ជាតិ
សង្គមជាតិ
បង្រ្កាបទីតាំងបង្កើតគណនីបង់ប្រាក់សម្រាប់ល្បែងស៊ីសងតាមអ៊ីនធ័រណិត៧កន្លែងក្នុងខណ្ឌដូនពេញ
05, Jul 2021 , 9:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ​
រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ​
ដោយ:
ភ្នំពេញ៖ អាជ្ញាធរ បានបង្ក្រាបទីតាំងដែលបង្កើតគណនីបង់ប្រាក់ សម្រាប់លេង ល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ចំនួន៧កន្លែង នៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខណ្ឌដូនពេញ។

 
 
រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ថា ការបើកដំណើរការទីតាំងលេងល្បែងស៊ីសងទាំង៧នេះ គឺជាការល្មើសច្បាប់ និងល្មើសវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បើតាមប្រភពដដែល ទីតាំងទាំង៧នោះ ត្រូវបានបើកដំណើរការសកម្មភាពបែបលក្ខណៈលួចលាក់។ «ទីតាំងខាងលើនេះ បើកដំណើរការ ដោយបិទទ្វារផ្ទះ មិនប្រើប្រាស់កុំព្យូទ័រ អនុញ្ញាតអោយអ្នកចូលចាក់ បញ្ចូលលុយក្នុងអាខោនរួចគឺត្រូវចាក់ចេញពីផ្ទះ រួចចាក់សោរវិញ ដោយបញ្ជូលលុយរួចលេង ស៊ីសង លុយ តាមទូរសព្ទ»។ នេះជាការលើកឡើងរបស់រដ្ឋបាលខណ្ឌដូនពេញ។
 
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រោយពីអាជ្ញាធរបានចុះទៅបង្រ្កាបនៅទីតាំងទាំងនោះភ្លាម គឺថាអាជ្ញាធរមិនបានរកឃើញនូវភស្តុតាងទាក់ទងនឹងប្រព័ន្ធបង់ប្រាក់សម្រាប់អ្នកល្បែងស៊ីសង និងអ្នកប្រព្រឹត្តឡើយ។
 
តែយ៉ាងណា លោកអភិបាលខណ្ឌដូនពេញបានអះអាងថា អាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកដែលបង្កើតគណនីសម្រាប់លេងល្បែងស៊ីសងខុសច្បាប់សម្រាប់យកមកផ្តន្ទាទោសតាមច្បាប់។ 
 
បើតាមអភិបាលខណ្ឌដូនពេញ អាជ្ញាធរបានចុះទៅណែនាំដល់ម្ចាស់ផ្ទះជួលធ្វើកិច្ចសន្យាបញ្ឈប់ការជួលផ្ទះសម្រាប់ឲ្យប្រកបមុខរបរនេះទៀត និងបានចុះបិទទ្វារផ្ទះទាំងនោះផងដែរ។ លោក សុខ ពេញវុធ បានបញ្ជាក់ថា បន្ទាប់ពីម្ចាស់ផ្ទះជួលធ្វើកិច្ចសន្យារួចហើយ ពួកគេនឹងមានសិទ្ធិបើកដំណើរការឡើងវិញ។ ប៉ុន្តែលើកលែងតែរបរខុសច្បាប់៕  
 

Tag:
 អាជ្ញាធរ
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com