ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ស្ថាបនិក THE DomestiE៖ កុំរំពឹងបរទេសមកប្រើផលិតផលខ្មែរ បើយើងមិនគាំទ្រផលិតផលខ្លួនឯង
08, Jul 2021 , 8:59 am        
រូបភាព
លោក បន ប៊ុនឈាង ស្ថាបនិក THE DomestiE។
លោក បន ប៊ុនឈាង ស្ថាបនិក THE DomestiE។
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី 

ភ្នំពេញ៖ និស្សិតកម្ពុជាមួយក្រុមចាប់ដៃគ្នាបង្កើតគម្រោងស្ម័គ្រចិត្តមួយដែលមានឈ្មោះថា THE DomestiE ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកឲ្យប្រជាជនខ្មែរបានយល់ដឹង និងជំរុញឲ្យមាននិន្នាការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរទាំងនោះផង។


 
ស្ថាបនិកម្នាក់របស់ THE DomestiE លោក ប៊ន ប៊ុនឈាង បានរៀបរាប់ថា  ក្រុមរបស់លោកមានសមាជិកប្រមាណ ១០នាក់ ហើយគម្រោងរួមគ្នានេះផ្តោតលើការផ្សព្វផ្សាយតាមគេហទំព័រ តាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក និង តេលេក្រាម រួមទាំងការប្រើប្រាស់ទីផ្សារឌីជីថល និងកម្មវិធី (App) ផ្សេងទៀតផង។ 
 
ទាក់ទិននឹងមូលហេតុនៃការបង្កើតគម្រោងនេះ  លោក ប៊ុនឈាង រៀបរាប់ថា ថ្វីបើផលិតផលដែលក្នុងស្រុកបច្ចុប្បន្នមានលក្ខណៈសម្បូរបែបហើយក៏ដោយ បញ្ហាប្រឈមជាច្រើននៅតែមិនទាន់ត្រូវបានដោះស្រាយ។ បញ្ហាទីមួយគឺ ចំនួនអ្នកស្គាល់និងចាប់អារម្មណ៍ផលិតផលទាំងនោះនៅមានកម្រិតទាប។ ចំណែកបញ្ហាទីពីរគឺ   ការបញ្ជាទិញផលិតផលទាំងនោះនៅតែមានភាពលំបាកនៅឡើយ។
 
បើមិនមានដំណោះស្រាយពីបញ្ហាកង្វះខាតធនធាន និងតម្រូវការនេះទេ លោក ប៊ុនឈាង យល់ថា វានឹងនៅបន្តធ្វើឲ្យសហគ្រិនខ្មែរខ្លះបាត់បង់នូវឳកាស និងសក្តានុពលក្នុងការច្នៃប្រឌិតផលិតផលដែលមានគុណភាពខ្ពស់នៅពេលខាងមុខទៀត។
 
ដោយមានក្ដីស្រឡាញ់ផង និងមានបំណងចង់មានចំណែកជួយដល់សហគ្រិនខ្មែរផង ក្រុមការងាររបស់លោក ប៊ុនឈាង ខិតខំប្រឹងប្រែងដាក់ចេញគំនិតផ្តួចផ្តើមនេះឡើង ទោះជាក្រុមទាំងមូលមិនមានធនធានគ្រប់គ្រាន់ក៏ដោយ។
 
«យើងដឹងថាពេលខ្លះ គុណភាពផលិតផលយើងនៅមានកម្រិត ហើយតម្លៃហាក់ថ្លៃជាងផលិតផលនាំចូល ពីព្រោះម្ចាស់ផលិតផលខំប្រឹងធ្វើទៅហើយ តែមិនមានការគាំទ្រ ពួកគាត់នឹងប្រឈមកត្តាជីវភាព ដូចគ្នា។ ប៉ុន្តែ THE DomestiE នឹងព្យាយាមដោះស្រាយនូវបញ្ហាទាំងអស់នេះ»។  លោក ប៊ុនឈាង រៀបរាប់ដូច្នេះ។ 
 
