ជាតិ
កូវីដ-១៩ បន្តរាលដាលខ្លាំង កោះកុង និងរតនគិរី សម្រេចបិទតំបន់ទេសចរណ៍បណ្តោះអាសន្ន
07, Jul 2021 , 4:26 pm        
រូបភាព
 កោះកុង រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
កោះកុង រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
ខេត្តរតនគិរី និងកោះកុង បានសម្រេចផ្អាកតំបន់ទេសចរណ៍ទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលបន្តនៃជំងឺកូវីដ-១៩ ខណៈខេត្តទាំង២នេះរកឃើញករណីឆ្លងកើនឡើងជាបន្តបន្ទាប់។ តំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ត្រូវបានម្ចាស់រមណីយដ្ឋាន និងសហគមន៍ស្ម័គ្រចិត្តផ្អាក ចំណែកខេត្តរតនគិរី គឺមន្ទីរទេសចរណ៍មិនទាន់ឱ្យបើកទទួលភ្ញៀវតែម្ដង។

 
ករណីវិជ្ជមានកូវីដ-១៩ បន្តកើនឡើងរាល់ថ្ងៃ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ ខេត្តកោះកុង និងរតនគិរី ក៏មានចំនួនអ្នកឆ្លងច្រើន គួរឱ្យកត់សម្គាល់ផងដែរ។ ជាមួយគ្នានេះដែរ ម្ចាស់រមណីយដ្ឋាន និងប្រធានសហគមន៍ទេសចរណ៍ទាំងអស់ក្នុងខេត្តកោះកុង បានស្ម័គ្រចិត្ត ផ្អាកការទទួលភ្ញៀវសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
 
បន្ថែមពីនេះ មន្ទីរទេសចរណ៍ខេត្តរតនគិរីក៏បានសម្រេចផ្អាក តំបន់ទេសចរណ៍ទាំងអស់ក្នុងខេត្ត រហូតជំងឺកូវីដ-១៩ ក្នុងនាតំបន់ឦសាន្តនេះមានការថមថយ ។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបញ្ជាក់យ៉ាងដូច្នេះថា៖  « យើងអត់បើកដំណើការទេ រងចាំមើល១អាទិត្យ ឬ២អាទិត្យទៀតសិន » ។


លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។ រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកោះកុង 

ដោយឡែកលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងថាមន្ទីរទេសចរណ៍ខេត្តកោះកុង មិនបានប្រកាសឱ្យមិនទទួលទេសចរទេ ប៉ុន្តែម្ចាស់រមណីយដ្ឋាន សម្រេចផ្អាកខ្លួនឯង។ 


លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ។ រូបភាពពីទំព័រហ្វេសមន្ទីរទេសចរណ៍ខេត្តរតនគិរី 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ « អ្នកតាមរមណីយដ្ឋានគាត់បិទបណ្ដោះអាសន្នដោយខ្លួនឯង ព្រោះគាត់បារម្ភពីកូវីដ-១៩ ។ ប្រជាជនតាមសហគមន៍ក៏គាត់អត់នាំភ្ញៀវដើរទៀតដែរ បើភ្ញៀវទៅលេងអាចដើរមើលខ្លួនឯង សហគមន៍អត់ជូនទេ។ ចំណែកសហគមន៍ពាមក្រសោប គឺបិទមិនទទួលភ្ញៀវតែម្ដង»។
 
សណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តកោះកុង មានអ្នកចូលស្នាក់នៅតិចតួច តែមិនមានជាភ្ញៀវទេសចរទេ គឺជាអ្នកធ្វើការតែប៉ុណ្ណោះ។ នេះបើតាមការបន្ថែមរបស់លោក ចាន់គ្រឹះស្នា ដោយបន្តអំពាវនាវឱ្យទេសចរ ទាំងអស់អនុវត្តវិធានសុវត្ថិភាព និងអនុវត្តវិធានការ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនពេលទៅលេងខេត្តកោះកុង។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៧ ១០៣នាក់ ក្នុងនោះ ៣ ៧៦០ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៨ ៩៧៤  នាក់ និងស្លាប់សរុប ៧៩៨នាក់។ កោះកុង និងរតនគិរី ក៏បានប្រកាសករណីឆ្លងប្រចាំថ្ងៃជាប្រចាំផងដែរ៕
 


រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តរតនគិរី


Tag:
 កោះកុង
  រតនគិរី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com