COVID-19
អន្តរជាតិ
ឡាវ បន្តបិទខ្ទប់ប្រទេស១៥ថ្ងៃទៀត ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩
05, Jul 2021 , 12:29 pm        
រូបភាព
ប្រជាជនឡាវ បើកម៉ូតូនៅក្នុងទីក្រុងវៀងចន្ទន៍។ រូបភាព៖ Xinhua
ប្រជាជនឡាវ បើកម៉ូតូនៅក្នុងទីក្រុងវៀងចន្ទន៍។ រូបភាព៖ Xinhua
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានបន្តបិទខ្ទប់ប្រទេសរហូតដល់ថ្ងៃទី១៩ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចគ្រប់គ្រងជំងឺឆ្លងបានតាមតំបន់ក៏ដោយ។

 
មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅឡាវ ហាក់មិនបានថមថយឡើយ។ នៅថ្ងៃទី៤ ខែកក្កដា ឡាវ បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣២ករណី ដោយខេត្តចម្ប៉ាសាក់ មានចំនួនករណីឆ្លងច្រើនជាងគេ ស្របពេលរដ្ឋធានីវៀងចន្ទន៍ មិនមានករណីឆ្លង៥ថ្ងៃជាប់ៗគ្នា។ 
 
បើទោះអាចគ្រប់គ្រងជំងឺឆ្លងបានតាមតំបន់ក៏ដោយ រដ្ឋាភិបាលឡាវបានសម្រេចបន្តរយៈពេលបិទខ្ទប់ ១៥ថ្ងៃបន្ថែមទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃទី៤ ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលឡាវ  លោកស្រី Thippakone Chanthavongsa បានប្រកាសពីបទបញ្ជារបស់នាយករដ្ឋមន្រ្តីឡាវ ក្នុងការបិទខ្ទប់ប្រទេសរហូតដល់ពាក់កណ្តាលយប់ថ្ងៃទី១៩ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។ 
 
ក្នុងរយៈពេលបិទខ្ទប់ប្រទេសនេះ អាជីវកម្ម សកម្មភាពកីឡា កន្លែងកម្សាន្ត និងវិទ្យាស្ថានអប់រំក្នុងតំបន់ក្រហម ឬតំបន់ដែលមានហានិភ័យឆ្លងកូវីដ-១៩ ខ្ពស់ នៅតែបន្តបិទដដែល។ ចំណែករោងចក្រក្នុងតំបន់ក្រហម ក៏ត្រូវបិទដែរ លើកលែងតែបុគ្គលិក បានទទួលវ៉ាក់សាំងរួច។ ប៉ុន្តែហាងទំនិញ កន្លែងលក់ដូរចាំបាច់ ផ្សារទំនើប ត្រូវបានអនុញ្ញាតឱ្យបើក។
 
ចំណែកសកម្មភាពមួយចំនួន នៅក្នុងតំបន់បៃតង ឬតំបន់មានហានិភ័យឆ្លងកូវីដ-១៩ ទាប ត្រូវបានអនុញ្ញាត ក្រោមវិធានទប់ស្កាត់កូវីដ-១៩។ សាលារៀន អាចបើកឡើងវិញបាន ខណៈពេលភោជនីយដ្ឋាន ក៏អាចទទួលភ្ញៀវបានដែរ។ ការជួបប្រជុំ ឬសន្និសីទមួយចំនួន អាចបើកបាន ប៉ុន្តែត្រូវគោរពតាមគោលការណ៍ទប់ស្កាត់កូវីដ-១៩។ 
 
តាមទិន្នន័យរបស់ Reuters COVID-19 Tracker ឡាវ បានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ជាង ១,៤លានដូស ដល់ប្រជាជនខ្លួន។ ប្រជាជនឡាវប្រមាណ ៩,៩ភាគរយ នៃប្រជាជនសរុបបានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ឡាវ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com