ពេលសាកសួរថា ហេតុអ្វីក្រុមការងារសម្រេចដាក់ឈ្មោះបែបនេះ យុវជនរូបនេះឆ្លើយតបថា THE DomestiE ជាឈ្មោះមួយដែលបង្កើតឡើងដោយបូករួមជាមួយនឹងអត្ថន័យទៅតាមតួអក្សរ។ 
 
លោករៀបរាប់បន្ថែមថា THE សំដៅទៅលើ ភាពជឿជាក់ (Trust) ការជួយជ្រោមជ្រែង (Help) និងការពង្រីកផលិតផល (Expand)។ ចំណែក DomestiE គឺមកពីពាក្យ domestic ដែលសំដៅទៅលើ ផលិតផល និងការងារនៅក្នុងស្រុក។ ចំណែកឯ អក្សរ E ត្រូវបានជំនួស អក្សរ C ដើម្បីសំដៅលើ សេដ្ឋកិច្ចរបស់កម្ពុជា។
 
«គោលបំណងសំខាន់របស់យើងមួយទៀតគឺជួយសេដ្ឋកិច្ចជាតិ តាមរយៈការលើកស្ទួយផលិតផលខ្មែរ។ វាជួយបង្កើនផលិតកម្ម ឆ្លើយតបទៅកាន់តម្រូវការ និងទីផ្សារ ដែលនេះជាការជួយជំរុញ សេដ្ឋកិច្ចជាតិបានមួយផ្នែក»។ លោក ប៊ុនឈាង អះអាងបែបនេះ។ 
 
បង្កើតមាតិកាជួយផ្សព្វផ្សាយនិងប្តូរផ្នត់គំនិតប្រជាជនចំពោះផលិតផលក្នុងស្រុក

ក្នុងនាមជាស្ថាបនិក លោក ប៊ុនឈាង ជឿជាក់ថា THE DomestiE អាចមានចំណែកសំខាន់ក្នុងការចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានាចំពោះផលិតផលក្នុងស្រុកបាន។ 
«អ្វីដែល THE DomestiE ព្យាយាមធ្វើនោះគឺបង្កើតទំនុកចិត្ត ជួយទៅដល់សហគ្រិន ពង្រីកទីផ្សារផលិតផលខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសបង្កើនតម្រូវការតែម្តង»។ នេះជាការលើកឡើងរបស់លោក ប៊ុន ឈាង។
 
បើតាមស្ថាបនិក THE DomestiE ខាងលើ គម្រោងរបស់លោក មិនមែនត្រឹមតែជួយជំរុញការផ្សព្វផ្សាយទេ តែសកម្មភាពរបស់ខ្លួនក៏ផ្តោតលើការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋឱ្យមានការជឿជាក់ និងមានមោទកភាពទៅលើផលិតផលជាតិរបស់ខ្លួនដែរ។ THE DomestiE ជាមានតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ឲ្យកាន់តែជិតស្និតគ្នាថែមទៀត។ 
 
«យើងមិនអាចរំពឹងឱ្យបរទេសមកទុកចិត្ត ឬគាំទ្រផលិតផលខ្មែរបានទេ ដរាបណាយើងជាជនជាតិខ្មែរខ្លួនឯងមិនទុកចិត្ត និងចូលរួមប្រើប្រាស់ផលិតផលខ្មែរ និងមិនមានមោទកភាពចំពោះផលិតផលជាតិ»។ លោក ប៊ុនឈាង សង្កត់ធ្ងន់ដូច្នេះ។
 
បើតាមស្ថាបនិករូបនេះ THE DomestiE ត្រូវបានបង្កើតឡើងក្នុងខែមីនា និងមានទំព័រហ្វេសប៊ុកផ្លូវការក្នុងខែមិថុនា ហើយមាតិកាសំខាន់ជាច្រើនពាក់ព័ន្ធនឹងផលិតផលក្នុងស្រុកត្រូវបានបង្កើតឡើងក្នុងគោលដៅនាំឲ្យសាធារណៈជនបានយល់ដឹងពីផលិតផលទាំងនោះផងដែរ។ 
 
