងៃទី៣ ខែកក្កដាតទៅដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំង។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងរបស់ឥណ្ឌូណេស៊ី ពឹងផ្អែកជាចម្បងលើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន​ Sinovac ប៉ុន្តែទីក្រុងហ្សាការតាក៏រិះរកប្រភពវ៉ាក់សាំងផ្សេងដែរ។ មុនទទួលវ៉ាក់សាំងពីអាមេរិក ទីភ្នាក់ងារត្រួតពិនិត្យឱសថឥណ្ឌូណេស៊ ក៏ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ Moderna ក្រោមលក្ខខណ្ឌបន្ទាន់ផងដែរ។
 
ក្រៅពីឥណ្ឌូណេស៊ី ប្រទេសនៅអាស៊ីគ្នេយមួយចំនួនទៀតដូចជាឡាវ វៀតណាម​ កម្ពុជា និងហ្វីលីពីនជាដើមសុទ្ធតែមានឈ្មោះក្នុងបញ្ជីដែលអាមេរិកចែកវ៉ាក់សាំង។ រដ្ឋបាលលោក បៃឌិន ធ្លាប់ប្រកាសគម្រោងទិញវ៉ាក់សាំងដល់ទៅ៥០០លានដូសឯណោះដើម្បីចែកឱ្យប្រទេសក្រីក្រ៕ 
 

Tag:
 អាមេរិក
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com