ជាតិ
សង្គមជាតិ
ហេតុអ្វី ពាក់មួកចូលវត្តមិនបាន?
04, Jul 2021 , 4:39 pm        
រូបភាព
ទិដ្ឋភាពខាងមុខនៃវត្តឧណ្ណាលោម រាជធានីភ្នំពេញ
ទិដ្ឋភាពខាងមុខនៃវត្តឧណ្ណាលោម រាជធានីភ្នំពេញ
ដោយ: ថ្មីៗ
ក្នុងសង្គមខ្មែរ ការដោះមួក គឺជារូបភាពមួយ ដែលបង្ហាញពីការគោរព និងការឱនលំទោន។ ផ្ទុយមកវិញ ក្នុងកាលៈទេសៈខ្លះ ការពាក់មួក ត្រូវបានចាត់ទុកជាអាកប្បកិរិយាឈ្លើយច្រឡើសបើស និងគ្មានសេចក្តីគោរពកោតក្រែង។


 
ការពាក់មួយ ដែលអាចត្រូវបានចាត់ទុកជាអាកប្បកិរិយាឈ្លើយច្រឡើសបើស និងគ្មានសេចក្តីគោរពនោះ គឺការពាក់មួកក្នុងកាលៈទេសៈ ដែលមិនគួរពាក់ ដូចជា ពាក់ចូលវត្តអារាម ជាដើម។ វត្តអារាម គឺជាកន្លែងសក្ការបូជារបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកគ្រប់រូប ត្រូវគោរពប្រតិបត្តិ ហើយការដោះមួកក្នុងវត្តអារាម គឺជាទម្លាប់មួយ ដែលបង្ហាញពីការគោរពប្រតិបត្តិចំពោះកន្លែងសក្ការបូជា។ បើជនណាមួយ ពាក់មួកចូលវត្តអារាម អ្នកដទៃ នឹងទើសភ្នែក ហើយជននោះ នឹងត្រូវគេ ចាត់ទុកថាខ្វះការយល់ដឹង ឬខ្វះការគោរពប្រណិប័ណន៍។ 
 
ចំពោះចាស់ព្រឹទ្ធាចារ្យវិញ ឬអ្នកដែលគោរពព្រះពុទ្ធសាសនាខ្លាំង មិនចាំបាច់ទាល់តែចូលក្នុងវត្តនោះទេ សូម្បីតែធ្វើដំណើរកាត់មុខវត្ត ឬប៉ែកណាមួយនៃវត្ត (ខាងក្រៅវត្ត) ក៏ពួកគាត់ ដោះមួយដែរ រហូតធ្វើដំណើរផុតពីរបងវត្ត ទើបពួកគាត់ពាក់មួកវិញ។ ពួកគាត់ យល់ថា នៅពេលធ្វើដំណើរឆ្លងកាត់វត្ត គឺដូចជាធ្វើដំណើរឆ្លងកាត់ព្រះពុទ្ធបដិមាដែរ ដូច្នេះ ពួកគាត់ ជាពុទ្ធសាសនិក មិនត្រូវពាក់មួកធ្វើដំណើរឆ្លងកាត់ព្រះពុទ្ធបដិមាឡើយ។
 
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរទូទៅ ក៏មិនហ៊ានទទូរក្រមា មិនហ៊ានបាំងឆត្រ និង មិនហ៊ានគ្របក្បាលដោយសាច់ក្រណាត់ផ្សេងៗផងដែរ ពេលចូលដល់ក្នុងវត្ត។ ពុទ្ធសាសនិកខ្លះ ដោះទាំងស្បែកជើងថែមទៀត ពេលចូលក្នុងវត្ត។ អ្នកដោះស្បែកជើង ពេលចូលវត្ត គឺកម្រមានណាស់ ដោយមានមួយៗប៉ុណ្ណោះ ជាពិសេសចាស់ព្រឹទ្ធាចារ្យ ដែលគោរពមុតមាំលើព្រះពុទ្ធសាសនា និងមានសេចក្តីខ្លាចបាបយ៉ាងក្រៃលែង។ 
 
ប្រជាពលរដ្ឋខ្មែរ ក៏តែងដោះមួកផងដែរ នៅពេលជួបឬនិយាយជាមួយព្រះសង្ឃ ហើយយុវជនវិញ តែងដោះមួកដូចគ្នា ពេលស្ថិតនៅចំពោះមុខចាស់ព្រឹទ្ធាចារ្យ ឬអ្នកដែលមានអាយុច្រើនជាង។ ការឈរនិយាយជាមួយអ្នកដែលមានអាយុច្រើនជាង ដោយពាក់មួក គឺមិនសមរម្យសោះឡើយ ហើយការឈរនិយាយជាមួយព្រះសង្ឃ ដោយពាក់មួក គឺរឹតតែមិនសមរម្យ។ 
 
មិនមែនតែនៅក្នុងវត្ត នៅចំពោះព្រះភក្រ្តព្រះសង្ឃ និង នៅចំពោះមុខចាស់ព្រឹទ្ធាចារ្យនោះទេ នៅក្នុងកម្មពិធីផ្សេងៗ ក៏សង្គមខ្មែរ មិនមានទម្លាប់ឲ្យពាក់មួកដែរ។ លុះត្រាតែកម្មវិធីណាមួយ តម្រូវឲ្យអ្នកចូលរួមពាក់មួក ទើបអាចមានករណីពាក់មួក ដោយសារតែមួក និងសម្លៀកបំពាក់ ដែលគេពាក់ចូលរួមក្នុងកម្មវិធីនោះ គឺបង្ហាញពីអត្តសញ្ញាណនៃក្រុមឬស្ថាប័នរបស់គេ។ 
 
ក្រៅពីការដោះមួក និងការមិនទទូរក្រមា ជាដើម នៅមានទង្វើផ្សេងទៀត ដែលពុទ្ធសាសនិក មិនអាចប្រព្រឹត្តបាន ពេលចូលក្នុងវត្តអារាម។ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ពិសេសយុវជនយុវតី គប្បីព្យាយាមឈ្វេងយល់ពីអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ពេលចូលដល់ក្នុងវត្តអារាម៕ 
 

Tag:
 សាសនា
  វត្ត
  ពាក់មួក
© រក្សាសិទ្ធិដោយ thmeythmey.com