ក្នុងចំណោមមាតិកាទាំងនោះ វារួមមានកិច្ចពិភាក្សា «THE DomestiE Talk» ដែលក្នុងកម្មវិធីនេះមានវត្តមាននិស្សិតសិក្សាមុខជំនាញផ្សេងៗគ្នាចែករម្លែកបទពិសោធន៍ និងការយល់ឃើញអំពីផលិតផលខ្មែរ។ មួយទៀតគឺ កម្មវិធី «Did You Know? » ដែលរៀបចំឡើងក្នុងគោលដៅផ្សព្វផ្សាយ ចំណេះដឹងទូទៅខ្លីៗទាក់ទងនឹងផលិតផលក្នុងស្រុក និង កម្មវិធី «បីនាទីអំពីបទពិសោធន៍ក្នុងការប្រើប្រាស់ផលិតផលខ្មែរ» ថែមទៀត។
 
ក្រៅពីមាតាខាងលើ លោក ប៊ុនឈាង រៀបរាប់ថា THE DomestiE បច្ចុប្បន្នក៏កំពុង អភិវឌ្ឍគេហទំព័រផ្លូវការរបស់ខ្លួនដែរ ដោយគេហទំព័រនោះនឹងត្រូវប្រើប្រាស់សម្រាប់ដាក់លក់ផលិតផលខ្មែរ។ លោកសង្ឃឹមថា ក្រុមការងារលោកនឹងអាចដាក់ដំណើរការគេហទំព័រនោះជាផ្លូវការក្នុងខែសីហាខាងមុខនេះ។
 
ជុំវិញផលិតផលដែលត្រូវដាក់តាំងលក់ លោក ប៊ុនឈាង រំពឹងថា ផលិតផលខ្មែរប្រហែលដល់ ១០០០មុខឯណោះអាចនឹងមានវត្តមានក្នុងជំហានដំបូង ។ បើសិនជោគជ័យ THE DomestiE នឹងបន្តធ្វើការជាមួយរដ្ឋាភិបាល និងអង្គការដទៃទៀតដើម្បីបង្កើតនូវកម្មវិធីផ្សេងៗទៀតដែលបម្រើដល់ប្រយោជន៍សហគ្រិនក្នុងស្រុកផងដែរ។ 
 
វិនិយោគពេលវេលា និងធនធានផ្ទាល់ខ្លួនក្នុងបុព្វហេតុលើកស្ទួយផលិតផលខ្មែរ

មកដល់បច្ចុប្បន្ន គម្រោង THE DomestiE ដំណើរការបានរយៈពេលប្រមាណបួនខែហើយ។ ជាធម្មតា ដូចគម្រោងដទៃ THE DomestiE ក៏ជួបបញ្ហាប្រឈមមួយចំនួនដែរ។ បើតាមការដឹងពីសំណាក់ លោក ប៊ុនឈាង។ 
 
បញ្ហាទាំងនោះមានដូចជា ការខកខានមិនបានជួបគ្នាដោយផ្ទាល់ដោយសារកូវីត-១៩ ដែលបញ្ហានេះធ្វើឱ្យសមាជិកនីមួយៗមិនទាន់អាចយល់ចិត្តគ្នាខ្លាំងនៅឡើយ។ មួយវិញទៀតគឺ ពេលវេលាដែលសមាជិកម្នាក់ៗមានក្នុងការវិនិយោគក្នុងគម្រោង។ នេះក៏ដោយសមាជិកម្នាក់ៗសុទ្ធតែរវល់ច្រើនរៀងៗខ្លួន ប៉ុន្តែប្រឹងព្យាយាមដើម្បីសម្រេចគោលដៅរួម។ ចុងក្រោយគឺកង្វះខាតបច្ចេសទេស និងធនធានដោយសារសមាជិកទាំងអស់សុទ្ធសឹងតែជានិស្សិតកំពុងសិក្សា និង មិនទាន់មានបទពិសោធន៍ក្រាស់ក្រែលនៅឡើយទេក្នុងគ្រប់គ្រងកិច្ចការងារធំៗដូច្នេះ។
 
