ជាតិ
សង្គមជាតិ
ប្រធាន​រាជបណ្ឌិត្យសភា​៖«​ខ្មែរ​ត្រូវមាន​ជំហរ​៣ ករណី​សង្ស័យ​ថៃ​ចម្លង​រចនាប័ទ្ម​ប្រាសាទ​អង្គរ​»
06, Jul 2021 , 8:23 pm        
រូបភាព
លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា
​ភ្នំពេញ​៖ កម្ពុជា​ត្រូវមាន​ជំហរ​៣ ពាក់ព័ន្ធ​នឹង​ការសង្ស័យ​ថៃ​គ្រោង​សាងសង់​ប្រាសាទ ចម្លង​រចនាប័ទ្ម​ខ្មែរ​។ ហើយ​ប្រសិនបើ​ថៃ​ពិតជា​ចម្លង​ប្រាសាទ ដោយ​ខុសច្បាប់​មែន នោះ​ទុកឱ្យ​យូណេស្កូ​ជា​អ្នកធ្វើការ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​


 
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំហរ​៣ ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​បរិបទ​នេះ គឺ​ទី​១​ត្រូវ​សិក្សា​ស្រាវជ្រាវ តើ​រឿង​នោះ​ពិត​ឬ​មិន​ពិត​? ទី​២​ត្រូវ​សិក្សា​រចនាប័ទ្ម​ប្រាសាទ តើ​ពិតជា​ចម្លង​ពី​ខ្មែរ​មែន​ឬទេ​? និង​ទី​៣ ពលរដ្ឋ​កុំ​បា​រម្យ​ពេក ព្រោះនេះ​ជា​សតវត្សរ៍​ទី​២១ ដោយ​ប្រាសាទខ្មែរ​បាន​សង់​តាំងពី​សតវត្ស​ទី​១២​។
 
​សម្រាប់​លោក សុខ ទូច ក្នុងករណី​ថៃ​សាងសង់​ប្រាសាទ ចម្លង​អង្គរវត្ត​ខ្មែរ​ដោយ​ខុសច្បាប់​មែន នោះ​កម្ពុជា អាច​ប្ដឹងទៅ​យូណេស្កូ​ឱ្យជួយ​ដោះស្រាយ​។ លោក សុខ ទូច បញ្ជាក់​៖«​គេ​ធ្វើ​ហ្នឹង​បាន​សុំ​ពី​យូណេស្កូ​ហើយ​ឬ​នៅ យើង​ត្រូវ​សិក្សា​តាម​ហ្នឹង​ទៀត យើង​មិនអាច​ធ្វើតាម​រលក​ខ្យល់​បានទេ​។ ប្រសិនបើ​គេ​ចម្លង​ដោយ​មិន​សុំ​ការអនុញ្ញាត ទុកឱ្យ​យូណេស្កូ​ចាត់ចែង​។ យើង​មានរឿង​ជាមួយ​ថៃ​ច្រើនដង​ណាស់​ហើយ​។ រឿង​ព្រះវិហារ គេ​ដើរ​ប្រាប់ថា​ព្រះវិហារ​ជា​របស់គេ ខ្ញុំ​ដាក់​ទៅវិញ​៨​ចំណុច គេ​ឆ្លើយ​ជាមួយ​ខ្ញុំ​មិន​ទាំង​រួច​ផង​។ ខ្មែរ​ធ្លាប់ជា​អាណាចក្រ ចុះ​ថៃ​កើត​នៅ​សម័យ​ណា​? ថៃ​ដូរ​មក​នៅ​ឆ្នាំ​១៩៣០ សុខោទ័យ​កើត​ក្នុង​សតវត្សរ៍​ទី​១៣ គឺ​កើត​មិនទាន់​ប្រាសាទព្រះវិហារ​ផង ដូច្នេះ​អ្វី​ក៏ដោយ​យើង​មាន​មូលដ្ឋាន​។  យើង​យក​ផ្លូវច្បាប់ កុំ​យក​អារម្មណ៍​ទៅប្រើ​ប្រាស់​»​។​
 
​ទោះជា​យ៉ាងណា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថា​ប្រសិនបើ​ប្រាសាទ​រចនាប័ទ្ម​អង្គរវត្ត ត្រូវបាន​សាងសង់​នៅលើ​ទឹកដី​ថៃ​ដោយ​ស្របច្បាប់​មែន ហើយ​សេដ្ឋកិច្ចជាតិ​ថៃ​កាន់តែ​រីកចម្រើន តាមរយៈ​ទេសចរណ៍​ទៅ​ទស្សនា​ប្រាសាទ​នោះ ខ្មែរ​ត្រូវ​ទទួលស្គាល់ថា​ខ្លួនឯង​សមត្ថភាព​អន់​។ អន់​ក៏​ព្រោះថា មានសម្បត្តិ​ដ៏​វិសេស​ជាងគេ ប៉ុន្តែ​បែរជា​ទន់ខ្សោយ​ជាងគេ គ្មាន​សមត្ថភាព​គ្រប់គ្រង​ឱ្យ​រីកចម្រើន​។​
 