ជុំវិញបញ្ហាធនធាន លោក ប៊ុនឈាង ទទួលស្គាល់ថា THE DomestiE សព្វថ្ងៃកំពុងដំណើរការដោយមិនទាន់មានការចូលរួមឧបត្ថម្ភ និងគាំទ្រពីដៃគូណាមួយនៅឡើយទេ។ សកម្មភាពទាំងអម្បាលម៉ានរបស់ក្រុមការងារគឺត្រូវពឹងផ្អែកលើធនធាន និងពេលវេលាផ្ទាល់ខ្លួនរបស់សមាជិកគ្រប់រូប។ 
យ៉ាងណាមិញ លោក ប៊ុនឈាង បានកត់សម្គាល់ ថា ម្ចាស់អាជីវកម្ម និងសហគ្រិនមួយចំនួនចាប់ផ្តើមមើលឃើញពីសារសំខាន់នៃសកម្មភាពរបស់ក្រុមងារលោក និងចង់ចូលរួមគាំទ្រផងដែរ។
 
«មែនទែនទៅយើងប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងពេលវេលា។ យើងមិនមានដៃគូគាំទ្រទេ ប៉ុន្តែពេលដែលព្យាយាមទាក់ទងទៅម្ចាស់ផលិតផលផ្សេងៗ គាត់សប្បាយចិត្តហើយរំភើបដែលគាត់គិតថាគាត់អ្នកផលិតហើយ ប៉ុន្តែគាត់អត់មានថវិកាឬពេលវេលាដើម្បីធ្វើទីផ្សារ។ លើសពីនេះ វាក៏មានសហគ្រិន ជាម្ចាស់អាជីវកម្មមួយចំនួនគាត់បង្ហាញឆន្ទៈក្នុងការចូលរួមសកម្មភាពផ្សេងៗជាមួយយើងដែរ»។ លោក ប៊ុនឈាង រៀបរាប់យ៉ាងនេះ។ 
 
បញ្ហាលំបាកទំនេះមិនមែនជាបញ្ហាចោទសម្រាប់ក្រុមទេ ហើយសមាជិកទាំងអស់ក៏មានសុទិដ្ឋិនិយមខ្ពស់សម្រាប់ការបន្តរួមចំណែកលើកស្ទួយផលិតផលខ្មែរ និងទ្រទ្រង់សហគ្រិនក្នុងស្រុកឲ្យបន្តលូតលាស់ទៅមុខដែរ។
 
ដូច្នេះហើយ សមាជិក THE DomestiE ក៏មានចក្ខុវិស័យច្រើនដែរសម្រាប់ពេលអនាគតដើម្បីឲ្យគម្រោងនេះមានលទ្ធភាពអាចសម្រេចគោលដៅរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមគោលដៅទាំងនោះគឺការជួយ ឲ្យផលិតផលខ្មែរមានឈ្មោះបោះសំឡេងលើទីផ្សារអន្តរជាតិផង។ 
 
«ក្នុងរយៈពេលពីរឆ្នាំ យើងនឹងព្យាយាមឱ្យមានការទទួលស្គាល់ការងាររបស់ពួកយើង។ ក្នុងរយៈពេលប្រាំឆ្នាំ យើងរំពឹងថា នឹងក្លាយជាគេហទំព័រធំមួយសម្រាប់ការទិញដូរផលិតផលខ្មែរ និងមានកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែររាប់ម៉ឺនមុខផង។ សម្រាប់រយៈពេល ១០ឆ្នាំ យើងរំពឹងថា ផលិតផលទាំងនេះនឹងអាចមានវត្តមានលើទីផ្សារបរទេស»។ លោក ប៊ុនឈាង រៀបរាប់ដូច្នេះ។ 
 
លោក ប៊ុនឈាង បន្តថា លោកចង់ឃើញ យុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលរួមគាំទ្ររាល់ផលិតផលខ្មែរតាមលទ្ធភាព បើសិនគុណភាព និងតម្លៃនៃផលិតផលនោះអាចទទួលយកបាន។ សម្រាប់ រូបលោកផ្ទាល់ ការដាក់លក់ផលិតខ្មែរ ហើយមានការគាំទ្រច្រើនពីប្រជាជនខ្មែរគ្រប់រូបគឺជាមោទកភាពមួយដ៏ធំសម្រាប់ប្រទេសកម្ពុជាទាំងមូល៕

© រក្សាសិទ្ធិដោយ thmeythmey.com