​យ៉ាងណាក៏ដោយ ដើម្បី​កុំឱ្យ​រឿង​ទាំងនោះ​កើតឡើង លោក សុខ ទូច យល់ថា​ខ្មែរ​គ្រប់រូប​ទាំង​មន្ត្រីរាជការ អ្នកមានអំណាច អ្នកមាន​ទ្រព្យ រហូតដល់​ប្រជាជន​ធម្មតា ត្រូវ​ខំ​ពង្រឹង​ខ្លួនឯង ,​ត្រូវ​ចេះ​ខ្មាស​គេ និង​ខ្មាស​ខ្លួនឯង ដោយ​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឡើងវិញ​។ 
 
«​យើង​ត្រូវ​ខំ​ពង្រឹង​ខ្លួន​ឡើង កុំ​ចេះតែ​ច្រឡោត​។ គិត​ទៅ​មើល គ្រាន់តែ​កូ​វីដ​មនុ​ស្សងាប់ ក៏​ទៅ​ទិញ​ក្ដារ​មឈូស​ពី​គេ​ដែរ ខ្មែរ​ខ្វះ​ក្ដាម​ឈូស​ណាស់​។ យើង​ទិញ​បន្លែ ត្រី​សាច់​ពី​គេ ម្ដេច​យើង​មិនតូច​ចិត្ត​ផង មិន​ខឹង​ផង​? យើង​ទៅលេង​ស្រុក​គេ ទៅ​ព្យាបាល​ស្រុក​គេ ម្ដេចក៏​មិនតូច​ចិត្ត​ផង​? នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុខ ទូច​។​
 
​លោក សុខ ទូច ហាក់​មិនសូវមាន​ទុទ្ទិដ្ឋិនិយម​ខ្លាំងពេក​ទេ ចំពោះ​ករណី​សង្ស័យ​ថៃ​គ្រោង​ចម្លង​រចនាប័ទ្ម​ប្រាសាទខ្មែរ​នោះ ព្រោះ​លោក​ជឿថា សំណង់​បុរាណ​ដែលមាន​អាយុកាល​វែង និង​ជា​ស្នាដៃ​ដើម មានតម្លៃ​ជាង​ស្នាដៃ​ថ្មី​។ តែ​យ៉ាងណា​លោក សុខ ទូច សង្កត់ធ្ងន់ថា ថៃ​ដែលជា​ប្រទេស​ដែលមាន​ការរីកចម្រើន ជា​សមាជិក WTO , អង្គការ​យូណេស្កូ និង​អង្គការសហប្រជាជាតិ ក៏​គួរតែ​គិតពិចារណា​លើ​រឿងនេះ​ដែរ​។​
 
​ភ្ជាប់​ជាមួយគ្នានេះ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​បញ្ជាក់ថា គេ​ត្រូវមាន​ការសិក្សា​ផ្លូវច្បាប់ បន្ទាប់មក​ត្រូវ​សិក្សា​ស្រាវជ្រាវ​ថា បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​ផ្សេងៗ ដូចជា​អាណាចក្រ​រ៉ូ​ម៉ាំង ពីរ៉ាមីត អេ​ហ្សី​ប អាណាចក្រ​ក្រិច កំផែង​ចិន តើ​មានការ​ចម្លង​ឬទេ​? ប្រសិនបើ​មិនមាន​ទេ តើ​ហេតុអ្វី​ថៃ​ធ្វើ​បែប​នោះ​? ប៉ុន្តែ​បើ បេតិកភណ្ឌ​ពិភពលោក​ទាំងនោះ មានការ​ចម្លង​ដែរ នោះ​ខ្មែរ​ត្រូវ​ប្រៀបធៀប​ថា​ប្រាសាទ​ថៃ​ធ្វើ​នៅ​សតវត្សរ៍​ទី​២១ ហើយ​ប្រាសាទខ្មែរ​សង់​នៅ​សតវត្សរ៍​ទី​១២ នោះ​ខ្មែរ​មានអំណាច​ជាង​។ 
 
«​សតវត្សរ៍​ទី​២១​ហើយ ខ្មែរ​ត្រូវ​ពង្រឹង​ខ្លួនឯង​ឡើងវិញ តែ​យើង​រឹង គឺ​យើង​ខ្លាំង​។ សាំង​ហ្គា​ពួ ជា​ប្រទេស​តូច​តែមួយ តែ​ល្បី​លើ​ពិភពលោក​។ អ៊ីស្រាអែល ជា​ប្រទេស​តូច​ជាង​ខ្មែរ​ដល់​ទៅ​៣៧​ដង តែមាន​គេ​គោរព ស្រឡាញ់ គេ​ខ្លាច​។ អារ៉ាប់​ជា​ប្រទេស​យ៉ាង​ធំ ប៉ុន្តែ​ច្បាំង​មិន​ឈ្នះ​អ៊ីស្រាអែល​ផង​។ អ៊ីស្រាអែល​ទើបតែ​បង្កើត​ឆ្នាំ​១៩៦៤ ដូច្នេះ​យើង​កុំ​តូចចិត្ត តែ​ត្រូវ​ខំ​ឡើងវិញ​។ អ្នកណា​មិនដឹងថា​ប្រាសាទ​អង្គ​វត្ត​របស់​ខ្មែរ ចង់​អ្នកណា​ធ្វើ​ប៉ុន្មាន​ទៀត ក៏​របស់​ខ្មែរ​មិន​បាត់បង់​ដែរ សំខាន់​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ខ្លួនឯង​មាន​សមត្ថភាព​ឬ​អត់​»?៕ 
 
 
 
 
 

Tag:
 ប្រាសាទ​
  វប្បធម៌​
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com